សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានដុតបញ្ឆេះសង្រ្គាមជាមួយអ៉ីរ៉ង់ និងមិនទាន់ស្វែងរកបានសន្តិភាពនៅអ៊ុយក្រែន បាននិយាយនៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ថារូបលោកស័ក្តិសមនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព។ ប៉ុន្តែព្រមពេលជាមួយគ្នា លោកក៏បានទទួលស្គាល់ដែរថាមិនសូវមានសង្ឃឹមថានឹងឈ្នះពានរង្វាន់នេះនោះទេ។
ដោយនិយាយអំពីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៦ ដែលគណៈកម្មាធិការណូបែលនៃប្រទេសន័រវែសនឹងប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនដឹងនោះទេថាតើពួកគេនឹងសម្រេចចិត្តបែបណា។ ពួកគេបានល្បីឈ្មោះដោយសារតែមិនប្រគល់ពានរង្វាន់ណូបែលសន្តិភាពមកឱ្យមនុស្សដូចជាខ្ញុំ»។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ ក៏បានលើកឡើងផងដែរថាលោកពិតជាមានកិត្តិយសដែលទទួលបានមេដាយពានរង្វាន់ណូបែលសន្តិភាពកាលពីឆ្នាំមុនពីម្ចាស់ជ័យលាភីម្នាក់ ដែលបាននិយាយថាគ្មាននរណាម្នាក់នៅក្នុងប្រវត្តិសាស្ត្រដែលស័ក្តិសមទទួលបានពានរង្វាន់នេះជាងលោកប្រធានាធិបតី ត្រាំនោះឡើយ។
មេដឹកនាំគណបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado បានប្រគល់មេដាយពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥របស់លោកស្រីទៅឱ្យលោក ត្រាំ កាលពីខែមករា ឆ្នាំ២០២៦ ខណៈលោកស្រីស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិកសម្រាប់កិច្ចប្រឹងប្រែងរបស់លោកស្រីនៅវ៉េណេស៊ុយអេឡា។
ចាប់តាំងពីត្រឡប់មកកាន់តំណែងជាប្រធានាធិបតី កាលពីឆ្នាំមុនមក លោក ត្រាំ បានទទូចម្ដងហើយម្ដងទៀតថារូបលោកស័ក្តិសមទទួលបានពានរង្វាន់ណូបែលសន្តិភាព ជាពិសេសបន្ទាប់ពីរូបលោកអះអាងពីកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមចំនួន៨ ចាប់តាំងពីត្រឡប់មកកាន់អំណាចកាលពីខែមករា។ តែនៅទីបំផុត លោក ត្រាំខ្លួនឯងបានរួមដៃជាមួយអ៉ីស្រាអែលដើម្បីដុតបញ្ឆេះសង្រ្គាមជាមួយអ៉ីរ៉ង់កាលពីខែកុម្ភៈកន្លងទៅ ខណៈកិច្ចប្រឹងប្រែងរបស់លោកក្នុងការស្វែងរកសន្តិភាពបិទបញ្ចប់សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែនម្ដងទៅមុខ ម្ដងថយក្រោយ៕

រូបថត: tuoitre









