សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅរាជធានីភ្នំពេញ។

សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដូចអាណត្តិមុនៗ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ តែងតែចាត់ទុកមនុស្សជាអាទិភាពទីមួយនៃយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ ដែលបន្តផ្ដល់អាទិភាពខ្ពស់ដល់ការកែលម្អគុណភាពអប់រំគ្រប់កម្រិត, ការពង្រឹងការបណ្ដុះបណ្ដាលជំនាញ, ការលើកកម្ពស់វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងការកសាងប្រព័ន្ធអប់រំ ដែលអាចឆ្លើយតបទៅនឹងតម្រូវការនៃសង្គម និងការអភិវឌ្ឍទីផ្សារនាពេលបច្ចុប្បន្ន និងពេលអនាគត។

សម្ដេចធិបតី ថ្លែងបញ្ជាក់ជាថ្មីថា ការវិនិយោគទៅលើវិស័យអប់រំ វិស័យសុខាភិបាល គឺជាអាទិភាពសំខាន់បំផុតរបស់រាជរដ្ឋាភិបាល ដែលយើងហៅសរុបថា វិស័យសង្គមកិច្ច ដោយផ្ដោតទៅលើសុខភាព និងសមត្ថភាពរបស់ប្រជាជនកម្ពុជាទាំងមូល។

សម្ដេចធិបតី ថ្លែងបញ្ជាក់ជាថ្មីថា ច្បាប់ថវិកាសម្រាប់ក្រសួងអប់រំ និងក្រសួងសុខាភិបាល ឆ្នាំ២០២៧ខាងមុខ គឺមានការកើនឡើង ក្នុងនោះ វិស័យអប់រំ បើប្រៀបធៀបនឹងឆ្នាំ ២០២៦ គឺកើនឡើង ៤,៦% បើគិតជាថវិកា មានកំណើនខ្ទង់ជាង ២១០ ពាន់លានរៀល ដូច្នេះមិនមានថយទេ គឺមានតែកើន។ ចំណែកវិស័យសុខាភិបាល កើន ១,៥% ស្មើនឹងប្រមាណ ៤២ពាន់លានរៀល ឬប្រមាណ ១០លានដុល្លារ បើធៀបនឹងឆ្នាំ២០២៦។

-សម្ដេចធិបតី ថ្លែងថា គ្រឹះស្ថានឧត្តមសិក្សាទាំងក្នុងតំបន់ និងអន្តរជាតិ បាននឹងកំពុងធ្វើការកែទម្រង់ និងការអភិវឌ្ឍថ្មីៗ បង្កើនគុណភាព និងសមត្ថភាពប្រកួតប្រជែងអន្តរជាតិ ដោយសារសាកលវិទ្យាជាច្រើនផ្ដោតលើការស្រាវជ្រាវ និងនវានុវត្តន៍។

-សម្ដេចធិបតី ថ្លែងថា និន្នាការថ្មីៗនៃឧត្តមសិក្សារួមមាន៖ ការអប់រំឌីជីថល, ការសិក្សាពេញមួយជីវិត, សាកលវិទ្យាល័យឆ្លាតវ័យ, ការរៀនផ្ទាល់ខ្លួន, ការស្រាវជ្រាវផ្អែកលើទិន្នន័យ, ការអប់រំផ្អែកលើសមត្ថភាព, និងការអប់រំផ្អែកលើលទ្ធផលសិក្សា។

– សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ក្នុងបរិបទនេះគ្រឹះស្ថានឧត្តមសិក្សា ក៏ត្រូវបន្តធ្វើទំនើបកម្ម កម្មវិធីសិក្សា និងវិធីសាស្រ្ដបង្រៀន ដើម្បីធានាថានិស្សិតបញ្ចប់ការសិក្សាមានសមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារការងារជាតិ តំបន់ និងអន្តរជាតិ។

សម្ដេចធិបតី ថ្លែងបន្ថែមថា ពិភពលោកនាសម័យឌីជីថលនេះ កំពុងឈានចូលសម័យ បញ្ញាសិប្បនិម្មិត ដែលកំពុងផ្លាស់ប្ដូររបៀបធ្វើការ របៀបរៀន និងរបៀបរស់នៅរបស់មនុស្សជាតិ។

សម្ដេចធិបតី ថ្លែងបញ្ជាក់ជាថ្មីថា៖«ការអប់រំមិនអាចផ្តោតតែទៅលើការទទួលសញ្ញាបត្រនោះទេ, ប៉ុន្ដែការអប់រំគឺធានា និងផ្ដោតសំខាន់ទៅលើការបណ្ដុះនិស្សិតឱ្យមានសមត្ថភាព គិត, វិភាគ, អនុវត្ត, ដោះស្រាយបញ្ហា, លក្ខណៈជាបុគ្គល និងលក្ខណៈជាក្រុម ដោយផ្ដោតទៅលើលទ្ធផល ក៏ដូចជាវិធីសាស្រ្តក្នុងការសម្រេចទៅលើលទ្ធផលនោះ»។

