ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីសង្ស័យចែកចាយគ្រឿងញៀននៅតំបន់ក្រោយផ្សារទំនើបសូរិយា បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម Facebook។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានដែលត្រូវបានបង្ហោះតាមគណនី Facebook ឈ្មោះ «បារមីឥសាន្ត សារព័ត៌មាន» និង « វិជ័យ សង្រ្គាម »របស់ខ្ញុំបាទ ពាក់ព័ន្ធនឹងសកម្មភាពសង្ស័យចែកចាយគ្រឿងញៀននៅម្ដុំក្រោយផ្សារទំនើបសូរិយា តាមបណ្ដោយផ្លូវលេខ៦៧ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញចុះស្រាវជ្រាវលើករណីនេះភ្លាមៗ។
ជាលទ្ធផល នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៧៖៣០នាទីយប់ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ពាក់ព័ន្ធ បានចុះប្រតិបត្តិការនៅចំណុចម្ដុំផ្សារសេលឹប តាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ណាច តូណា ហៅតាក់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ តាមរបាយការណ៍ដដែល ជនសង្ស័យមានលទ្ធផលតេស្តទឹកនោមបង្ហាញថាមានសារធាតុញៀន។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងទូរស័ព្ទដៃមួយគ្រឿង ម៉ាក iPhone 6 ពណ៌ផ្កាឈូក ដែលមានស៊ីមកាតលេខ ០៩០ ២២៦ ៣៤៣។
របាយការណ៍បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នកម្លាំងជំនាញនគរបាលខណ្ឌដូនពេញ និងកម្លាំងពាក់ព័ន្ធ កំពុងបន្តស្រាវជ្រាវស្វែងរកបក្ខពួកចំនួន២នាក់ទៀត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ករណីនេះបង្ហាញពីការយកចិត្តទុកដាក់របស់សមត្ថកិច្ចចំពោះព័ត៌មានដែលប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានបានរាយការណ៍តាមបណ្ដាញសង្គម ដើម្បីជាមូលដ្ឋានក្នុងការស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់។ ទោះជាយ៉ាងណា ការសន្និដ្ឋានអំពីបទល្មើស និងការទទួលខុសត្រូវរបស់បុគ្គលពាក់ព័ន្ធ ត្រូវផ្អែកលើភស្តុតាង និងនីតិវិធីច្បាប់ជាធរមាន៕
ដោយ៖ សីហា សែនសុខ










