ភ្នំពេញ៖ បច្ចុប្បន្ននេះយេីងសង្កេតឃេីញថា បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងបន្តយុទ្ធនាការក្ដៅ ក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទយ៉ាងសស្រាក់សស្រាំនៅតាមបណ្តាមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួនក៏ដោយ ប៉ុន្តែនៅចំណុចផ្សារ Golden Street ឬប៉ោយ៉ា ទល់មុខអាគារ The Bridge ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បែរជាមានការបើកដំណើរការល្បែងស៊ីសងភ្នាល់ប្រាក់យ៉ាងអនាធិបតេយ្យ ទាំងយប់ទាំងថ្ងៃយ៉ាងរំភើយ គ្មានការបង្ក្រាបពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន។
យោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលេីនេះ បានឱ្យដឹងថា ទីតាំងល្បែងខាងលើត្រូវបានគេស្គាល់ថា ជារបស់បុគ្គលជនជាតិចិនហៅឈ្មោះ តឿ និងឈ្មោះ រតនា ដែលជាមន្ត្រីសមត្ថកិច្ចមួយរូប។
ពាក់ព័ន្ធបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាបទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
ប្រជាពលរដ្ឋបានអះអាងថា នៅទីតាំងផ្សារ Golden Streetឬ ប៉ោយ៉ា នោះ មានបើកលេងល្បែងស៊ីសងច្រើនប្រភេទ រួមមាន ឡូតូ និងបៀកាតឡាក់ (Baccarat) ជាដើម ដោយមានអ្នកចូលលេងយ៉ាងកកកុញ និងភ្នាល់ប្រាក់ក្នុងចំនួនច្រើនៗ។ ប្រជាពលរដ្ឋមានការងឿងឆ្ងល់យ៉ាងខ្លាំងថា ខណៈដែលអាជ្ញាធរចុះបង្ក្រាបទីតាំងល្បែងផ្សេងៗស្ទើរតែគ្រប់កន្លែងក្នុងរាជធានីភ្នំពេញ ហេតុអ្វីបានជាទីតាំងរបស់លោក រតនា មួយនេះ នៅតែអាចបើកដំណើរការយ៉ាងរលូន ដោយគ្មានការរំខាន ឬមានការចុះត្រួតពិនិត្យ និងបង្ក្រាបពីសំណាក់អាជ្ញាធរមូលដ្ឋានទាល់តែសោះ?
ករណីនេះបានធ្វើឱ្យមហាជនដាក់ការសង្ស័យថា តើបុគ្គលឈ្មោះ រតនា ពិតជាមន្ត្រីសមត្ថកិច្ចដែលមានឥទ្ធិពល ឬយ៉ាងណា? ទើបអាចបើកទីតាំងល្បែងស៊ីសងខុសច្បាប់យ៉ាងរឹងមាំខុសពីច្បាប់បែបនេះ។ ការបណ្តែតបណ្ដោយឱ្យមានទីតាំងល្បែងស៊ីសងបានអូសបន្លាយ ត្រូវគេមើលឃើញថា ជាការមើលរំលង និងមិនបានចូលរួមអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីពង្រឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ទាំង៩ចំណុចនោះឡើយ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានសំណូមពរយ៉ាងទទូចដល់ថ្នាក់ដឹកនាំ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះស្រាវជ្រាវ និងស៊ើបអង្កេតឱ្យបានច្បាស់លាស់ ថាទីតាំងល្បែងស៊ីសងនេះជារបស់បុគ្គលឈ្មោះ តឿ និងឈ្មោះរតនា ពិតប្រាកដមែនឬយ៉ាងណា?
ពាក់ព័ន្ធនិងបញ្ហានេះដែរ លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានប្រាប់អង្គភាពសារព័ត៌មាននគរវត្ត និងគេហទំព័រនគរដ្រេហ្គនថា៖ ទីតាំងខាងនេះ ឱ្យតែមានបើកគឺលោកតែងតែដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះអនុវត្តវិធានការបង្រ្កាប មិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់នោះទេ។ លោកអភិបាលខណ្ឌរូបនេះ បានគូសបញ្ជាក់ថា កន្លងទៅនេះ តែងតែណែនាំឱ្យកម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវបង្រ្កាប ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួនពាក់ព័ន្ធករណីល្បែងស៊ីសងផងដែរ។
ដោយឡែកបុគ្គលឈ្មោះ រតនា និងជនជាតិចិន ហៅថាឈ្មោះតឿ អង្គភាពយេីងមិនមានលេខទូរស័ព្ទ ដេីម្បីធ្វើការទំនាក់ទំនងបានទេ ប៉ុន្តែប្រសិនបើបុគ្គលទាំងពីរនេះ ចង់ឆ្លើយបំភ្លឺជុំវិញករណីខាងលើនេះ អង្គភាពរង់ចាំរាល់ម៉ោងធ្វេីការ។
ពាក់ព័ន្ធករណីខាងលេីនេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ដូចជាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានី បានដាក់បទបញ្ជា និងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ រួមមាន៖ អធិការ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឱ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ទាំងនោះ បើកយ៉ាងអនាធិបតេយ្យធ្វើឱ្យបាត់បង់សេក្តីថ្លៃថ្នូលផងដែរ៕
ដោយ៖ ស រស្មី










