អតីតប្រធានក្រុម Real Madrid កីឡាករ Dani Carvajal បានចូលរួមជាមួយក្លិប Getafe ដោយគ្មានតម្លៃផ្ទេរ។
ខ្សែការពារស្លាបស្តាំដែលកើតនៅទីក្រុង Madrid រូបនេះ គ្មានក្លិបលេងចាប់តាំងពីកិច្ចសន្យារបស់លោកជាមួយ Real Madrid នៅកីឡដ្ឋាន Bernabeu បានផុតកំណត់កាលពីខែមិថុនា។
កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ បានចំណាយពេល ២៣ ឆ្នាំជាមួយ Real Madrid និងជាកីឡាករមួយរូបដែលឈ្នះពានរង្វាន់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយឈ្នះពានសរុបចំនួន ២៧ រួមទាំងពាន UEFA Champions League ចំនួន ៦ លើក។
Carvajal បានចុះកិច្ចសន្យាជាមួយ Getafe រហូតដល់ខែមិថុនា ឆ្នាំក្រោយ។ បច្ចុប្បន្ន Getafe កំពុងឈរនៅចំណាត់ថ្នាក់លេខ ១១ ក្នុងក្របខណ្ឌ La Liga និងមានមូលដ្ឋាននៅភាគខាងត្បូងនៃរដ្ឋធានី Madrid ប្រទេសអេស្ប៉ាញ។
កីឡាកររូបនេះបានបង្ហាញខ្លួនចំនួន ៥១ លើកឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ រួមទាំងការឈ្នះពាន UEFA Nations League ក្នុងឆ្នាំ ២០២៣ និងពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប ក្នុងឆ្នាំ ២០២៤។
ទោះជាយ៉ាងណា លោកបានជួបប្រទះបញ្ហារបួសជាបន្តបន្ទាប់ក្នុងប៉ុន្មានរដូវកាលចុងក្រោយ ដោយរងរបួសដាច់សរសៃចងជង្គង់ក្នុងខែតុលា ឆ្នាំ ២០២៤ ហើយបានរងរបួសជង្គង់ធ្ងន់ធ្ងរម្តងទៀតមួយឆ្នាំក្រោយមក។
បញ្ហារបួស និងការមកដល់របស់កីឡាករ Trent Alexander-Arnold កាលពីរដូវក្តៅឆ្នាំមុន បានកាត់បន្ថយឱកាសបង្ហាញខ្លួនរបស់ Carvajal ក្នុងរដូវកាលចុងក្រោយរបស់លោកជាមួយ Real Madrid។ ទោះជាយ៉ាងនេះក្តី Getafe បានបញ្ជាក់ថា ក្លិបស្វាគមន៍ការមកដល់របស់លោក ដោយសារបទពិសោធន៍ និងសមត្ថភាពដឹកនាំរបស់លោក៕










