Bellingham បំបែកកំណត់ត្រា និងឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់អង់គ្លេស

ចែករំលែក៖

Jude Bellingham ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្រុមជម្រើសជាតិអង់គ្លេសផ្នែកបុរស សម្រាប់រដូវកាលទីពីរជាប់ៗគ្នា បន្ទាប់ពីបង្ហាញទម្រង់លេងលេចធ្លោក្នុងយុទ្ធនាការមួយ ដែលរូបគេស៊ុតបញ្ចូលទីបានចំនួន ៧ គ្រាប់ ដែលជាកំណត់ត្រាថ្មីនៅ World Cup ឆ្នាំ២០២៦។ នេះបើតាមការប្រកាសរបស់សមាគមបាល់ទាត់អង់គ្លេស (FA) កាលពីថ្ងៃសុក្រ។

 

ខ្សែបម្រើរបស់ក្លិប Real Madrid វ័យ ២៣ ឆ្នាំរូបនេះ បានបង្កើតកំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេរបស់កីឡាករអង់គ្លេសផ្នែកបុរស ក្នុងព្រឹត្តិការណ៍បាល់ទាត់ធំៗមួយ ដោយជួយឱ្យក្រុម «តោទាំងបី» ទទួលបានចំណាត់ថ្នាក់លេខ៣ នៅ World Cup ដែលជាលទ្ធផលល្អបំផុតរបស់អង់គ្លេសក្នុងព្រឹត្តិការណ៍នេះ ចាប់តាំងពីឆ្នាំ១៩៦៦ មក។

 

Bellingham បាននិយាយថា៖ «វាពិតជាអស្ចារ្យណាស់។ វាជាកិត្តិយសដ៏ធំធេងដែលទទួលបានការទទួលស្គាល់ពីអ្នកគាំទ្រម្តងទៀត។ នៅពេលអ្នកកំពុងលេងឱ្យក្រុមជម្រើសជាតិ អ្នកមិនបានគិតដល់រឿងនេះទេ ប៉ុន្តែវាពិតជាការបន្ថែមដ៏ល្អមួយទៅលើយុទ្ធនាការរដូវក្តៅដ៏អស្ចារ្យដែលយើងបានឆ្លងកាត់ ព្រមទាំងជាកិត្តិយសដែលបានលេងឱ្យប្រទេសរបស់ខ្ញុំ»។

 

ពានរង្វាន់នេះត្រូវបានសម្រេចតាមរយៈការបោះឆ្នោតរបស់អ្នកគាំទ្រនៅលើកម្មវិធីទូរស័ព្ទផ្លូវការរបស់ក្រុមជម្រើសជាតិអង់គ្លេស។

 

គ្រាប់បាល់ទាំង ៧ គ្រាប់របស់ Bellingham នៅ World Cup រួមមានការស៊ុតបាន ២ គ្រាប់ក្នុងជ័យជម្នះដ៏រំភើបរបស់អង់គ្លេសលើម៉ិកស៊ិក នៅវគ្គ ១៦ ក្រុមចុងក្រោយ ក្នុងកីឡដ្ឋាន Azteca និងការស៊ុតបាន ២ គ្រាប់ទៀតក្នុងជ័យជម្នះលើន័រវែស នៅវគ្គ ៨ ក្រុមចុងក្រោយ ក្នុងទីក្រុង Miami។

 

រូបគេក៏បានក្លាយជាកីឡាករអឺរ៉ុបវ័យក្មេងបំផុតដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ធំៗចំនួន ៤ លើកផងដែរ។

 

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Thomas Tuchel បានសរសើរ Bellingham ថាជា «កីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមបំផុតនៃការប្រកួត មិនត្រឹមតែសម្រាប់ក្រុមយើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ព្រឹត្តិការណ៍ទាំងមូល»។

 

លោក Tuchel បានបន្ថែមថា៖ «គេបានបង្ហាញសមត្ថភាពពេញលេញរបស់ខ្លួន។ អ្នកអាចមើលឃើញយ៉ាងច្បាស់ថា គេជាកីឡាករដែលមានស្មារតីប្រកួតប្រជែងខ្ពស់ និងមានកម្លាំងខ្លាំងប៉ុណ្ណា។ គេកាន់តែបង្ហាញសមត្ថភាពនៅពេលស្ថិតក្រោមសម្ពាធ គេចូលចិត្តពេលវេលាបែបនេះ និងចូលចិត្តឆាកប្រកួតធំៗ។ វាជាអ្វីដែលធ្វើឱ្យគេបញ្ចេញសមត្ថភាពល្អបំផុតរបស់ខ្លួន»។

 

ចំណែកប្រធានក្រុម Harry Kane បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់អង់គ្លេស សម្រាប់រដូវកាលទី៧ ជាប់ៗគ្នា បន្ទាប់ពីរកបាន ១២ គ្រាប់ក្នុងការប្រកួតគ្រប់កម្មវិធីរបស់ក្រុមជម្រើសជាតិ ដែលស្មើនឹងកំណត់ត្រាល្អបំផុតរបស់រូបគេសម្រាប់អង់គ្លេស។

...

 

Kane បានចាត់ទុកសមិទ្ធផលនេះថាជា «ការបង្ហាញពីភាពស្ថិតស្ថេរនៃទម្រង់លេង» ហើយបានថ្លែងអំណរគុណដល់មិត្តរួមក្រុម និងគ្រូបង្វឹក ដែលបានគាំទ្ររូបគេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print