សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ អ៉ីរ៉ង់បានព្រមានថា សង្គ្រាមដែលកំពុងបន្តនៅតំបន់មជ្ឈិមបូព៌ា អាចនឹងរាលដាលដល់តំបន់មហាសមុទ្រឥណ្ឌា ប្រសិនបើប្រទេសខ្លួន ទទួលរងការវាយប្រហារជាថ្មីដោយសហរដ្ឋអាមេរិក ឬអ៉ីស្រាអែល។
ដោយស្រង់ប្រភពពីទីភ្នាក់ងារព័ត៌មាន Fars របស់អ៉ីរ៉ង់ AFP បានរាយការណ៍ថា លោក Yahya Rahim Safavi ដែលមានតួនាទីជាទីប្រឹក្សារបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Mojtaba Khamenei បាននិយាយថា វាមានលទ្ធភាពអាចទៅរួច ដែលសមរភូមិសង្គ្រាមអាចពង្រីកកាន់តែឆ្ងាយ រហូតដល់មហាសមុទ្រឥណ្ឌា។
លោក Safavi បាននិយាយនៅក្នុងសារជាវីដេអូមួយ ដូច្នេះថា «ដោយសារជម្លោះបានរាលដាលរួចជាស្រេច ពីឈូងសមុទ្រពែក្ស និងច្រកសមុទ្រ Hormuz ទៅកាន់តំបន់សមុទ្រក្រហម វាអាចទៅរួចដែលថា ក្នុងការឆ្លើយតបចំពោះការបង្កសង្គ្រាមបន្ថែមទៀត សមរភូមិនឹងត្រូវពង្រីកកាន់តែឆ្ងាយ រហូតដល់មហាសមុទ្រឥណ្ឌា និងប្រហែលហួសពីនេះទៀតក៏ថាបាន»។
គួរបញ្ជាក់ថា កាលពីខែមីនា ពោលគឺបន្ទាប់ពីអាមេរិក បានរួមដៃជាមួយអ៉ីស្រាអែល បំផ្ទុះសង្រ្គាមប្រឆាំងប្រទេសអ៉ីរ៉ង់ នៅចុងខែកុម្ភៈ ឆ្នាំនេះ យោធាអាមេរិក បានបាញ់ពន្លិចនាវាចម្បាំងអ៉ីរ៉ង់ ១គ្រឿង ឈ្មោះ IRIS Dena នៅក្បែរឆ្នេរសមុទ្រនៃប្រទេសស្រីលង្កា។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters នាវានោះបានលិចនៅរយៈចម្ងាយប្រហែល ៣៥គីឡូម៉ែត្រប៉ុណ្ណោះ ពីទីក្រុង Galle ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ របស់ស្រីលង្កា៕

រូបថត: Reuters









