ខេត្តបាត់ដំបង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវសំណូមពរដ៏សំខាន់មួយ ដោយស្នើឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៃភាគីទាំងសងខាង ចូលរួមធ្វើជាសាក្សីក្នុងការចុះវាស់វែង និងខណ្ឌសីមាព្រំដែនកម្ពុជា-ថៃ នៅពេលខាងមុខ ដើម្បីធានានូវតម្លាភាព និងភាពត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ។
ថ្លែងនៅក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ច (UME) សាខាគោលខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាគ្មានអ្វីត្រូវលាក់បាំងនោះឡើយ ដោយកន្លងមកកម្ពុជាបានសម្របសម្រួលនាំក្រុម AOT និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN) ផ្នែកសិទ្ធិមនុស្ស ចុះពិនិត្យដោយផ្ទាល់នៅគ្រប់ទីតាំងទាំងអស់ រួមទាំងតំបន់ចន្លោះបង្គោលលេខ ៥២ ដល់ ៥៩ និងទីតាំងដែលមានបញ្ហាយោធាថៃឈរជើងគ្រប់គ្រងហួសខ្សែព្រំដែន។ អាស្រ័យហេតុនេះ សម្តេចបានស្នើឱ្យមានការវាស់វែងព្រំដែនឱ្យបានចប់សព្វគ្រប់ ដោយផ្អែកលើអនុសញ្ញា និងសន្ធិសញ្ញាដែលបានឯកភាពគ្នាកាលពីជាង ១០០ឆ្នាំមុន តាមរយៈគណៈកម្មការដែលបានឯកភាពគ្នា ហើយនៅពេលចុះវាស់វែងលើកក្រោយ ត្រូវមានវត្តមានក្រុម AOT ទាំងសងខាងចូលរួមពិនិត្យ និងធ្វើជាសាក្សីផ្ទាល់។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជារក្សាសិទ្ធិពេញលេញក្នុងការប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីការពារ និងទាមទារយកទឹកដីស្របច្បាប់របស់ខ្លួនមកវិញ ប៉ុន្តែក្នុងអាទិភាពចំពោះមុខ កម្ពុជាជ្រើសរើសយកការដោះស្រាយតាមយន្តការច្បាប់ អនុសញ្ញា សន្ធិសញ្ញាដែលមានស្រាប់ និងការទូត ដើម្បីដោះស្រាយបញ្ហាឱ្យចប់ដោយសន្តិវិធី ដោយមិនបាច់បង្ហូរឈាមកងទ័ព និងប្រជាពលរដ្ឋនោះឡើយ។
ទន្ទឹមនឹងនោះ សម្តេចធិបតី បានមានប្រសាសន៍ថា គ្មានសង្គ្រាមណាបញ្ចប់ដោយសង្គ្រាមនោះទេ សូម្បីតែសង្គ្រាមផ្ទៃក្នុងនៅកម្ពុជា ក៏មិនអាចបញ្ចប់បានដោយគ្រាប់កាំភ្លើងដែរ គឺបញ្ចប់ដោយ «នយោបាយឈ្នះ-ឈ្នះ»៕
ដោយ ៖ សិលា










