បាល់ទាត់ចិនមាន «អនាគតដ៏អស្ចារ្យ» បន្ទាប់ពីក្រុមជម្រើសជាតិ U-23 បុរសបានឈ្នះមេដាយនៅ Asian Games ជាលើកដំបូងក្នុងរយៈពេលជិត ៣ ទសវត្សរ៍កាលពីថ្ងៃសៅរ៍។ នេះបើតាមការលើកឡើងរបស់គ្រូបង្វឹកក្រុម U-23 របស់ចិន។
ចិន ដែលត្រូវបានចាត់ទុកថាជាក្រុមបាល់ទាត់មួយដែលមិនទាន់អាចសម្រេចបានជោគជ័យធំៗ ទោះមានការរំពឹងទុកខ្ពស់ បានឡើងទៅលេង World Cup តែម្ដងប៉ុណ្ណោះ គឺនៅឆ្នាំ ២០០២។ ខណៈក្រុមជម្រើសជាតិឈុតធំទើបតែរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ០-៥ ក្រោមស្នាដៃ ប៉ាឡេស្ទីន នៅក្នុងទឹកដីខ្លួនឯងកាលពីថ្ងៃសុក្រ។
ប៉ុន្តែចិនបានបង្ហាញទម្រង់លេងល្អជាងមុននៅកម្រិតយុវជនក្នុងរយៈពេលចុងក្រោយនេះ ហើយបន្តពីការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ នៅ U-23 Asian Cup កាលពីខែកុម្ភៈ ដោយឈ្នះមេដាយសំរឹទ្ធនៅ Asian Games ដែលធ្វើឡើងនៅប្រទេសជប៉ុន។
ចិនបានយកឈ្នះ អូបេគីស្ថាន ក្នុងការទាត់បាល់ពិន័យ ១១ ម៉ែត្រ បន្ទាប់ពីការប្រកួតបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ហើយគ្រូបង្វឹក Antonio Puche បាននិយាយថា លោករំពឹងថាកីឡាករជំនាន់ថ្មីនឹងបន្តឈានទៅរកភាពជោគជ័យកាន់តែធំ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា៖ «សម្រាប់ខ្ញុំ កីឡាករទាំងនេះមានអនាគតដ៏អស្ចារ្យ។ យើងត្រូវខិតខំប្រឹងប្រែង និងជំរុញពួកគេ ព្រោះយើងមានកីឡាករដែលមានគុណភាពខ្ពស់ និងមានបេះដូងរឹងមាំ ហើយនេះគឺជារឿងសំខាន់ណាស់ក្នុងបាល់ទាត់។»
ការប្រកួតបាល់ទាត់នៅ Asian Games គឺសម្រាប់ក្រុម U-23 ដែលអាចបញ្ចូលកីឡាករដែលមានអាយុលើសកំណត់ចំនួន ៣ នាក់បាន។
ក្រុមរបស់ Puche នៅ Aichi-Nagoya មានកីឡាករមួយចំនួនដែលជាកីឡាករប្រចាំរបស់ក្រុមជម្រើសជាតិឈុតធំផងដែរ។
ក្រុមជម្រើសជាតិឈុតធំបានជួបការលំបាកនៅពេលគ្មានកីឡាករទាំងនោះ ដោយពួកគេក៏បានចាញ់ New Zealand ០-៣ នៅក្នុងទឹកដីខ្លួនឯង ក្នុងការប្រកួតមិត្តភាពកាលពីសប្តាហ៍មុន។
Puche ក៏បានផ្តល់ការគាំទ្រដល់គ្រូបង្វឹក Shao Jiayi ឱ្យកែប្រែស្ថានការណ៍ បន្ទាប់ពីបរាជ័យដ៏ធ្ងន់ធ្ងរទល់នឹង ប៉ាឡេស្ទីន។
លោកបាននិយាយថា៖ «លទ្ធផលនៃការប្រកួតចុងក្រោយនោះ ពិតជាមិនល្អទេ នោះគឺជាការពិត។ ប៉ុន្តែគ្រូបង្វឹកធំមានសមត្ថភាព និងមានភាពរឹងមាំខ្លាំង ហើយគាត់នឹងប្រើប្រាស់បរាជ័យនេះ ដើម្បីធ្វើឱ្យក្រុមកាន់តែប្រសើរឡើង។»
ចិនមិនធ្លាប់ឈ្នះមេដាយមាសបាល់ទាត់បុរសនៅ Asian Games ឡើយ។
ពួកគេធ្លាប់ឈ្នះមេដាយសំរឹទ្ធម្តងកាលពីឆ្នាំ ១៩៩៨ នៅទីក្រុង Bangkok ហើយមេដាយសំរឹទ្ធលើកនេះ គឺជាមេដាយបាល់ទាត់បុរសលើកដំបូងរបស់ចិននៅ Asian Games ក្នុងរយៈពេល ២៨ ឆ្នាំ៕










