កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។

សមត្ថបន្តថា កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ សុខលី លាងតូ ភេទស្រី  អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនមិត្តហ្វូនដឹកជញ្ជូន រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្ដីពីករណីចោរកាត់សោចូលលួចម៉ូតូ កាលពីវេលាម៉ោង០២និង៥០នាទីថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចក្រុមហ៊ុនមិត្តហ្វូនដឹកជញ្ជូន ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បង្កដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណ(ប្រុសចំនួន០៣នាក់) ដោយពិនិត្យតាមកាមេរ៉ាសុវត្ថិភាព ជនសង្ស័យបានធ្វើសកម្មភាពកាត់សោគាស់ទ្វារខាងក្រោយ ចូលលួចយកសម្ភារៈរបស់ក្រុមហ៊ុនមិត្តហ្វូនដឹកជញ្ជូន និងម៉ូតូម៉ាកHONDA ZOOMER-X ពណ៌ក្រហម លាយពណ៌ស ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខបន្ទាយមានជ័យ 1O-8025 ចំនួន០១គ្រឿង របស់ជនរងគ្រោះខាងលើ ហើយគេចខ្លួនពីកន្លែងកើតហេតុ។ក្រោយពីទទួលបានបណ្ដឹងខាងលើ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ កែវ សីលា (វណ្ណា) អាយុ៤៣ឆ្នាំ (ជាមុខសញ្ញាចាស់) , ២-ឈ្មោះ សឿន សំណាង (ម៉ាប់) ភេទប្រុស អាយុ២៦ឆ្នាំ ដែលបានគេចខ្លួនពីលំនៅឋានស្រុកមោងឬស្សី ខេត្តបាត់ដំបង មកស្នាក់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបាននៅចំណុចភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយនាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីសួរនាំតាមនីតិវិធី។ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពកាត់សោគាស់ទ្វារ ចូលលួចយកសម្ភារៈរបស់ក្រុមហ៊ុនខាងលើ និងលួចយកម៉ូតូចំនួន០១គ្រឿង នៅក្នុងក្រុមហ៊ុនមិត្តហ្វូនដឹកជញ្ជូន ហើយបានយកទៅលក់បន្តឱ្យបក្ខពួកនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ក្រោយពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យនៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង ពន្លាតដែនសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបក្ខពួក ចំនួន០១នាក់ទៀត ឈ្មោះ សុភាព ភ័ត្រា (ត្រា,ទន់) ភេទប្រុស អាយុ៣៤ឆ្នាំ នៅចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ព្រមទាំងដកហូតវត្ថុតាងម៉ូតូ០១គ្រឿង(របស់ជនរងគ្រោះ) និងបាននាំខ្លួនជនសង្ស័យមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ និងបានធ្វើតេស្តទឹកនោមរបស់ជនសង្ស័យទាំង០៣នាក់ខាងលើ រកឃើញមានសារធាតុញៀនវិជ្ជមាន(+)។ ដោយឡែកជនសង្ស័យឈ្មោះ កែវ សីលា (វណ្ណា) ធ្លាប់បានជាប់ពន្ធនាគារនៅខេត្តបន្ទាយមានជ័យ ចំនួន០៣លើកមកហើយដែរ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោស្នងការ ស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។ ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print