កីឡាករហែលទឹកចិនវ័យ ១៩ ឆ្នាំ ក្លាយជាអ្នកដំបូងដែលឈ្នះមេដាយមាស ៧ គ្រឿង ក្នុង Asian Games តែមួយ

ចែករំលែក៖

កីឡាករហែលទឹកវ័យក្មេងរបស់ចិន Zhang Zhanshuo បានឈ្នះមេដាយមាសក្នុងវិញ្ញាសាហែលទឹកជាលើកទី៧ ដែលជាកំណត់ត្រាថ្មីក្នុងព្រឹត្តិការណ៍ Asian Games កាលពីថ្ងៃសុក្រ។ រូបគេបាននិយាយថា សមិទ្ធផលនេះគឺជា «ការបញ្ចប់ដ៏ល្អឥតខ្ចោះ» សម្រាប់ការប្រកួតរយៈពេលមួយសប្តាហ៍របស់ខ្លួននៅទីក្រុងតូក្យូ។

 

កីឡាករវ័យ ១៩ ឆ្នាំរូបនេះ បានបញ្ចប់យុទ្ធនាការប្រកួតដ៏អស្ចារ្យរបស់ខ្លួន ដោយឈ្នះមេដាយមាសក្នុងវិញ្ញាសាហែលសេរីចម្ងាយ ៤០០ ម៉ែត្រ ជាមួយថិរវេលា ៣ នាទី ៤១.២៨ វិនាទី ដែលជាកំណត់ត្រាថ្មីរបស់ Asian Games។

 

មុននេះ មិនធ្លាប់មានកីឡាករហែលទឹកណាម្នាក់ឈ្នះមេដាយមាស ៧ គ្រឿងក្នុងព្រឹត្តិការណ៍ Asian Games តែមួយឡើយ។

 

កីឡាការិនីជប៉ុន Rikako Ikee បានឈ្នះមេដាយមាស ៦ គ្រឿងនៅទីក្រុងហ្សាការតា ក្នុងឆ្នាំ២០១៨ មុនពេលកីឡាការិនីចិន Zhang Yufei ធ្វើបានស្មើគ្នានៅទីក្រុង Hangzhou កាលពី ៥ ឆ្នាំមុន។

 

ប៉ុន្តែ Zhang Zhanshuo បានធ្វើបានល្អជាងនេះមួយកម្រិត ហើយបាននិយាយថា ខ្លួនមានអារម្មណ៍ «ស្ងប់ស្ងាត់ជាងអ្វីដែលខ្ញុំបានរំពឹងទុក»។

 

កីឡាករវ័យក្មេងដែលមានកម្ពស់ ១.៩៨ ម៉ែត្ររូបនេះ បាននិយាយថា៖ «ពេលដែលខ្ញុំប៉ះជញ្ជាំងទីលានហែលទឹក ប្រហែលជាពេលវេលាដែលរំភើបបំផុត។ វាក៏ជាការប្រកួតចុងក្រោយរបស់ខ្ញុំក្នុងព្រឹត្តិការណ៍នេះដែរ។ ថ្ងៃនេះមានអារម្មណ៍ថា ជាការបញ្ចប់ដ៏ល្អឥតខ្ចោះ»។

 

Zhang ក៏បានឈ្នះមេដាយមាសក្នុងវិញ្ញាសាហែលសេរីចម្ងាយ ២០០ ម៉ែត្រ ៨០០ ម៉ែត្រ និង ១,៥០០ ម៉ែត្រ ព្រមទាំងមេដាយមាស ៣ គ្រឿងទៀតក្នុងវិញ្ញាសាហែលបណ្តាក់។

 

ក្នុងវិញ្ញាសាហែលសេរីចម្ងាយ ៤០០ ម៉ែត្រ រូបគេបានបង្ហាញសមត្ថភាពលេចធ្លោ ដោយបញ្ចប់ការប្រកួតមុនកីឡាករជប៉ុន Kazushi Imafuku ដែលទទួលបានមេដាយប្រាក់ ដល់ទៅ ៤.២៧ វិនាទី។

 

ក្រោយបញ្ចប់ការប្រកួត Zhang បានអង្គុយលើរបាំងបែងចែកគន្លងហែលទឹក ហើយរាប់មេដាយទាំង ៧ គ្រឿងដែលខ្លួនឈ្នះ ដោយប្រើម្រាមដៃយ៉ាងស្ងប់ស្ងាត់។

 

ឥឡូវនេះ Zhang កំពុងផ្តោតគោលដៅទៅលើព្រឹត្តិការណ៍កីឡាអូឡាំពិក Los Angeles ឆ្នាំ២០២៨ និងការបំបែកកំណត់ត្រាពិភពលោក។

 

រូបគេបាននិយាយថា៖ «ខ្ញុំគិតថា អ្វីដែលសំខាន់បំផុតគឺត្រូវរក្សាភាពរាបសារ និងផ្តោតអារម្មណ៍ ព្រោះ Asian Games មិនមែនជាគោលដៅចុងក្រោយរបស់ខ្ញុំទេ»។

 

«ខ្ញុំត្រូវប្រឈមមុខនឹងចំណុចខ្វះខាតរបស់ខ្លួនដោយស្មោះត្រង់ និងទទួលស្គាល់គម្លាតរវាងខ្ញុំ និងកីឡាករល្អបំផុតនៅលើពិភពលោក»។

 

