ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់មនុស្ស២នាក់ ខណៈផ្លូវជាតិលេខ២១A កំពុងរងការខូចខាតយ៉ាងខ្លាំង

ចែករំលែក៖

ខេត្តកណ្ដាល៖ មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿង នៅវេលាម៉ោងប្រមាណ ២៖១០នាទីរំលងអធ្រាត្រ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅខាងមុខហាងពេលវេលា លើផ្លូវជាតិលេខ២១A ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ម៉ូតូ Honda Dream 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CK-7495 បើកបរដោយបុរសឈ្មោះ សេត បូណារ៉ុង អាយុ២៤ឆ្នាំ បានបុកជាមួយម៉ូតូ Suzuki Nex ពណ៌ខ្មៅ គ្មានផ្លាកលេខ ដែលបើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ អាយុ ប្រមាណ២៥ឆ្នាំ។

ជនរងគ្រោះទាំង២នាក់បានស្លាប់នៅកន្លែងកើតហេតុ ខណៈម៉ូតូទាំង២គ្រឿងរងការខូចខាតធ្ងន់ និងត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តនីតិវិធី។ សាកសពបុរសដែលមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានតម្កល់នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ដើម្បីស្រាវជ្រាវរកសាច់ញាតិ។

តាមការបញ្ជាក់ក្នុងរបាយការណ៍ជំហានដំបូង មូលហេតុត្រូវបានសន្និដ្ឋានថា អ្នកបើកបរម៉ូតូទាំងពីរអាចមានការបើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន។

ទន្ទឹមនឹងនេះ មានការលើកឡើងថា កត្តាផ្លូវក៏គួរត្រូវបានពិនិត្យផងដែរ ដោយសារផ្លូវនៅតំបន់កើតហេតុត្រូវបានរាយការណ៍ថា កំពុងរងការខូចខាតបន្ទាប់ពីមានការជីកកាយធ្វើប្រព័ន្ធលូ ហើយការរៀបចំផ្ទៃផ្លូវឡើងវិញត្រូវបានលើកជាសំណួរពាក់ព័ន្ធនឹងសុវត្ថិភាពអ្នកធ្វើដំណើរ។

ករណីនេះគួរជាសាររំលឹកដល់អ្នកបើកបរឱ្យបង្កើនការប្រុងប្រយ័ត្ន ជាពិសេសនៅពេលយប់ និងលើផ្លូវដែលមានស្ថានភាពមិនប្រក្រតី។ ជាមួយគ្នានេះ ស្ថាប័នពាក់ ព័ន្ធគួរពិនិត្យស្ថានភាពផ្លូវ និងវិធានការសុវត្ថិភាពនៅតំបន់ដែលកំពុងជីកកាយ ដើម្បីកុំឱ្យការងារសាងសង់ ឬជួសជុលហេដ្ឋារចនាសម្ព័ន្ធ ក្លាយជាហានិភ័យបន្ថែមសម្រាប់អ្នកធ្វើដំណើរ។

មហាជនលើកឡើងថា តើការងារជីកកាយដាក់លូ ត្រូវបានដាក់ស្លាកសញ្ញា ភ្លើងសញ្ញា និងរៀបចំផ្លូវឱ្យមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់អ្នកធ្វើដំណើរឬទេ?៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print