ខេត្តក្រចេះ÷ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញផ្សេងៗ បានបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រស្រុកចិត្តបុរី។ នេះជាអ្វីដែលសមត្ថកិច្ចរដ្ឋបាលជលផលតែងតែធ្វើជាប្រចាំដើម្បីថែរក្សាពូជពង្សមច្ឆជាតិ ។
ជាក់ស្ដែង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងសហគមន៍នេសាទ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមដងព្រែកក្រគរ និងតាមទំនាបស្រែលិចទឹកនៅជុំវិញបឹងទ្រនូលឆ្នាំង ឃុំថ្មគ្រែ និងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ។
ជាលទ្ធផលនៃប្រតិបត្តិការនេះទទួលបនគឺមន្រ្តីជំនាញ បានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់និងចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ២៥០ គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិ ។
ជាថ្មីម្ដងទៀត លោកម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះដែលបានដឹកនាំកម្លាំងផ្ទាល់ក្នុងប្រតិបត្តិការនេះ អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមក្នុងការបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសោទល្មើសច្បាប់ ជាពិសេសការនេសាទនៅរដូវហាមឃាត់ ដើម្បីចូលរួមចំណែកក្នុងការរក្សាធនធានមច្ឆជាតិ៕













