អតីតបវរកញ្ញានៅអាល្លឺម៉ង់ ត្រៀមខ្លួនឡើងប្រកួតប្រដាល់អាជីពជាលើកដំបូងក្នុងវ័យ ៣៣ ឆ្នាំ

ចែករំលែក៖

អតីតបវរកញ្ញា Miss Deutschland កញ្ញា Tatjana Genrich ត្រៀមខ្លួនផ្លាស់ប្តូរទិសដៅអាជីពក្នុងវ័យ ៣៣ ឆ្នាំ ដោយផ្លាស់ប្តូរពីផ្លូវដើរម៉ូដ (Catwalk) មកកាន់សង្វៀនប្រដាល់វិញ ដើម្បីប្រកួតប្រដាល់អាជីពជាលើកដំបូង និងបានកំណត់គោលដៅប្រជែងយកពានរង្វាន់ជើងឯកពិភពលោក។

 

ការប្រកួតនេះត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី ១៤ ខែវិច្ឆិកា នៅកីឡដ្ឋាន Messehalle ក្នុងទីក្រុង Magdeburg ក្នុងអំឡុងព្រឹត្តិការណ៍ «Das große Finale» របស់ប្រូម៉ូស៊ែ SES Boxing ដោយមាន ៤ ទឹក (ក្នុងមួយទឹក ២ នាទី) តទល់នឹងគូប្រកួតដែលមិនទាន់ត្រូវបានប្រកាសនៅឡើយ។

 

ទោះបីជាម្ចាស់មកុដរូបនេះ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយតាមរយៈអាជីពនៅក្នុងពិភពម៉ូដក៏ដោយ ប៉ុន្តែកីឡាប្រដាល់មិនមែនជារឿងថ្មីស្រឡាងសម្រាប់នាងនោះទេ។

 

កើតនៅក្នុងប្រទេសរុស្ស៊ី និងបានផ្លាស់ទៅរស់នៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ២០០៣ Genrich បានងាកមកចាប់អារម្មណ៍លើកីឡានេះដំបូងឡើយ ក្នុងអំឡុងពេលសិក្សានៅសាលា បន្ទាប់ពីបានជួបប្រទះការធ្វើបាប និងមើលងាយ (Bullying) ជាញឹកញាប់។

 

នាងបានប្រាប់សារព័ត៌មាន Bild ថា៖ «នៅសាលារៀន ខ្ញុំត្រូវបានគេធ្វើបាបជាញឹកញាប់ ហើយខ្ញុំចង់ស្វែងរកវិធីការពារខ្លួន។ នោះហើយជាចំណុចចាប់ផ្តើមនៃរឿងរ៉ាវទាំងអស់»។

 

ចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០០៩ Genrich បានក្លាយជាជើងឯកប្រដាល់អាម៉ាត័រទម្ងន់ Flyweight ប្រចាំរដ្ឋ Saxony-Anhalt ចំនួនបីឆ្នាំជាប់ៗគ្នា។

 

បន្ទាប់ពីជោគជ័យក្នុងកម្រិតអាម៉ាត័រ Genrich បានបង្វែរការផ្តោតអារម្មណ៍របស់នាងទៅលើការដើរម៉ូដ និងការប្រកួតបវរកញ្ញាវិញ ដោយបានឈ្នះពានរង្វាន់ជាច្រើន រួមមាន Miss Saxony-Anhalt ក្នុងឆ្នាំ ២០១០, Miss Deutschland Europe ក្នុងឆ្នាំ ២០១៥ និង Miss Intercontinental Europe ក្នុងឆ្នាំ ២០២៣។ សមិទ្ធផលដ៏កំពូលរបស់នាងនៅក្នុងពិភពបវរកញ្ញា បានមកដល់នៅពេលដែលអង្គភាព MGO (Miss Germany Organisation) បានប្រគល់ពានរង្វាន់ Miss Deutschland ជូននាងក្នុងឆ្នាំ ២០២២។ បន្ទាប់មក នាងបានជាប់ក្នុងចំណាត់ថ្នាក់ Top 15 នៅក្នុងការប្រកួត Top Model of the World និងបានឈ្នះពានរង្វាន់ Miss Popularity ផងដែរ។

