អភិបាលខេត្តកណ្តាល ក្រើនរំលឹកដល់លោកអភិបាលស្រុកលើកដែកថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការគ្រោះថ្នាក់ចរាចរណ៍ ទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ជាពិសេសបទល្មើសតាមប្រព័ន្ធអនឡាញ (Online Scam)

ចែករំលែក៖

ខេត្តកណ្តាល៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានណែនាំដល់ លោក ថន សុវណ្ណា អភិបាលថ្មី នៃគណៈអភិបាលស្រុកលើកដែក ឱ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ បន្តកែលម្អការផ្តល់សេវាសាធារណៈ ព្រមទាំងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

ការណែនាំនេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកលើកដែកថ្មី នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោល គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ សូមបញ្ជាក់ថាលោក ថន សុវណ្ណា ត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកលើកដែក ជំនួសលោក ចាប ច័ន្ទវិទ្យា ដែលត្រូវផ្លាស់ប្ដូរទៅកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកកណ្ដាលស្ទឹង។

ថ្លែងក្នុងពិធីតែងតាំងនេះ លោក គួច ចំរើន បានលើកទឹកចិត្តដល់អភិបាលស្រុកថ្មី ត្រូវយកបទពិសោធន៍ល្អៗពីការងារនៅមូលដ្ឋានចាស់មកអនុវត្តនៅមូលដ្ឋានថ្មី និងត្រូវបំពេញតួនាទី ភារកិច្ចឱ្យបានខ្ជាប់ខ្ជួន ស្របតាមច្បាប់ អនុក្រឹត្យ សេចក្តីណែនាំ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ជាមួយគ្នានេះ ត្រូវបន្តសិក្សា ស្រាវជ្រាវ និងរៀនសូត្រជាប្រចាំ ព្រមទាំងតាមដានសភាពការណ៍នៅក្នុងមូលដ្ឋានឱ្យបានច្បាស់ ដើម្បីធានាការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ សំដៅបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅមូលដ្ឋានប្រកបដោយផងដែរ។

លោក​អភិបាលខេត្ត បានក្រើនរំលឹកដល់លោកអភិបាលស្រុកថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការគ្រោះថ្នាក់ចរាចរណ៍ ទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ជាពិសេសបទល្មើសតាមប្រព័ន្ធអនឡាញ (Online Scam) ដើម្បីការពារសុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ទន្ទឹមនឹងនេះ លោកអភិបាលស្រុកថ្មី ត្រូវបន្តកែលម្អការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រសិទ្ធភាព និងមានតម្លាភាព ព្រមទាំងយកចិត្តទុកដាក់លើការអភិវឌ្ឍមូលដ្ឋាន ដោយធានាថា គម្រោងសំណង់នានាមានគុណភាព ស្របតាមស្តង់ដារ អនុវត្តបានទាន់ពេលវេលា និងមានតម្លៃសមស្រប។

លើសពីនេះ លោកអភិបាលខេត្ត បានជំរុញឱ្យរដ្ឋបាលស្រុក ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជន ឱ្យយល់ដឹង និងចេះប្រើប្រាស់កម្មវិធី App NoDrug ដើម្បីចូលរួមផ្តល់ព័ត៌មានអំពីការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានទៅកាន់សមត្ថកិច្ច ដោយរក្សាការសម្ងាត់ ដើម្បីរួមគ្នាទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋចូលរួមបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងសហគមន៍។

ក្នុងឱកាសនោះ លោក​ គួច ចំរើន បានមានប្រសាសន៍ថា ការផ្ទេរ និងទទួលមុខតំណែង គឺជាស្ពានផ្សារភ្ជាប់កាតព្វកិច្ច និងបេសកកម្មពីថ្នាក់ដឹកនាំមួយទៅថ្នាក់ដឹកនាំមួយទៀត ដើម្បីធានាភាពរឹងមាំ និងប្រសិទ្ធភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោក​បានបញ្ជាក់ថា តួនាទីជាអភិបាលស្រុក មិនមែនគ្រាន់តែជាតំណែងនៅលើក្រដាសស្នាមនោះទេ ប៉ុន្តែជាសក្ខីភាពនៃសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល ដែលទាមទារឱ្យអ្នកកាន់តំណែងមានឆន្ទៈ ភាពជាអ្នកដឹកនាំ និងសេចក្តីស្មោះត្រង់ ក្នុងការរួមសុខរួមទុក្ខ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌ។

...

លោក​ គួច ចំរើន បានចាត់ទុកការប្រកាសចូលកាន់មុខតំណែងនេះ ជាផ្នែកមួយនៃការផ្ទេរបទពិសោធន៍ និងបន្តបេសកកម្មដឹកនាំមូលដ្ឋាន ដោយរំពឹងថា លោក ថន សុវណ្ណា នឹងបន្តខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីរួមចំណែកកសាងស្រុកលើកដែកឱ្យកាន់តែមានស៊ីវិល័យ សុវត្ថិភាព និងភាពសុខដុមរមនាជូនប្រជាពលរដ្ឋ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print