ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់ ដែលកំពុងដេកយាមនៅមុខធនាគារមួយកន្លែង បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីរថយន្តស៊េរីទំនើបម៉ាក Jeep មួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន បួងចង្កូតបត់ជ្រុលទៅបុកជញ្ជាំង និងបន្តទៅបុកសន្តិសុខដែលកំពុងដេកយាម។ បន្ទាប់មក រថយន្តបានរយ៉ែថយក្រោយ ហើយបន្តបើករត់គេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋជិះម៉ូតូដេញតាមឃាត់បាន និងប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៣:៣០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ កែងផ្លូវលេខ២០០២ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្កម៉ាក Jeep ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-6658 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន។ លុះបើកមកដល់ចំណុចកើតហេតុ រថយន្តបានបម្រុងបួងចង្កូតបត់ស្តាំចូលតាមបណ្តោយផ្លូវលេខ២០០២ ប៉ុន្តែបួងចង្កូតមិនផុត ក៏ជ្រុលទៅបុកឃឿន រួចបន្តទៅបុកជញ្ជាំង និងសន្តិសុខដែលកំពុងដេកយាមនៅមុខធនាគារមួយកន្លែង បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ រថយន្តបានរយ៉ែថយក្រោយ និងបន្តបើករត់គេចខ្លួន។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលនៅក្បែរនោះបានជិះម៉ូតូប្រដេញតាម និងឃាត់បានទាំងអ្នកបើកបរ និងរថយន្ត រួចប្រគល់ជូនសមត្ថកិច្ច។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌសែនសុខ ចុះពិនិត្យទីតាំងកើតហេតុ។ បន្ទាប់មក មន្ត្រីជំនាញចរាចរណ៍ក្រុងបានចុះមកធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី។ ដោយឡែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