 

ទោះបីជាខកខានការប្រកួតប្រដាល់មួយរយៈពេលក៏ដោយ កីឡាការិនីវ័យ ៣៣ ឆ្នាំរូបនេះ បានរក្សាការហ្វឹកហាត់របស់នាងជារៀងរាល់ឆ្នាំ។ ឱកាសត្រឡប់មកកាន់សង្វៀនវិញរបស់នាង បានមកដល់នៅពេលដែលនាងបានទាក់ទងឡើងវិញជាមួយអ្នករៀបចំការប្រកួតលោក Ulf Steinforth នៃស្ថាប័ន SES Boxing ដែលនាងបានស្គាល់តាំងពីថ្ងៃដំបូងនៃការហ្វឹកហាត់ក្នុងទីក្រុង Halle។

 

សារព័ត៌មាន Daily Mail បានដកស្រង់សម្តីរបស់ Genrich ដែលបានថ្លែងថា៖ «ដោយសារតែខ្ញុំជាអ្នកឧបត្ថម្ភដល់កញ្ញាសង្វៀន (Ring girls) នៅក្នុងព្រឹត្តិការណ៍ប្រដាល់របស់គាត់ គាត់បានចូលមកជិតខ្ញុំនៅថ្ងៃមួយ ហើយបានសួរថា តើខ្ញុំចង់ត្រឡប់ចូលសង្វៀនវិញដែរឬទេ។ ចុងក្រោយ ខ្ញុំក៏បានយល់ព្រម ហើយឥឡូវនេះកំពុងត្រៀមខ្លួនធ្វើការប្រកួតអាជីពជាលើកដំបូង»។

 

ស្ថាប័ន SES Boxing មានការរំពឹងទុកខ្ពស់ចំពោះកីឡាការិនីថ្មីរបស់ពួកគេ។ លោក Steinforth ជឿជាក់ថា Genrich មានទាំងគុណភាពកីឡា និងវត្តមានលើសង្វៀនដើម្បីដើរតាមគន្លងរបស់ Regina Halmich។ Halmich ដែលជាអតីតតារាម៉ូដម្នាក់ដែរនោះ ត្រូវបានគេលើកតម្កើងថាជាកីឡាការិនីប្រដាល់ម្នាក់ក្នុងចំណោមកីឡាការិនីជោគជ័យបំផុតនៅក្នុងប្រទេសអាល្លឺម៉ង់ ដោយបានចូលនិវត្តន៍ជាមួយនឹងកំណត់ត្រាយ៉ាងអស្ចារ្យ ពោលគឺឈ្នះ ៥៤ លើក ក្នុងការប្រកួត ៥៦ លើក និងបានជួយឱ្យកីឡាប្រដាល់ស្ត្រីទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេស។

 

សារព័ត៌មាន The Sun បានដកស្រង់សម្តីរបស់ Genrich ថា៖ «ខ្ញុំចង់ធ្វើជាគំរូសម្រាប់ស្ត្រីវ័យក្មេង និងបង្ហាញពួកគេថា អ្នកអាចជោគជ័យបានទាំងក្នុងអាជីពការងារ និងវិស័យកីឡា»។

 

ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតដំបូងរបស់នាង Genrich ហ្វឹកហាត់ប្រាំថ្ងៃក្នុងមួយសប្តាហ៍ ក្រោមការណែនាំរបស់គ្រូបង្វឹកលោក Dirk Dzemski។ នាងធ្វើឱ្យមានតុល្យភាពរវាងកាលវិភាគនេះ ជាមួយនឹងការងាររបស់នាងនៅក្នុងឧស្សាហកម្មម៉ូដ។

...

 

ក្នុងនាមជាស្ថាបនិកនៃ Genrich Model Studios ក្នុងទីក្រុង Magdeburg បច្ចុប្បន្ននាងកំពុងគ្រប់គ្រងតារាម៉ូដប្រហែល ៨០ នាក់ ដោយបង្រៀនពួកគេអំពីឥរិយាបថ ការដើរ និងក្បាច់រាំសម្រាប់កម្មវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print