សមត្ថកិច្ចឃាត់ខ្លួនកម្មករស៊ីឈ្នួល៣នាក់ សង្ស័យលួចនាំទំនិញពីថៃចូលកម្ពុជា តាមព្រំដែនស្រុកម៉ាឡៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យប្រុសចំនួន ៣ នាក់ទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីសង្ស័យរត់ពន្ធទំនិញដោយខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា តាមបណ្ដោយព្រំដែនក្នុងស្រុកម៉ាឡៃ។

 

ប្រតិបត្តិការដំបូងបានធ្វើឡើងនៅវេលាម៉ោង ជិត៨យប់ថ្ងៃទី ០២ខែតុលា ឆ្នាំ២០២៦ នៅភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ដោយកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងយោធាវរសេនាតូច៥១១។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ អាយុ២០ឆ្នាំ និង១៩ឆ្នាំ ព្រមទាំងដកហូតទំនិញប្រើ ប្រាស់ចម្រុះមកពីប្រទេសថៃ។

 

តាមការបញ្ជាក់របស់សមត្ថកិច្ច ជនសង្ស័យបានឆ្លើយថា ពួកគេស៊ីឈ្នួលដឹកទំនិញតាមការណែនាំរបស់ស្ត្រីជនជាតិខ្មែរម្នាក់ឈ្មោះ «ចែ បូ» ដែលរស់នៅប្រទេសថៃ ដោយទទួលបានកម្រៃ៣ម៉ឺនរៀលក្នុងម្នាក់។ ក្រោយការស្រាវជ្រាវ សមត្ថកិច្ចបានឃាត់ខ្លួនបុរសអាយុ ៤៤ឆ្នាំម្នាក់ទៀត នៅថ្ងៃទី៣ខែតុលា។ សមត្ថកិច្ចក៏បានបញ្ជាក់ថា ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ មានលទ្ធផលតេស្តទឹកនោមវិជ្ជមានចំពោះសារធាតុញៀន។

 

តាមសមត្ថកិច្ចជនសង្ស័យទាំង៣នាក់បានឆ្លើយថា ពួកគេបានឆ្លងអូរព្រំដែនចូលទៅក្នុងទឹកដីប្រទេសថៃ ដើម្បីយកទំនិញមកកាន់ស្រុកម៉ាឡៃ។ នៅរសៀលថ្ងៃទី ៤ខែតុលា ជនសង្ស័យទាំង៣នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print