ចិនបានបន្តទទួលជោគជ័យក្នុងការប្រកួតហែលទឹកនៅយប់ថ្ងៃសុក្រផងដែរ ដោយឈ្នះមេដាយមាស ៥ គ្រឿង ក្នុងចំណោមវិញ្ញាសាផ្តាច់ព្រ័ត្រទាំង ៧។

 

ចិនបានឈរនៅលើកំពូលតារាងមេដាយសរុបក្នុងវិញ្ញាសាហែលទឹក ដោយឈ្នះមេដាយមាស ៣០ គ្រឿង ខណៈជប៉ុនឈរនៅចំណាត់ថ្នាក់លេខ២ ដោយមានមេដាយមាសត្រឹម ៧ គ្រឿងប៉ុណ្ណោះ។

 

កីឡាការិនី Li Bingjie បានឈ្នះមេដាយមាសទី៥ របស់ខ្លួនក្នុងព្រឹត្តិការណ៍នេះ ក្នុងវិញ្ញាសាហែលសេរីចម្ងាយ ៨០០ ម៉ែត្រផ្នែកនារី ខណៈ Zhang Yufei ដណ្តើមបានមេដាយមាសទី៤ ក្នុងវិញ្ញាសាហែលមេអំបៅចម្ងាយ ៥០ ម៉ែត្រ។

 

ក្រុមចិនតៃប៉ិក៏ទទួលបានជោគជ័យផងដែរ ដោយឈ្នះមេដាយមាសផ្នែកបុរសក្នុងវិញ្ញាសាហែលទឹក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ Asian Games។

 

កីឡាករ Wang Kuan-hung បានឈ្នះមេដាយមាសក្នុងវិញ្ញាសាហែលមេអំបៅចម្ងាយ ២០០ ម៉ែត្រ ដោយប្រើថិរវេលា ១ នាទី ៥៥.០៥ វិនាទី និងបានប៉ះផុតកីឡាករចិន Xu Fang នៅខ្សែបញ្ចប់។

 

Wang បាននិយាយថា វាជា «ក្តីសុបិនដែលក្លាយជាការពិត»។

 

កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានបន្ថែមថា៖ «វាហាក់ដូចជាមិនពិតទេ។ ខ្ញុំពិតជាសប្បាយចិត្ត និងដឹងគុណយ៉ាងខ្លាំងចំពោះសមិទ្ធផលនេះ»។

 

ចំណែកកីឡាករហែលទឹកវ័យក្មេងរបស់ជប៉ុន Shin Ohashi មិនអាចឈ្នះមេដាយមាស ៣ គ្រឿងជាប់ៗគ្នាបានឡើយ បន្ទាប់ពីបំបែកកំណត់ត្រាពិភពលោក និងឈ្នះមេដាយមាសក្នុងវិញ្ញាសាហែលទឹកបែប Breaststroke ចម្ងាយ ២០០ ម៉ែត្រ កាលពីយប់មុន។

 

កីឡាករវ័យ ១៧ ឆ្នាំរូបនេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងវិញ្ញាសា Breaststroke ចម្ងាយ ៥០ ម៉ែត្រ ដោយយឺតជាងម្ចាស់មេដាយមាសចិន Qin Haiyang ចំនួន ០.៣៣ វិនាទី។

 

Ohashi បាននិយាយថា៖ «និយាយដោយស្មោះត្រង់ ខ្ញុំគិតថា ការឈ្នះមេដាយមាសគឺមិនអាចទៅរួចទេ»។

 

រូបគេក៏បានឈ្នះមេដាយមាសក្នុងវិញ្ញាសា Breaststroke ចម្ងាយ ១០០ ម៉ែត្រក្នុងសប្តាហ៍នេះផងដែរ បន្ទាប់ពីស្មើថិរវេលាជាមួយកីឡាករចិន Dong Zhihao។

 

Ohashi បានបន្ថែមថា៖ «ខ្ញុំបានកំណត់គោលដៅយកមេដាយប្រាក់ ប៉ុន្តែខ្ញុំបានខកខានត្រឹម ០.០២ វិនាទី ដូច្នេះខ្ញុំមិនសប្បាយចិត្តទេ»។

 

ជោគជ័យរបស់ Ohashi ក្នុងសប្តាហ៍នេះ បានធ្វើឱ្យរូបគេក្លាយជាកីឡាករដែលគូប្រជែងត្រូវតាមប្រកួតប្រជែងយកឈ្នះ នៅកីឡាអូឡាំពិក Los Angeles ឆ្នាំ២០២៨ ដែលរូបគេអាចជួបប្រកួតជាមួយកំពូលកីឡាករបារាំង Leon Marchand។

 

កំណត់ត្រាពិភពលោកថ្មីរបស់ Ohashi ក្នុងវិញ្ញាសា Breaststroke ចម្ងាយ ២០០ ម៉ែត្រ គឺ ២ នាទី ០៤.៨៣ វិនាទី ដែលលឿនជាងកំណត់ត្រាចាស់ជាងកន្លះវិនាទី។

...

 

កីឡាករជប៉ុន Kodai Nishiono បានឈ្នះមេដាយមាសក្នុងវិញ្ញាសាហែលផ្ងារចម្ងាយ ២០០ ម៉ែត្រផ្នែកបុរស ខណៈចិនបានបិទបញ្ចប់ការប្រកួតហែលទឹក ដោយឈ្នះមេដាយមាសក្នុងវិញ្ញាសាហែលបណ្តាក់ចម្រុះ ៤x១០០ ម៉ែត្រផ្នែកនារី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print