អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ខ្លាចថាការរឹបអូសរថយន្តការពារគ្រាប់កាំភ្លើងរបស់លោកដោយអាជ្ញាធរដើម្បីទារយកបំណុលពន្ធចំនួន ១៧,៦ ពាន់លានបាត (៥២៣ លានដុល្លារអាមេរិក) អាចធ្វើឱ្យលោកគ្រោះថ្នាក់។
យោងតាមកាសែត The Nation អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានស្នើសុំតុលាការពន្ធដារកណ្តាលនៅថ្ងៃទី ៧ ខែតុលា ឱ្យចេញដីកាបង្គាប់បណ្ដោះអាសន្នមួយ ដើម្បីរារាំងសេវាចំណូលផ្ទៃក្នុងពីការរឹបអូសទ្រព្យសម្បត្តិរបស់លោក។
កាលពីខែវិច្ឆិកា ឆ្នាំ ២០២៥ តុលាការកំពូលថៃបានសម្រេចថា លោក ថាក់ស៊ីន ត្រូវតែបង់ពន្ធចំនួន ១៧,៦ ពាន់លានបាត ដែលទាក់ទងនឹងការលក់ក្រុមហ៊ុនទូរគមនាគមន៍របស់លោក គឺក្រុមហ៊ុន Shin Corp។ ការរឹបអូស និងការបង្កកទ្រព្យសម្បត្តិរបស់អតីតនាយករដ្ឋមន្ត្រី គឺជាវិធានការមួយក្នុងគោលបំណងទារយកបំណុលពន្ធនេះ។
លោក ថាក់ស៊ីន បាននិយាយនៅក្នុងតុលាការថា “រថយន្តពីរគ្រឿងក្នុងចំណោមរថយន្តទាំងប្រាំគ្រឿងដែលបានរឹបអូស គឺការពារគ្រាប់កាំភ្លើង។ ខ្ញុំបានប្រឈមមុខនឹងការប៉ុនប៉ងធ្វើឃាតចំនួនបួនដងក្នុងអំឡុងពេលខ្ញុំជានាយករដ្ឋមន្ត្រី ហើយការបាត់បង់រថយន្តទាំងនេះអាចធ្វើឱ្យជីវិតរបស់ខ្ញុំគ្រោះថ្នាក់។ ការផលិតរថយន្តជំនួសតាមលក្ខណៈបច្ចេកទេសពិសេសនឹងចំណាយពេលយូរណាស់។ តើអ្នកណានឹងទទួលខុសត្រូវប្រសិនបើខ្ញុំគ្រោះថ្នាក់?” ។
នៅក្នុងសវនាការតុលាការនៅថ្ងៃទី 7 ខែតុលា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន បានថ្លែងថា លោកលែងទទួលបានប្រាក់ចំណេញពីការលក់ភាគហ៊ុន Shin Corp ដើម្បីប្រើជាទ្រព្យបញ្ចាំដើម្បីពន្យារពេលការបង់ពន្ធត្រឡប់មកវិញទៀតហើយ។ ខណៈពេលដែលទទួលយកសេចក្តីសម្រេចរបស់តុលាការកំពូលលើកាតព្វកិច្ចពន្ធរបស់លោក លោក ថាក់ស៊ីន បានអះអាងថា វិធានការអនុវត្តច្បាប់របស់អាជ្ញាធរពន្ធដារគឺខុសច្បាប់។
នៅឆ្នាំ 2006 លោក ថាក់ស៊ីន បានបង្កឱ្យមានភាពចម្រូងចម្រាសដោយកេងប្រវ័ញ្ចចន្លោះប្រហោងផ្នែកច្បាប់ដើម្បីលក់ភាគហ៊ុនរបស់ Shin Corp ដោយមិនបង់ពន្ធ។ កិច្ចព្រមព្រៀងនេះបាននាំឱ្យគ្រួសារ ស៊ីណាវ៉ាត្រា ទទួលបានប្រាក់ចំណេញរហូតដល់ 1.9 ពាន់លានដុល្លារ។ ជាពិសេស ប្រតិបត្តិការនេះបានកើតឡើងត្រឹមតែបីថ្ងៃបន្ទាប់ពីច្បាប់ទូរគមនាគមន៍ថ្មីរបស់ប្រទេសថៃបានចូលជាធរមាន នៅពេលដែលលោក ថាក់ស៊ីន នៅតែជានាយករដ្ឋមន្ត្រី។
ហេតុការណ៍នេះបានបង្កឱ្យមានការខឹងសម្បារ និងជាមូលហេតុមួយនៃរដ្ឋប្រហារនៅចុងឆ្នាំ 2006 ដោយបង្ខំឱ្យលោក ថាក់ស៊ីន និរទេសខ្លួនទៅក្រៅប្រទេសអស់រយៈពេលជាង 10 ឆ្នាំ៕

រូបថត: the nation









