អ្នកជំនាញផ្នែកសេដ្ឋកិច្ច៖ ការដំឡើងប្រាក់ឈ្នួលសមរម្យនឹងជួយរក្សាការប្រកួតប្រជែង បង្កើនឱកាសការងារ និងការវិនិយោគនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ AKP នៃក្រសួងព័ត៍មាន នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះថា៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកវិភាគភូមិសាស្ត្រនយោបាយ បានលើកឡើងថា ការកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងកម្រិតសមស្រប នឹងជួយឱ្យកម្ពុជាបន្តរក្សាបាននូវសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ ខណៈដែលការរក្សាតុល្យភាពរវាងប្រាក់ចំណូលកម្មករ និងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស ក៏មានសារៈ សំខាន់សម្រាប់ការរក្សាការងារ និងទាក់ទាញការវិនិយោគផងដែរ។

 

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា កម្រិតប្រាក់ឈ្នួ លដែលសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ច និងបរិបទប្រកួតប្រជែងរបស់កម្ពុជានាពេលបច្ចុប្បន្ន អាចជួយរក្សាសមតុល្យរវាងការលើកកម្ពស់ជីវភាពកម្មករ និងការរក្សាភាពទាក់ទាញរបស់កម្ពុជាចំពោះវិនិយោគិន។

 

លោកបណ្ឌិតបន្តថា ប្រសិនបើថ្លៃដើមផលិតកម្ម រួមទាំងថ្លៃពលកម្ម កើនឡើងខ្ពស់ពេក អាចបង្កើនសម្ពាធលើសហគ្រាស និងធ្វើឱ្យការប្រកួតប្រជែងរបស់កម្ពុជាជាមួយប្រទេសផលិតផ្សេងៗក្នុងតំបន់កាន់តែមានភាពលំបាក។ ដូច្នេះ ការកំណត់ប្រាក់ឈ្នួលត្រូវពិចារណាទាំងស្ថានភាពកម្មករ ស្ថានភាពសេដ្ឋកិច្ច និងបរិយាកាសវិនិយោគ។

 

លោកបណ្ឌិតបញ្ជាក់ថា៖«ការដំឡើងប្រាក់ឈ្នួលដែលយើងឃើញថា ក្នុងរង្វង់ ២១២ដុល្លារនេះ ខ្ញុំយល់ថា វាមានលក្ខណៈសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចសកលលោកបច្ចុប្បន្ន ក៏ដូចជាប្រទេសកម្ពុជា ហើយនៅក្នុងនេះដែរ យើងមើលឃើញថា ប្រាក់ឈ្នួលនេះវាសាកសមល្មមទប់ទល់ជាមួយការដណ្ដើមយកឈ្នះនៅក្នុងសកលលោក។

 

«ប្រសិនបើប្រាក់ឈ្នួលយើងខ្ពស់ពេក យើងប្រឈមនឹងការបាត់បង់អ្នកវិនិយោគនៅក្នុងស្រុកយើងដែរ ហើយស្ថានភាពបែបនេះ គឺជាស្ថានភាពមួយដ៏លំបាករបស់សកលលោក។ ប្រទេសដែលជាអ្នកផលិតនីមួយៗ តែងតែដណ្ដើមទីផ្សារ ដណ្ដើមអ្នកវិនិយោគគ្នាទៅវិញទៅមក ដើម្បីបង្កើតការងារក្នុងស្រុករបស់ពួកគេ។ អ៊ីចឹងវាបានជួយទប់ក្នុងការប្រកួតប្រជែងមួយផងដែរ»។ នេះបើតាមលោកបណ្ឌិតបានបញ្ជាក់បន្ថែម ។

 

ជាមួយគ្នានេះ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានលើកឡើងថា នៅក្នុងបរិបទដែលប្រទេសក្នុងតំបន់កំពុងប្រកួតប្រជែងគ្នាទាក់ទាញវិនិយោគ និងពង្រីកមូលដ្ឋានផលិតកម្ម កម្ពុជាត្រូវបន្តរក្សាបាននូវបរិយាកាសវិនិយោគដែលមានភាពទាក់ទាញ និងមានស្ថិរភាព។ ការដំឡើងប្រាក់ឈ្នួលប្រកបដោយការពិចារណាលើស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង នឹងអាចជួយរក្សាតុល្យភាពនេះ និងបន្តបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋ។

 

លោកបញ្ជាក់ថា៖«កម្ពុជាកំពុងប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ទាំងផ្នែកប្រាក់ឈ្នួល ផលិតភាព និងបរិយាកាសវិនិយោគ។ ដូច្នេះការដំឡើងប្រាក់ឈ្នួលក្នុងកម្រិតសមស្រប នឹងជួយរក្សាតុល្យភាពរវាងជីវភាពកម្មករ និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីបន្តទាក់ទាញការវិនិយោគ និងបង្កើតការងារ»។

...

 

សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតកើនដល់ ២១២ដុល្លារក្នុងមួយខែ ដោយនឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧។ បូករួមទាំងប្រាក់ឈ្នួលគោល កម្មករនិយោជិតក៏មានអត្ថប្រយោជន៍ និងប្រាក់ឧបត្ថម្ភផ្សេងៗតាមលក្ខខណ្ឌដែលមានចែងក្នុងរង្វាង់ ២៣១.៥ដុល្លារក្នុងមួយខែផងដែរ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print