កូរ៉េខាងជើងកំពុងឆ្ពោះទៅរកជើងឯក World Cup នារីអាយុក្រោម ២០ឆ្នាំ ជាលើកទី៤

ចែករំលែក៖

ក្រុមជម្រើសជាតិនារីកូរ៉េខាងជើង ធ្លាប់ទទួលបានលទ្ធផលល្អបំផុតត្រឹមវគ្គ ៨ក្រុមចុងក្រោយនៅក្នុង Women’s World Cup កម្រិតឈុតធំកាលពីឆ្នាំ២០០៧។ ប៉ុន្តែនៅកម្រិតយុវជន ពួកគេបានក្លាយជាកម្លាំងលេចធ្លោអស់រយៈពេលជាង ២ទសវត្សរ៍មកហើយ ហើយនៅថ្ងៃអាទិត្យនេះ ពួកគេនឹងត្រូវប្រកួតជាមួយអេស្ប៉ាញ ដើម្បីប្រជែងយកជើងឯក World Cup នារីអាយុក្រោម ២០ឆ្នាំ ជាលើកទី៤។

 

ជ័យជម្នះ ៣-០ លើកូឡុំប៊ី នៅកីឡដ្ឋាន Stadion Miejski LKS ក្នុងទីក្រុង Lodz ប្រទេសប៉ូឡូញ កាលពីថ្ងៃពុធ បានជួយឱ្យកូរ៉េខាងជើងបន្តដំណើរឆ្ពោះទៅការការពារជើងឯក ដែលពួកគេបានឈ្នះនៅប្រទេសកូឡុំប៊ីកាលពី ២ឆ្នាំមុន។

 

កូរ៉េខាងជើងបានខកខានការប្រកួតឆ្នាំ២០២២ ដោយសារបន្តគោលនយោបាយបិទខ្លួនក្នុងអំឡុងការរាតត្បាតជំងឺ COVID-19 ខណៈការប្រកួតឆ្នាំ២០២០ ត្រូវបានលុបចោលដោយសារជំងឺរាតត្បាត។ ដូច្នេះ ប្រសិនបើគិតពីការបរាជ័យចុងក្រោយរបស់ពួកគេនៅ Women’s Under-20 World Cup គឺត្រូវត្រឡប់ទៅកាលពី ៨ឆ្នាំមុន។

 

ការបរាជ័យ ០-១ ទល់នឹងម្ចាស់ផ្ទះបារាំង ក្នុងវគ្គ ៨ក្រុមចុងក្រោយឆ្នាំ២០១៨ បានបញ្ចប់ដំណើរការការពារជើងឯកលើកទី២របស់កូរ៉េខាងជើង។ ប៉ុន្តែពួកគេមិនបានជួបឧបសគ្គធំដុំនៅប្រទេសប៉ូឡូញក្នុងខែនេះឡើយ ដោយបានឈានដល់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីស៊ុតបញ្ចូលទីបាន ១៦គ្រាប់ក្នុង ៦ប្រកួត ហើយមិនទាន់របូតគ្រាប់បាល់សូម្បីតែ ១គ្រាប់។

 

ខ្សែបម្រើ Choe Rim-jong ដែលបានស៊ុតបញ្ចូលទីគ្រាប់ទី២ក្នុងជ័យជម្នះលើកូឡុំប៊ី កាលពីថ្ងៃពុធ បានប្រាប់ FIFA.com ថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ប៉ុន្តែទោះបីខ្ញុំសប្បាយចិត្តចំពោះជ័យជម្នះនៅថ្ងៃនេះក៏ដោយ គោលដៅរបស់យើងគឺឈ្នះ World Cup។»

 

មហិច្ឆតានេះគឺអាចយល់បាន ដោយសារប្រវត្តិដ៏លេចធ្លោរបស់កូរ៉េខាងជើងក្នុងការប្រកួតនេះ។ ពួកគេបានឈ្នះជើងឯកជាលើកដំបូងនៅឆ្នាំ២០០៦ ក្នុងការបង្ហាញខ្លួនជាលើកដំបូង ដោយលត់ប្រទេសចិន ៥-០ នៅវគ្គផ្តាច់ព្រ័ត្រ។

 

ប្រសិនបើកូរ៉េខាងជើងអាចយកឈ្នះ អេស្ប៉ាញ ដែលជាជើងឯកឆ្នាំ២០២២ នៅទីក្រុង Lodz នៅថ្ងៃអាទិត្យ ពួកគេនឹងក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលអាចឈ្នះជើងឯក Under-20 World Cup ២លើកជាប់គ្នា។

 

កូរ៉េខាងជើងក៏បានឈ្នះជើងឯក Under-17 Women’s World Cup ចំនួន ៤លើក ក្នុងចំណោមការរៀបចំ ៩លើក ហើយពួកគេនឹងស្វែងរកការឈ្នះជើងឯកជាលើកទី៣ជាប់គ្នា នៅប្រទេសម៉ារ៉ុកក្នុងខែក្រោយ។

 

ភាពជោគជ័យនេះបានធានាឱ្យមានការបន្តផ្គត់ផ្គង់កីឡាករមានទេពកោសល្យចូលក្នុងក្រុម Under-20 ជាប្រចាំ។ កីឡាករភាគច្រើនក្នុងបញ្ជីក្រុមដែលចូលរួមការប្រកួតនៅប្រទេសប៉ូឡូញ គឺជាអ្នកដែលបានជួយកូរ៉េខាងជើងឈ្នះជើងឯក Under-17 World Cup ឆ្នាំ២០២៤។

 

ក្នុងចំណោមនោះ មានខ្សែបម្រើប្រយុទ្ធ Jon Il-chong ដែលការលេងបង្កើតឱកាស និងការរៀបចំការវាយសម្រុករបស់នាង បានដើរតួនាទីសំខាន់ម្តងទៀតក្នុងជ័យជម្នះលើកូឡុំប៊ីកាលពីថ្ងៃពុធ។

 

ការរីកចម្រើនជាបន្តបន្ទាប់របស់កីឡាករវ័យក្មេងទាំងនេះ ក៏ផ្តល់សញ្ញាវិជ្ជមានសម្រាប់ក្រុមជម្រើសជាតិនារីកូរ៉េខាងជើងឈុតធំផងដែរ។ ក្រុមនេះនឹងបញ្ចប់ការខកខាន Women’s World Cup នៅឆ្នាំក្រោយ បន្ទាប់ពីអវត្តមានអស់រយៈពេល ១៦ឆ្នាំ ដោយសារការពិន័យពាក់ព័ន្ធនឹងសារធាតុហាមឃាត់ លទ្ធផលមិនសូវល្អ និងការរាតត្បាតជំងឺសកល។

...

 

គ្រូបង្វឹកក្រុម Under-20 កូរ៉េខាងជើង Han Chol-hak បាននិយាយបន្ទាប់ពី Jon Il-chong ទទួលបានពានកីឡាករឆ្នើមប្រចាំការប្រកួត ក្នុងជ័យជម្នះលើជប៉ុននៅវគ្គ ១៦ក្រុមចុងក្រោយថា៖ «ខ្ញុំគិតថា កីឡាកររបស់យើងអាចលេងនៅ Women’s World Cup កម្រិតឈុតធំបាននាពេលអនាគត៕»

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print