ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៦ បានរៀបចំវេទិកាពិគ្រោះយោបល់ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់ខេត្ត ព្រមទាំងផ្សព្វផ្សាយកម្មវិធីសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០២៦។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លឹម សៀងហេង អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត លោក ហ៊ូវឌ្ឍនៈ សមាជិកក្រុមប្រឹក្សាខេត្តតំណាងលោក ម៉ែនវិបុល ប្រធានក្រុមប្រឹក្សាខេត្ត លោកប្រធានអនុប្រធានមន្ទីរ ដែលពាក់ព័ន្ធលោកអភិបាល អភិបាលរងក្រុងស្រុក ជាច្រើននាក់ផងដែរ។
លោក លឹម សៀងហេង បានគូសបញ្ជាក់ថា វេទិកាដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ពីរ៖ ទីមួយ គឺដើម្បីបង្ហាញពីគម្រោងសកម្មភាពអាទិភាព ដែលមិនទាន់មានថវិកាគាំទ្រ ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ខេត្តស្វាយរៀង។ នេះជាឱកាសសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្ត ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធ ដើម្បីកៀរគរធនធានហិរញ្ញវត្ថុពីអ្នកផ្តល់មូលនិធិនានា សម្រាប់គាំទ្រគម្រោងទាំងនោះ។ ទីពីរ គឺដើម្បីផ្សព្វផ្សាយកម្មវិធីសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង-ស្រុក និងឃុំ-សង្កាត់ ឆ្នាំ២០២៦ ដែលនឹងបង្ហាញពីកាលបរិច្ឆេទ និងទីកន្លែងសិក្ខាសាលា ដើម្បីប្រមូលផ្តុំគម្រោងអភិវឌ្ឍន៍ដែលបានស្នើដោយឃុំ-សង្កាត់ និងប្រមូលធនធានចាំបាច់សម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍នៅមូលដ្ឋាន ក្នុងបរិបថវិមជ្ឈការ និងវិសហមជ្ឈការ។
លោកបានបន្តថា វេទិកានេះក៏មានគោលបំណងជំរុញឱ្យគ្រប់ដៃគូអភិវឌ្ឍន៍ រួមមានវិស័យឯកជន សហគមន៍ អ្នកផ្តល់ជំនួយ អង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រៀមចូលរួមគាំទ្រ និងអនុវត្តឱ្យបានជោគជ័យនូវកិច្ចព្រមព្រៀងនានា។ នេះគឺដើម្បីឆ្ពោះទៅរកឧត្តមភាពនៃកិច្ចអភិវឌ្ឍន៍ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយ៉ាងតិច ១% ក្នុងមួយឆ្នាំ ឆ្លើយតបនឹងផែនការអភិវឌ្ឍន៍ និងចក្ខុវិស័យរបស់ខេត្ត ព្រមទាំងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា ការរៀបចំវេទិកានេះ គឺជាកិច្ចការដ៏ចាំបាច់មួយ ដែលជួយឱ្យរដ្ឋបាលគ្រប់លំដាប់ថ្នាក់អាចសម្រេចបាននូវជោគជ័យក្នុងការស្វែងរកការគាំទ្រសកម្មភាពអភិវឌ្ឍន៍ជាអាទិភាពសម្រាប់ឆ្នាំខាងមុខ ពីបណ្តាមន្ទីរ-អង្គភាព អង្គការជាតិ-អន្តរជាតិ និងសប្បុរសជននានា។ លើសពីនេះ វាជាឱកាសដ៏ល្អក្នុងការស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រុង-ស្រុក និងឃុំ-សង្កាត់ ដើម្បីសម្រេចទិសដៅរួមគ្នាប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងការអភិវឌ្ឍមូលដ្ឋាន៕
ដោយ៖ សុថាន










