លោកយាយជនជាតិកូរ៉េខាងត្បូងវ័យ ១០០ ឆ្នាំ នៅតែទៅធ្វើការរាល់ថ្ងៃ ដើម្បីលក់ធានារ៉ាប់រង

ចែករំលែក៖

ភ្នាក់ងារធានារ៉ាប់រងម្នាក់នៅប្រទេសកូរ៉េខាងត្បូង ដែលមានអាយុ ១០០ ឆ្នាំ នៅតែទៅបំពេញការងារនៅការិយាល័យសាខាជារៀងរាល់ថ្ងៃ និងចុះកិច្ចសន្យាថ្មីៗជាមួយអតិថិជន បន្ទាប់ពីបានចូលបម្រើការងារនៅក្រុមហ៊ុនអស់រយៈពេល ៤៣ ឆ្នាំ។

 

លោកស្រី Kim Sook-ja បានចូលធ្វើការនៅក្រុមហ៊ុនដែលបច្ចុប្បន្នមានឈ្មោះថា Hanwha General Insurance ក្នុងឆ្នាំ១៩៨៣ នៅពេលលោកស្រីមានអាយុជិត ៦០ ឆ្នាំ។ យោងតាមសារព័ត៌មាន Yonhap News Agency លោកស្រីនៅតែជួបអតិថិជនដោយផ្ទាល់ ហើយជាភ្នាក់ងារធានារ៉ាប់រងដែលមានវ័យចំណាស់ជាងគេក្នុងចំណោមភ្នាក់ងារដែលកំពុងបំពេញការងាររបស់ក្រុមហ៊ុន។

 

សារព័ត៌មាន Korea Economic TV បានរាយការណ៍ថា លោកស្រី Kim រស់នៅក្នុងទីក្រុង Suwon ភាគខាងត្បូងទីក្រុងសេអ៊ូល ហើយធ្វើដំណើរតាមរថភ្លើងក្រោមដីទៅកាន់រដ្ឋធានីជារៀងរាល់ថ្ងៃ។

 

ក្រុមហ៊ុន Hanwha General Insurance បានឱ្យដឹងកាលពីថ្ងៃទី២២ ខែកញ្ញាថា ខ្លួនបានរៀបចំពិធីគោរពកិត្តិយសលោកស្រី Kim ក្រោមចំណងជើង «100-Year Legacy FP» នៅអគារ 63 Square ក្នុងតំបន់ Yeouido នៃទីក្រុងសេអ៊ូល។ នាយកប្រតិបត្តិក្រុមហ៊ុន លោក Na Chae-beom ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត និងកូនៗរបស់លោកស្រី ក៏បានចូលរួមក្នុងពិធីនេះផងដែរ។

 

FP ជាអក្សរកាត់នៃពាក្យ Financial Planner ដែលមានន័យថា អ្នករៀបចំផែនការហិរញ្ញវត្ថុ។ នេះជាពាក្យដែលក្រុមហ៊ុន Hanwha ប្រើសម្រាប់ហៅភ្នាក់ងារធានារ៉ាប់រងរបស់ខ្លួន។

 

កន្លងមក លោកស្រី Kim ក៏ធ្លាប់ទទួលបានពានរង្វាន់ពីក្រុមហ៊ុន សម្រាប់ការបម្រើការងាររយៈពេលយូរ ក្នុងឱកាសគម្រប់អាយុការងារ ២០ ឆ្នាំ ៣០ ឆ្នាំ និង ៤០ ឆ្នាំផងដែរ។

 

យោងតាមទិន្នន័យរបស់សេវាត្រួតពិនិត្យហិរញ្ញវត្ថុកូរ៉េខាងត្បូង ដែលបានចេញផ្សាយកាលពីខែមេសា ក្នុងឆ្នាំ២០២៥ មានភ្នាក់ងារធានារ៉ាប់រងថ្មីដែលបានចុះឈ្មោះធ្វើការផ្ទាល់ជាមួយក្រុមហ៊ុនធានារ៉ាប់រង ត្រឹមតែ ៥១.៤% ប៉ុណ្ណោះ ដែលនៅតែបន្តលក់ធានារ៉ាប់រងក្រោយរយៈពេលមួយឆ្នាំ។

 

លោកស្រី Kim បានបង្កើត និងចិញ្ចឹមបីបាច់គ្រួសារ ស្របពេលបន្តបំពេញការងារ។ កូនៗរបស់លោកស្រីបច្ចុប្បន្នធ្វើការក្នុងវិស័យអប់រំ និងហិរញ្ញវត្ថុ ខណៈចៅៗរបស់លោកស្រីមួយចំនួនបានក្លាយជាអ្នកស្រាវជ្រាវ។ នេះបើតាមសារព័ត៌មាន Money Today។

...

 

លោកស្រី Kim បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលក្រុមហ៊ុនបានផ្សព្វផ្សាយថា៖ «មុនពេលខ្ញុំដឹងខ្លួន ពេលវេលា ៤៣ ឆ្នាំបានកន្លងផុតទៅជាមួយអតិថិជនរបស់ Hanwha General Insurance។ ខ្ញុំមិនអាចសប្បាយចិត្តជាងនេះទៀតទេ ដែលក្រុមហ៊ុន និងក្រុមគ្រួសាររបស់ខ្ញុំបានទទួលស្គាល់ដំណើរជីវិតការងារនេះថា ជាកេរដំណែលដ៏មានតម្លៃមួយ»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print