Zheng Qinwen ក្លាយជាកីឡាការិនីម្ចាស់ផ្ទះដំបូងគេដែលឈ្នះជើងឯក China Open

ចែករំលែក៖

កីឡាការិនីតេន្នីសចិន Zheng Qinwen បានក្លាយជាកីឡាការិនីម្ចាស់ផ្ទះដំបូងគេដែលឈ្នះជើងឯក China Open កាលពីថ្ងៃអាទិត្យ បន្ទាប់ពីយកឈ្នះកីឡាការិនីវ័យក្មេងជនជាតិរុស្ស៊ី Mirra Andreeva ក្នុងលទ្ធផល ៧-៥ និង ៦-៤។

 

អតីតកីឡាការិនីលំដាប់លេខ ៤ ពិភពលោក និងជាម្ចាស់ជើងឯកអូឡាំពិកបច្ចុប្បន្នរូបនេះ បានចូលរួមប្រកួតនៅទីក្រុងប៉េកាំងដោយទទួលបានកៅអីពិសេស (Wildcard) បន្ទាប់ពីជួបការលំបាកក្នុងការស្តារទម្រង់លេង និងកាយសម្បទា ក្រោយវះកាត់កែងដៃក្នុងឆ្នាំ ២០២៥។

 

សម្រាប់ Zheng ដែលបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ ៥៤ ពិភពលោក នេះគឺជាការឈ្នះពានលើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំ។

 

កីឡាការិនីវ័យ ២៤ ឆ្នាំរូបនេះ ក៏បានក្លាយជាកីឡាការិនីចិនដំបូងគេដែលឈ្នះពាន China Open ចាប់តាំងពីការបង្កើតការប្រកួតនេះក្នុងឆ្នាំ ២០០៤ មក។

 

នៅដើមការប្រកួត Andreeva ដែលឈរនៅចំណាត់ថ្នាក់លេខ ៥ ពិភពលោក បានបង្ហាញភាពទៀងទាត់ក្នុងការលេងបានល្អជាង។ ប៉ុន្តែ Zheng បានតាមយកបាល់បំបែកការបម្រើមកវិញ ហើយបន្តប្រកួតយ៉ាងស្វិតស្វាញជាមួយគូប្រកួតវ័យ ១៩ ឆ្នាំរូបនេះ ក្នុងការវាយបកគ្នាពីបន្ទាត់ខាងក្រោយទីលាន។

 

Zheng បានសង្គ្រោះបាល់សម្រាប់ឈ្នះសិត (Set Point) ចំនួន ៣ លើក ដើម្បីតាមស្មើ ៥-៥។ បន្ទាប់មក នាងបានឈ្នះគ្រប់ពិន្ទុដែលនៅសល់ក្នុងសិតទី១ ហើយបិទបញ្ចប់ដោយការវាយបាល់ Ace ដើម្បីនាំមុខក្នុងការប្រកួត។

 

អ្នកគាំទ្រដែលចង់ឃើញកីឡាការិនីជាតិរបស់ខ្លួនលើកពាន បានបង្កសំឡេងរំខាននៅពេលខ្លះ ដោយមានការស្រែកហ៊ោមុនពេលពិន្ទុបញ្ចប់ និងការស្រែកគាំទ្រ Zheng ក្នុងអំឡុងពេលកីឡាការិនីទាំងពីរបម្រើបាល់។

 

ទោះជាយ៉ាងណា កីឡាការិនីទាំងពីរនៅតែរក្សាការផ្តោតអារម្មណ៍ ហើយបន្តរក្សាការបម្រើបាល់របស់ខ្លួនបានល្អ រហូតដល់ Zheng រកឃើញឱកាសបំបែកការបម្រើរបស់គូប្រកួតក្នុងហ្គេមទី៩ នៃសិតទី២។ នាងបានវាយបាល់យ៉ាងល្អឥតខ្ចោះឱ្យធ្លាក់ជិតបន្ទាត់ទីលាន ដើម្បីនាំមុខ ៥-៤។

 

កំហុស Double Fault មួយលើកស្ទើរតែធ្វើឱ្យជ័យជម្នះរបស់ Zheng របូតពីដៃ ប៉ុន្តែនាងបានតស៊ូយ៉ាងមុតមាំ និងវាយបាល់ Ace មួយគ្រាប់ ដើម្បីឈ្នះការប្រកួតនៅឱកាស Match Point លើកដំបូងរបស់នាង។

 

នេះគឺជាពានរង្វាន់ដំបូងរបស់ Zheng ចាប់តាំងពីខែតុលា ឆ្នាំ ២០២៤ នៅពេលដែលនាងបានយកឈ្នះ Sofia Kenin ក្នុងការប្រកួតនៅទីក្រុងតូក្យូ។ ជ័យជម្នះនេះក៏ជាពានលើកដំបូងរបស់នាងនៅកម្រិត WTA 1000 ដែលជាកម្រិតប្រកួតដ៏មានកិត្យានុភាពមួយក្នុងកីឡាតេន្នីសនារី។

...

 

ការជួបគ្នាមុនតែមួយលើករវាងកីឡាការិនីទាំងពីរ គឺនៅវគ្គ ៨ នាក់ចុងក្រោយនៃ China Open ឆ្នាំ ២០២៤ ដែលពេលនោះ Zheng បានយកឈ្នះ Andreeva ក្នុងការប្រកួត ៣ សិត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print