កូនប្រុសញៀនថ្នាំខឹងសុំលុយឪពុក ២ពាន់រៀលទិញបារីមិនបាន វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចខ្ទី ត្រូវម្ដាយប្ដឹងនគរបាលឲ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល÷យុវជនម្នាក់ដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលចុះឃាត់ខ្លួនដល់ផ្ទះ បន្ទាប់ពីរូបគេបានខឹងសុំលុយឪពុកចំនួន ២ពាន់រៀលទិញបារីជក់មិនបាន រួចទាញកន្ត្រាក់រនូតផ្ទះ និងវាយបំផ្លាញចានឆ្នាំងខ្ទេចខ្ទី។ ហេតុការណ៍ហិង្សាក្នុងគ្រួសារនេះបានកើតឡើងកាលពីវេលាម៉ោង ១៩ និង ០០នាទីយប់ កាលពីថ្ងៃទី២៦ កញ្ញា ២០២៦ នៅត្រង់ចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក ឯក លុន អធិការនគរបាលស្រុកមុខកំពូល បានឲ្យដឹងថា នៅក្នុងករណីនេះ ជនរងគ្រោះជាម្ដាយមានឈ្មោះ ឃុត អូន អាយុ៦២ឆ្នាំ) មុខរបរមេផ្ទះ។ ចំណែកជនសង្ស័យជាកូនបង្កើតមានឈ្មោះ រ៉ា រដ្ឋា ហៅធំ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ដោយអ្នកទាំងពីរមានទីលំនៅផ្ទះកើតហេតុខាងលើជាមួយ គ្នា។ លោកអធិការបានបន្តថា ក្រោយការឃាត់ខ្លួន ជនសង្ស័យត្រូវបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលគឺមានសារធាតុញៀន។ ចំពោះទ្រព្យសម្បត្តិដែលរងការខូចខាតរួមមាន បាក់ឈើរនូតផ្ទះចំនួន ១ ខូចខាតឈើសសរផ្ទះចំនួន ១ បែកចានចំនួន ២៤ 

ក្រពិតឆ្នាំងដាំបាយអគ្គិសនីចំនួន ១ និងខូចខាតសម្ភារមួយចំនួនទៀត។

លោកអធិការបានឲ្យដឹងទៀតថា ជនសង្ស័យគឺជាមុខ សញ្ញាប្រើប្រាស់គ្រឿងញៀន និងតែងតែធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនលើកមកហើយ។ មុនពេលកើតហេតុនៅវេលាម៉ោង ១៨ និង០០ នាទីល្ងាច ជនសង្ស័យបានអង្គុយផឹកស្រាបៀរនៅលើបង់ក្រោមផ្ទះជាមួយឈ្មោះ ណាតនិង រី។ ពេលផឹកអស់ស្រាបៀរចំនួន ១កំប៉ុង ជនសង្ស័យក៏បានជិះ កង់យកក្រវិលកំប៉ុងទៅដូរយកបារីជក់ រួចជិះត្រឡប់មកផ្ទះវិញ។ ពេលជិះតាមផ្លូវ ជនសង្ស័យក៏បានជួបមិត្តភក្ដិកំពុងផឹកនៅកន្លែងតាបប៊ីយ៉ែរផ្ទះរបស់ឈ្មោះ ស៊ីណា ហើយក៏បានចូលទៅផឹកជាមួយមិត្តភក្ដិនោះអស់ស្រាបៀរចំនួន ២កំប៉ុងទៀត ទើបជិះកង់ត្រឡប់ទៅផ្ទះរៀងខ្លួន។

ប្រភពដដែលបានបញ្ជាក់ថា លុះដល់វេលាម៉ោង ១៩ និង០០នាទីយប់ ពេលឪពុករបស់ជនសង្ស័យឈ្មោះ វ៉ាង រ៉ា ត្រឡប់មកពីធ្វើការវិញ ជនសង្ស័យក៏បានខ្ចីម៉ូតូ និងសុំលុយចំនួន ២ពាន់រៀលដើម្បីទិញបារីជក់ តែឪពុកឆ្លើយថាអត់មានលុយទេ ហើយម៉ូតូក៏មិនឲ្យជិះដែរ។ ភ្លាមនោះ ជនសង្ស័យបានកើតក្ដីខឹងសម្បារ ក៏ បានទាញកន្ត្រាក់រនូតផ្ទះបណ្ដាលឲ្យរបើកចេញពីសសរ និងខូចខាតបែកបាក់សសរផ្ទះ បន្ទាប់មកជនសង្ស័យក៏បានដើរចូលទៅរោងបាយបោកចានឆ្នាំង និងបានយកចានគប់ទៅខាងក្រៅផ្ទះបណ្ដាលឲ្យខូចខាតដូចបានរៀបរាប់ខាងលើ។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានឡើងទៅដេកនៅលើផ្ទះ បន្ទាប់មកជនរងគ្រោះជាម្ដាយក៏បានទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល។

ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរតែម្ដង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងប្រើប្រាស់សារធាតុញៀនពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ហើយកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print