សម្ដេចធិបតី ថ្លែងថា៖«អត់មានការអប់រំ ការបណ្ដុះបណ្ដាលណាមួយនៅនឹងថ្កល់នោះទេ។ ហើយគ្មានប្រទេសណាមួយដែលគ្មានការស្រាវជ្រាវ នវានុវត្តន៍បន្ថែមទៀតទៅលើការអប់រំដែរ។

– សម្ដេចធិបតី បានគូសបញ្ជាក់ថា គោលដៅសំខាន់បំផុតចុងក្រោយ គឺជាសូចនាករមួយដែលចង់បាន ប៉ុន្ដែអ្វីដែលសំខាន់ដូចគ្នាគឺវិធីសាស្រ្ដនៅក្នុងការសម្រេចនូវលទ្ធផលនោះ ព្រោះវិធីសាស្រ្ដនេះហើយគឺជាកត្តាសំខាន់ មិនអាចគ្រាន់តែចុះឈ្មោះហើយចាំទទួលសញ្ញាបត្រ ដេកតែផ្ទះ គ្រប់៤ឆ្នាំទទួលសញ្ញាបត្រនោះទេ។

សម្ដេចធិបតី ចោទសួរថា តើចង់បានសញ្ញាបត្រមួយសន្លឹក ឬមួយក៏ចង់បានសញ្ញាឃើញនៅក្នុងខ្លួន ដើម្បីយកទៅធ្វើ? អីចឹងការអប់រំនៅក្នុងសាលានីមួយៗ ក្នុងការអប់រំបែបនេះ ឥរិយាបថនៅក្នុងការសម្រេចភារកិច្ច។ បើយើងចង់ស្រួលមិនបាច់ទេ អីចឹងតិចទៀតដល់សម័យ AI នេះកាន់តែសំខាន់ ព្រោះកាន់តែស្រួល ការវិភាគទិន្នន័យ និងស្រាវជ្រាវ ប៉ុន្ដែ AI មិនមែនមកជំនួសមនុស្សទេ ប៉ុន្ដែដែលមនុស្សចេះប្រើ AI នឹងមានប្រៀបជាងមនុស្សដែលមិនចេះប្រើវា។

សម្ដេចធិបតី ថ្លែងជំរុញឱ្យសិស្ស និស្សិតត្រូវរៀនបច្ចេកវិទ្យា ដើម្បីពន្លឿនការស្វែងរកព័ត៌មាន និងការរៀបចំទិន្នន័យ ដើម្បីឈានទៅរកការវិភាគ វិនិច្ឆ័យប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។

សម្ដេចធិបតី ថ្លែងណែនាំទាំងគ្រូ និងសិស្ស និស្សិតឱ្យមានការយកចិត្តទុកដាក់នៅក្នុងការអប់រំ, កុំឱ្យពឹងទាំងស្រុកទៅលើ AI និងទៅលើបច្ចេកវិទ្យា។ ប្រើប្រាស់វាចុះ ប៉ុន្ដត្រូវមានព្រំដែនច្បាស់លាស់ កុំពឹងផ្អែកលើវា។

– សម្ដេចធិបតី បានគូសបញ្ជាក់ថា AI ប្រើវា ដើម្បីជំនួយឱ្យយើងនៅក្នុងការគិត និងសម្រេចដាក់ចេញគោលការណ៍ និងជួយសម្រេចនូវកិច្ចការ លទ្ធផលដែលយើងចង់បានក្រោយពីការគិតរបស់យើង។ កុំរឿងអីទៅសួរ AI ទាំងអស់ មិនបាច់ស្រាវជ្រាវ មិនបាច់អានសៀវភៅនោះទេ។

 

សម្ដេចធិបតី ថ្លែងថា AI យើងពឹងទៅលើទិន្នន័យលើប្រព័ន្ធបច្ចេកវិទ្យា ដូច្នេះបើបើទិន្នន័យមិនសុក្រឹត,ការទាញយកមកឱ្យយើងក៏វាអត់សុក្រឹតដែរ។

– សម្ដេចធិបតី បានបង្ហាញការបារម្ភចំពោះ AI មួយទៀត ដែលពឹងយូរទៅ ក្លាយទៅជាអ្នកសម្រេចចិត្តឱ្យមនុស្សដែលនេះគឺជាគ្រោះថ្នាក់។

