កូរ៉េខាងជើង ប្តេជ្ញា រក្សាអាវុធនុយក្លេអ៊ែរជារៀងរហូត

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានប្តេជ្ញាថា ប្រទេសរបស់ខ្លួន នឹងរក្សាអាវុធនុយក្លេអ៊ែរជារៀងរហូត ដោយច្រានចោល ការអំពាវនាវជាថ្មីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលចង់ឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ។
ទីក្រុងព្យុងយ៉ាងកន្លងមក បានតម្កល់ឋានៈជារដ្ឋមានអាវុធនុយក្លេអ៊ែរទៅក្នុងច្បាប់កំពូលរបស់ខ្លួន ហើយថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើង បានបញ្ជាក់ម្តងហើយម្តងទៀតថា អាវុធនុយក្លេអ៊ែររបស់ខ្លួនគឺជាអចិន្ត្រៃយ៍ និងមិនអាចត្រឡប់ថយក្រោយវិញដាច់ខាត។ ការលើកឡើងដូចខាងលើរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង គឺធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា លោកចង់បញ្ឈប់ការពង្រីកសមត្ថភាពបន្ថែមទៀត នៃអាវុធរបស់ទីក្រុងព្យុងយ៉ាង ហើយនៅទីបំផុតសម្រេចឱ្យបាននូវឧបទ្វីបកូរ៉េមួយដែល «គ្មានអាវុធនុយក្លេអ៊ែរ»។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយ យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀត ដោយសំឡេងយ៉ាងម៉ឺងម៉ាត់បំផុត អំពីឆន្ទៈដ៏មុតមាំនៃរដ្ឋរបស់យើង ក្នុងការរក្សាអាវុធនុយក្លេអ៊ែរជារៀងរហូត»។
លោកស្រីបានបន្ថែមថា ឋានៈជាប្រទេសមានអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង «មិនអាចត្រឡប់ក្រោយឡើយ ទោះក្នុងករណីណាក៏ដោយ ហើយនឹងមិនផ្លាស់ប្តូរជារៀងរហូត»។ លោកស្រី Choe បានសង្កត់ធ្ងន់ថា ឋានៈជារដ្ឋមានអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺឋិតថេរជានិរន្តរ ដោយមិនខ្វល់ថាកម្លាំងដែលកូរ៉េខាងជើងចាត់ទុកជាសត្រូវ ខំប្រឹងនិយាយបែបណាក៏ដោយ។
នៅអង្គការសហប្រជាជាតិ លោក Lee ដែលបានព្យាយាមជាបន្តបន្ទាប់ ដើម្បីស្តារកិច្ចសន្ទនាជាមួយកូរ៉េខាងជើងឡើងវិញ ក៏បាននិយាយថា កូរ៉េខាងត្បូងនឹងបង្កើតមូលដ្ឋាន សម្រាប់ការចាប់ផ្តើមកិច្ចសន្ទនាដែលបានជាប់គាំងជាយូរមកហើយ រវាងក្រុងព្យុងយ៉ាងនិងក្រុងវ៉ាស៊ីនតោនឡើងវិញ។
លោកប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយកាលពីសប្តាហ៍មុនថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ពិតជាចង់បានកិច្ចសន្ទនា ជាមួយទីក្រុងព្យុងយ៉ាង។ លោក ត្រាំ ដែលធ្លាប់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចំនួន ៣លើក កាលពីអំឡុងអាណត្តិទីមួយរបស់លោក បាននិយាយកាលពីខែមុនថា លោកមានផែនការជួបលោក គីម នៅចុងឆ្នាំនេះ។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ត្រូវបានរំពឹងថា នឹងឡើងថ្លែងសុន្ទរកថា នៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយ៕

...

រូប​ថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print