ខេត្តកំពង់ឆ្នាំង÷ មន្ត្រីនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានឲ្យដឹងនៅព្រឹកថ្ងៃទី 30 ខែកញ្ញានេះថា គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅវេលាម៉ោងប្រមាណ 6:20 នាទីល្ងាច ថ្ងៃទី 28 ខែ កញ្ញា ឆ្នាំ 2026 នៅតាមបណ្ដោយផ្លូវកៅស៊ូក្នុងខេត្ត ត្រង់ចំណុចមុខអាហារដ្ឋានអារ៉ែង ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង 3 នាក់ទៀតរងរបួសធ្ងន់ស្រាល។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ម៉ូតូ Scoopy ពណ៌ស១គ្រឿង បើកបរដោយស្ត្រីអាយុ 26 ឆ្នាំ និងមានអ្នករួមដំណើរ 2 នាក់ ដែលត្រូវជាប្អូន និងកូនស្រី បានធ្វើដំណើរពីទិសខាងត្បូងទៅខាងជើង។ លុះដល់ចំណុចកើតហេតុ ក៏បានបុកគ្នាជាមួយម៉ូតូ Smash Revo ពណ៌ស១គ្រឿង ដែលបើកបរដោយបុរសអាយុ 46 ឆ្នាំ ធ្វើដំណើរមកពីទិសផ្ទុយគ្នា។
ហេតុការណ៍នេះបានបណ្ដាលឱ្យបុរសអាយុ 46 ឆ្នាំ ដែលជាអ្នកបើកម៉ូតូ Smash Revo ស្លាប់នៅកន្លែងកើតហេតុ។ ចំណែកស្ត្រីអ្នកបើកម៉ូតូ Scoopy និងអ្នករួមដំណើរ 2 នាក់ទៀត បានរងរបួសធ្ងន់ស្រាលសរុបចំនួន 3 នាក់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងវាស់វែងទីតាំងកើតហេតុ ព្រមទាំងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សុរិយា










