រថយន្តមិនស្គាល់ម៉ាកបើកលឿនបុកម៉ូតូពីក្រោយ បណ្ដាលឱ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកក្នុងល្បឿនលឿនជ្រុលបុកម៉ូតូពីក្រោយ បណ្ដាលឱ្យជនរងគ្រោះប៉ើងទៅបោកនឹងបង្គោលភ្លើង ខណៈរថយន្តបង្កបានបើករត់គេចខ្លួនបាត់។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ១:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក PG-1 ពាក់ស្លាកលេខ ភ្នំពេញ 1LF-3781 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ដោយមានបំណងដឹកប្រហិតត្រីយកទៅឱ្យម៉ូយនៅខាងផ្សារព្រែកព្នៅ។

 

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ពណ៌ខ្មៅ និងមិនចាំស្លាកលេខ បើកមកពីក្រោយក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿន ហើយបានជ្រុលបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះប៉ើងទៅបោកនឹងបង្គោលភ្លើង និងស្លាប់នៅកន្លែងកើតហេតុ។ ចំណែករថយន្តបង្កបានបន្តបើកក្នុងល្បឿនលឿន រត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

 

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចរាចរណ៍បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងប្រមូលភស្តុតាង។ ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។

...

 

ដោយឡែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ហេីយចំពោះរថយន្តបង្ក សមត្ថកិច្ចជំនាញកំពុងបន្តការស្រាវជ្រាវ ដើម្បីស្វែងរក និងឃាត់យកមកចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print