ប្រធានាធិបតីអ៊ីរ៉ង់បញ្ជាក់ថា «លែងទុកចិត្ត» ការចរចាជាមួយទីក្រុងវ៉ាស៊ីនតោនទៀតហើយ

ចែករំលែក៖

នៅថ្ងៃទី 26 ខែកញ្ញា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្លែងថា ទីក្រុងតេអេរ៉ង់ «លែងទុកចិត្ត» ការចរចាជាមួយសហរដ្ឋអាមេរិកទៀតហើយ បន្ទាប់ពីកិច្ចចរចាបរាជ័យជាបន្តបន្ទាប់។

លោកប្រធានាធិបតី Pezeshkian បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera ថា «យើងមិនទុកចិត្តភាគីអាមេរិកទេ ហើយមិនដឹងថាយើងអាចឈានដល់កិច្ចព្រមព្រៀងជាមួយពួកគេដោយផ្អែកលើមូលដ្ឋានអ្វីទេ»។
មេដឹកនាំអ៊ីរ៉ង់រូបនេះបាននិយាយថា អ្នកសម្របសម្រួល គឺកាតា និងប៉ាគីស្ថាន កំពុងបញ្ជូនសាររបស់ទីក្រុងតេអេរ៉ង់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ហើយទាមទារឱ្យសហរដ្ឋអាមេរិកបញ្ជាក់ពីជំហររបស់ខ្លួនលើអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាក្នុងខែមិថុនា។
លើសពីនេះ លោក Pezeshkian បានបដិសេធការចោទប្រកាន់ថា អ៊ីរ៉ង់ទទួលខុសត្រូវចំពោះការបិទច្រកសមុទ្រ Hormuz ដោយសង្កត់ធ្ងន់ថា «ទីក្រុងវ៉ាស៊ីនតោនបានបិទផ្លូវនៅចំពោះមុខទីក្រុងតេអេរ៉ង់»។
ប្រធានាធិបតីអ៊ីរ៉ង់បាននិយាយថា ការបិទច្រកសមុទ្រ Hormuz គ្រាន់តែជា «ប្រតិកម្មធម្មជាតិចំពោះការបិទផ្លូវទៅកាន់អ៊ីរ៉ង់» ដោយបន្ថែមថា វិបត្តិអាមេរិក-អ៊ីរ៉ង់អាចត្រូវបានដោះស្រាយតាមរយៈការចរចាជាជាងការប្រើប្រាស់កម្លាំង។
លោក Pezeshkian បានមានប្រសាសន៍ថា “អ្នកដែលគិតថាពួកគេអាចកំណត់គោលដៅប្រជាជនអ៊ីរ៉ង់ដោយការដាក់ទណ្ឌកម្មបានគណនាខុសហើយ” ដោយសង្កត់ធ្ងន់ថាប្រជាជនអ៊ីរ៉ង់បាននិងនឹងបន្ត “រឹងមាំនៅចំពោះមុខការវាយប្រហាររបស់សត្រូវ”៕

រូបថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print