– សម្ដេចធិបតី ថ្លែងថា ម៉ាស៊ីនទោះបីពូកែយ៉ាងណាអត់ដូចមនុស្សទេ ខណៈការសម្រេចចិត្តរបស់មនុស្សវាផ្អែកទៅលើកត្តាច្រើន កត្តាវប្បធម៌ កត្តាអារម្មណ៍ កត្តាមនោសញ្ចេតនា កត្តាកាលៈទេសៈ បើមនុស្សចាប់ផ្ដើមប្រើ ពឹងលើ AI ហើយ គឺចប់ហើ។

សម្ដេចធិបតី ថ្លែងបញ្ជាក់ជាថ្មីថា ការបណ្ដុះបណ្ដាល ការអប់រំ ដែលប្រើប្រាស់បច្ចេកវិទ្យា គឺត្រូវតែប្រើ ប៉ុន្ដែកុំពឹងផ្អែកទៅលើវា។ អីចឹង ឥរិយាបថ, គោលការណ៍, បទបញ្ជាផ្ទៃក្នុងរបស់សាលា ដែលបណ្ដុះបណ្ដាល គឺត្រូវតែធ្វើសម្រេចភារកិច្ចនេះឱ្យបាន។ ចេះប្រើ តែកុំពឹងវា។ ត្រូវមានវិធីសាស្រ្តដើម្បីពិន័យ និងលើកទឹកចិត្ត។

– សម្ដេចធិបតី ថ្លែងថា ការបង្កើតឱ្យមានកាតព្វកិច្ចយោធា គឺជាការវិនិយោគរបស់រដ្ឋក្នុងការកសាងធនធានមនុស្សមួយដែលមានឥរិយាបថត្រឹមត្រូវ វិន័យ ជំនាញ និងបំណិន ក្រោមការអប់រំ បណ្ដុះបណ្ដាល អនុវត្តវិន័យយ៉ាងតឹងរឹង និងការធ្វើការជាក្រុមដើម្បីជួយគ្នាសម្រេចភារកិច្ច។

សូមជម្រាបជូនថា យោងតាមការស្ទង់មតិដោយសាកលវិទ្យាល័យ និស្សិតជ័យលាភីដែលបានបញ្ចប់ការសិក្សា មានការងារធ្វើទាំងក្នុងស្ថាប័នរដ្ឋ និងឯកជនសរុប ចំនួនប្រមាណ ៩១,៦៨% និងក្រៅពីនេះ ភាគច្រើន គឺមានការងារជាមុខរបរផ្ទាល់ខ្លួន។

សាកលវិទ្យាល័យអាស៊ី អឺរ៉ុប គឺជាគ្រឹះស្ថានអប់រំឯកជនមួយនៅកម្ពុជា ដែលបានចាប់ដំណើរការដំបូងចេញពីអង្គការតូចមួយ ដែលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កម្រិតវិញ្ញាបនបត្រ។ ក្នុងដំណើរប្រវត្តិកសាងគ្រឹះស្ថាននេះ អង្គការតែងតែទទួលបានការយកចិត្តទុកដាក់ និងការលើកទឹកចិត្តប្រកបដោយសមានចិត្តមនុស្សធម៌ពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈការជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ទាំងផ្នែកស្មារតី សម្ភារៈ និងថវិកាប្រចាំខែយ៉ាងទៀងទាត់ និងរហូតដល់បច្ចុប្បន្ន សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានបន្តឧបត្ថម្ភអង្ករ និងថវិកាជារៀងរាល់ខែ ដើម្បីជួយផ្គត់ផ្គង់ដល់សិស្ស និស្សិត ដែលមានជីវភាពខ្វះខាត។ គិតពីឆ្នាំសិក្សាឆ្នាំ២០០៥ ដល់ឆ្នាំ២០២៤ រួមទាំងនិស្សិតជ័យលាភីនាថ្ងៃនេះ អង្គការ និងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបណ្តុះបណ្តាលសិស្សថ្នាក់ជំនាញវិជ្ជាជីវៈ និងនិស្សិតថ្នាក់ឧត្តមសិក្សា សរុបចំនួន ៦៨ ២៧៦អង្គ/នាក់ (នារី ២៩ ១១៨នាក់)។ ក្នុងនោះ និស្សិតបញ្ចប់ការសិក្សាសុទ្ធតែមានសមត្ថភាពពេញលេញក្នុងការបំពេញការងារនៅតាមបណ្ដាក្រសួងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស។

...

បច្ចុប្បន្នសាកលវិទ្យាល័យ មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យ សរុបចំនួន ៤០០នាក់ នារី ៨០នាក់ និងកំពុងបណ្ដុះបណ្ដាលសិស្សវិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាសរុបចំនួន ៩ ៨៨៩អង្គ/នាក់ នារី ៥ ៤២៩នាក់។ ក្នុងស្មារតីសុឆន្ទៈ ការប្តេជ្ញាចិត្តកសាង និងអភិវឌ្ឍមូលធនមនុស្ស សាកលវិទ្យាល័យ បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print