៖ កម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ សុខជា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ស្តីពីករណីបាត់ម៉ូតូកង់បី១គ្រឿង ម៉ាកវ៉េវ ពណ៌លឿង លាយត្រួយចេក និងក្រហម គ្មានផ្លាកលេខ។
ក្រោយពីទទួលបណ្ដឹងខាងលើលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ រហូតដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ទើបម្ចាស់ម៉ូតូ បានប្រទះឃើញម៉ូតូរបស់ខ្លួន មានមនុស្សប្រុសចំនួន០៣នាក់កំពុងជិៈ ដោយដោះរឺម៉កចេញ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ហើយពេលនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងធ្វើការឃាត់ខ្លួនមនុស្សទាំង៣នាក់នោះដើម្បីធ្វើការសួរនាំ។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់៖ ១-ឈ្មោះ សួរ រស្មី (ស្មី) ភេទប្រុស អាយុ២៨ឆ្នាំ ,២-ឈ្មោះសួរ រស៊្មី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៣-ឈ្មោះ ពៅ អូរប៉ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយឃាត់ក៏បានធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញមានវិជ្ជមាន(+)។
លោកអនុសេនីយ៍ឯក តិល តៃលីវ បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ពួកខ្លួនបានទិញម៉ូតូពីយុវជនម្នាក់ដោយមិនស្គាល់អត្តសញ្ញាណ ក្នុងតម្លៃចំនួន ១,២០០,០០០រៀល (មួយលានម្ភៃម៉ឺន) ហើយគ្មានលិខិតទិញ-លក់នោះទេ។
ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ ចំណែកជនដៃដល់សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ចំពោះម៉ូតូជាវត្ថុតាងនោះ ត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញហើយ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃចន្ទ ទី១២ ខែ តុលា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕










