ខេត្តសៀមរាប÷ អនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកិច្ចសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ។
កាលពីវេលាម៉ោង១៤:០០ នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦កន្លងមកនេះ បន្ទាប់ពីកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបទទួលបានព័ត៌មានពីអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងសេចក្តីរាយការណ៍ពីម្ចាស់ម៉ូតូថា រូបខ្លួនត្រូវបានអ្នកស្គាល់គ្នាលួចយកម៉ូតូ ម៉ាក Scoopy ពណ៌ស ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1MH-3659 លេខតួ និងលេខម៉ាស៊ីន 8404434 កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦កន្លងទៅ នៅក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយរត់គេចខ្លួនឆ្ពោះមកខេត្តសៀមរាប ព្រមទាំងបានផ្ញើពាក្យបណ្តឹង ភិនភាគម៉ូតូ និងរូបថតជនសង្ស័យមកភ្លាមៗ កម្លាំងនគរបាលក្រុងសៀមរាបបានចេញធ្វើអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សំណាង ចាន់ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង រួមទាំងម៉ូតូខាងលើនៅចំណុចខាងជើងភ្លើងស្តុបគោកប៉ាទ្រី ស្ថិតក្នុងភូមិក្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ហើយនាំខ្លួនមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។
នៅចំពោះមុខនគរបាលជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា ម៉ូតូខាងលើគឺបក្ខពួករបស់ខ្លួនជាអ្នកលួច ហើយបានឱ្យរូបខ្លួនជិះយកមកកាន់ខេត្តសៀមរាប។ ជាមួយគ្នានេះ សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យ ជាលទ្ធផល អវិជ្ជមាន។
វត្ថុតាងដកហូតបាន៖ ម៉ូតូម៉ាក Scoopy ពណ៌ស ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1MH-3659 ចំនួន០១ គ្រឿង។
បន្ទាប់ពីបានឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញយើង ធ្វើការទាក់ទងទៅកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកណ្ដាលដើម្បីប្រគល់ទទួលជនសង្ស័យនិងវត្ថុតាង យកទៅកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










