សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន មិនមែនត្រឹមជាសកម្មភាពមនុស្សធម៌ទេ តែជាកតញ្ញុតាធម៌ចំពោះជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងថា ការជួបជុំគ្នាសារជាថ្មីនៅលើទឹកដីកម្ពុជាពេលនេះ គឺជាសក្ខីភាពដ៏រស់រវើកបង្ហាញពីនិរន្តរភាព ស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការបន្តលើកម្ពស់សុខុមាលភាពរបស់អតីតយុទ្ធជនក្នុងតំបន់។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥។

 

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) មិនត្រឹមតែជាកម្លាំងមនុស្សធម៌ដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិត សុខុមាលភាព និងការគាំពារសង្គមជូនដល់អតីតយុទ្ធជន និងជនពិការដោយសារសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការតំបន់ដ៏មានឥទ្ធិពលមួយក្នុងការរួមចំណែកយ៉ាងសកម្មដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។

 

ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការដឹងគុណ ការមើលថែ និងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន គឺមិនមែនគ្រាន់តែជាសកម្មភាពមនុស្សធម៌ធម្មតានោះឡើយ ប៉ុន្តែវាគឺជាកាតព្វកិច្ចសីលធម៌ និងជាកតញ្ញូតាធម៌ចំពោះជាតិ ដែលកូនចៅ ឬអ្នកជំនាន់ក្រោយគ្រប់រូបត្រូវមានកាតព្វកិច្ចតបស្នងចំពោះវីរជន និងមន្ត្រីរៀមច្បងគ្រប់រូប ដែលបានលះបង់កម្លាំងកាយចិត្ត និងអាយុជីវិតដើម្បីជាតិមាតុភូមិ៕

 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print