ការចូលរួមវាយប្រហាររបស់កម្លាំងទាហានរុស្ស៊ីទៅលើក្រុមបះបោរនិងក្រុមភេរវកម្មIS រយៈពេលមួយឆ្នាំនេះកំពុងតែទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីអង្គការសិទ្ធិមនុស្ស ដោយចោទប្រកាន់ថារុស្ស៊ីបានសម្លាប់ជនស៊ីវិលជិត៤.០០០នាក់។
តាមអង្គការសិទ្ធិមនុស្សស៊ីរីOSDH បានប្រកាសកាលពីដើមខែតុលាដោយចេញតួលេខជនស៊ីវិល ដែលស្លាប់ក្នុងការវាយប្រហាររបស់យន្តហោះរុស្ស៊ី ១ឆ្នាំមកនេះ។ តាំងពីរុស្ស៊ីបើកប្រតិបត្តិការជួយកងទ័ពស៊ីរី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥មកទល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៦ ជនស៊ីវិលដែលស្លាប់ដោយសារយន្តហោះរុស្ស៊ី មានចំនួនជាង៣.៨០០នាក់។ ក្រុងមូស្គូបានបដិសេធតួលេខអង្គការសិទ្ធិមនុស្សស៊ីរី។ តាំងពីពេលរុស្ស៊ីបើកប្រតិបត្តិការផ្លូវអាកាសជួយកងទ័ពស៊ីរី យន្តហោះរុស្ស៊ីបានសម្លាប់ជនស៊ីវិលនៅស៊ីរី ៣.៨០៤នាក់។ ទន្ទឹមនេះដែរ សកម្មជនក្រុមជីហាដរដ្ឋអ៊ិស្លាម២.៧៤៦នាក់ និងសកម្មជនប្រយុទ្ធតាមក្រុមជីហាតដផ្សេងៗទៀត ២.៨១៤នាក់ ក៏បានស្លាប់ក្រោមការវាយប្រហាររបស់រុស្ស៊ីដែរ។ នេះជាតួលេខផ្តល់ដោយអង្គការសិទ្ធិមនុស្សស៊ីរីOSDH។
វិមានក្រិមឡាំង បានទាត់ចោលតួលេខនេះ ដោយចាត់ទុកថា ជាតួលេខមិនអាចយកជាការបាន របស់អង្គការOSDH ជាអង្គការមានទីតាំងនៅអង់គ្លេស។ រុស្ស៊ីលើកឡើងថា រុស្ស៊ីជួយកងទ័ពស៊ីរី កម្ចាត់ក្រុមភេរវជន ហើយការដែលក្រុមជីហាដរដ្ឋអ៊ីស្លាម ក្រុមអាល់កៃដា ឬក៏ក្រុមអាល់ណូស្រា គ្មានវត្តមានក្នុងទីក្រុងដាម៉ាស ក៏ដោយសារជំនួយរបស់រុស្ស៊ីដែរ។
វិមានក្រិមឡាំងប្រកាសពីជំហររុស្ស៊ី ក្នុងការបន្តជួយកងទ័ពស៊ីរី កម្ទេចក្រុមភេរវជន។ រុស្ស៊ីនៅតែប្រកាន់ជំហរដូច្នេះ ទោះជាសហគមន៍អន្តរជាតិទាមទារឲ្យរុស្ស៊ីបញ្ឈប់ការទម្លាក់គ្រាប់បែក ពិសេសនៅទីក្រុងអាឡិប ភាគខាងជើងក៏ដោយ។ ក្រោយបទឈប់បាញ់ស៊ីរីជួបបរាជ័យ ថ្ងៃ១៩កញ្ញាមក រុស្ស៊ីបានបន្តប្រតិបត្តិការជួយកងទ័ពស៊ីរីតទៅទៀត។
ក្នុងការវាយដណ្តើមយកតំបន់ក្រុងអាឡិប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម ថ្ងៃសុក្រមុននេះ កងទ័ពស៊ីរីបានឆ្ពោះទៅមុខ តាមភាគខាងជើង និងភាគកណ្តាលក្រុងអាឡិប។ នៅថ្ងៃសុក្រមុននេះ កងទ័ពបានដណ្តើមយកមន្ទីរពេទ្យ១កន្លែងបានមកវិញ។ កាលពីថ្ងៃព្រហស្បតិ៍ នៅភាគខាងជើងទីក្រុងអាឡិប កងទ័ពក៏បានវាយយកបានជំរំភៀសខ្លួនប៉ាឡេស្ទីនមួយកន្លែងមកវិញ ដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី