ឥណ្ឌូណេស៊ីបានយកឈ្នះថៃ 4-2 ក្នុងការទាត់បាល់ប៉េណាល់ទី បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្របញ្ចប់ដោយលទ្ធផល 2-2 ក្រោយលេងបន្ថែមម៉ោង នៅទីក្រុងហ្សាការតា ដើម្បីក្លាយជាម្ចាស់ជើងឯក FIFA ASEAN Cup លើកដំបូង។
ឥណ្ឌូណេស៊ីបានបង្កើតឱកាសល្អជាងក្នុងតង់ទី១ ប៉ុន្តែមិនអាចទម្លុះអ្នកចាំទីថៃ Saranon Anuin បានឡើយ ហើយការប្រកួតបានបញ្ចប់តង់ទី១ដោយគ្មានគ្រាប់បាល់។
ស្ថានការណ៍នៅវគ្គផ្តាច់ព្រ័ត្របានផ្លាស់ប្តូរនៅនាទីទី 81 នៅពេលខ្សែការពារថៃ Nicholas Mikelson ត្រូវបានបណ្តេញចេញពីការប្រកួត បន្ទាប់ពីទទួលបានកាតលឿងទី២។
បីនាទីក្រោយមក ឥណ្ឌូណេស៊ីបានបើកការនាំមុខ ខណៈបាល់ Free Kick របស់ Dean James បានប៉ះខ្សែការពារ Iklas Sanron ហើយផ្លាស់ទិសចូលទីផុតដៃអ្នកចាំទី Anuin។
ប៉ុន្តែថៃបានឆ្លើយតបស្ទើរតែភ្លាមៗ ដោយ Sanron បានវាយបាល់ Volley បញ្ចូលទីនៅនាទីទី 87 ដើម្បីតាមស្មើ 1-1 និងបង្ខំឱ្យការប្រកួតឈានចូលវគ្គបន្ថែមម៉ោង។
ក្នុងវគ្គបន្ថែមម៉ោង ក្រុមថៃដែលនៅសល់កីឡាករ ១០នាក់បានធ្វើឱ្យម្ចាស់ផ្ទះភ្ញាក់ផ្អើល។ Anan Yodsangwal បានឆក់បាល់ចេញពី Elkan Baggott រួចបញ្ជូនទៅឱ្យ Peeradol Chamrasamee ដែលបានស៊ុតបាល់កាត់ផុតអ្នកចាំទី Emil Audero នៅនាទីទី 111 ដើម្បីឱ្យថៃនាំមុខ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺរឿងរ៉ាវមិនទាន់ចប់នៅឡើយ។ ប្រាំនាទីក្រោយមក Baggott ដែលកើតនៅទីក្រុងបាងកក បានរកគ្រាប់បាល់តាមស្មើវិញ ដោយស៊ុតបាល់ប៉ះផ្នែកខាងក្រោមនៃរបារទី មុនធ្លាក់ចូលទី ធ្វើឱ្យការប្រកួតបញ្ចប់ដោយភាពរំភើប និងត្រូវសម្រេចដោយការទាត់បាល់ប៉េណាល់ទី។
នៅវគ្គទាត់បាល់ប៉េណាល់ទេប្រធានក្រុមថៃ Sarach Yooyen បានស៊ុតមិនចូលក្នុងការទាត់លើកទី៣របស់ថៃ។ បន្ទាប់មក អ្នកចាំទីរបស់ Garuda Emil Audero បានក្លាយជាវីរបុរសនៃការប្រកួត ដោយសង្គ្រោះបាល់ពី Nattapon បាន និងជួយឱ្យឥណ្ឌូណេស៊ីគ្រងជើងឯក FIFA ASEAN Cup ជាលើកដំបូង៕










