ប្រជាពលរដ្ឋនៅសង្កាត់ស្រះចក ស្នើឱ្យបញ្ឈប់ការបូជាសពនៅក្នុងវត្តស្រះចកដោយពិបាកទ្រាំនឹងក្លិនផ្សែង ដែលនាំឱ្យប៉ះពាល់សុខភាព

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បានស្នើឱ្យ អាជ្ញាធរខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ បញ្ឈប់ការបូជាសពនៅក្នុងវត្តស្រះចកដោយពិបាកទ្រាំនឹងក្លិនផ្សែង ដែលនាំឱ្យប៉ៈពាល់សុខភាព។

ប្រជាពលរដ្ឋបានលើកឡើងបែបនេះនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ នាព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នំា២០២៦ ក្រោមអធិបតីភាព លោក ជួប ខុន សមាជិក្រុមប្រឹក្សារាជធានីភ្នំពេញ ជាតំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ រួមជាមួយនឹង លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

នៅក្នុងវេទិកានោះ លោក អ៊ឹង តារា ប្រជាពលរដ្ឋមកពីសង្កាត់ស្រះចកបានបញ្ជាក់ថា នៅពេលមានការបូជាសពម្តងៗ ប្រជាពលរដ្ឋរស់នៅក្បែរទីតំាងវត្តស្រះចក ពិបាកទ្រាំនិងក្លិនផ្សែងឈ្ងៀម ដែលធ្វើឱ្យប៉ៈពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។

ឆ្លើយតបទៅនឹងបញ្ហានេះលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងរួចហើយមិនឱ្យមានការបូជាសពនៅតាមវត្តក្នុងខណ្ឌចំនួន៥ កណ្តាលរាជធានីភ្នំពេញឡើយ គឺលើកលែងតែឥស្សរៈជនជាន់ខ្ពស់ប៉ុណ្ណោះ។ ជាមួយគ្នានោះ លោក អភិបាលរងបានណែនាំឱ្យប្រធាន មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បន្តកិច្ចសហការជាមួយព្រះគ្រូចៅ អធិការវត្ត ឱ្យអនុវត្តកិច្ចការនេះឱ្យបានត្រឹមត្រូវ ពិសេសត្រូវត្រួតពិនិត្យ ទប់ស្កាត់មិនត្រូវឱ្យមានការបូជាសពដែលកើតជំងឺឆ្លង ដែលនាំឱ្យកាន់តែប៉ៈពាល់ដល់សុខភាពប្រជាពលរដ្ឋ។ការបូជាសព ត្រូវបានអនុញ្ញាតឱ្យនៅតាមបណ្តាវត្តជាយរាជធានីភ្នំពេញ។

លោកបានបញ្ជាក់ទៀតថា ចំពោះសំណូមពរពាក់ព័ន្ធឹការបាញ់ថ្នាំសម្លាប់សត្វមូស រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តចុះបាញ់បន្ថែមទៀត ដើម្បីកម្ចាស់សត្វមុស និងបង្ការទប់ស្កាត់ជំងឺគ្រុញឈាមនារដូវវស្សានេះ ដែលធានាសុខុមាលភាពជូនប្រជាពលរដ្ឋ។ ចំពោះសំណើនិងសំណូមពរមួយចំនួនទៀតដែលប្រជាពលរដ្ឋបានសរសេរនៅក្នុងសំបុត្រ រដ្ឋបាលរាជធានីភ្នំពេញនឹងលើកយកមកពិភាក្សានិងដោះស្រាយនាពេលខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

លោក ជួប ខុន សមាជិកក្រុមប្រឹក្សា បានថ្លែងថា តាមរយៈកិច្ចពិភាក្សា និងពិគ្រោះយល់នាពេលនេះ បានផ្តល់ឱកាសឱ្យអាជ្ញាធរបានដឹងពីតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយដោះស្រាយជូនប្រជាពល រដ្ឋឱ្យមានតម្លាភាព ប្រសិទ្ធិភាព។

សូមបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ មានអ្នកចូលរួមជាង ៥០០នាក់ ក្នុងនោះ មានអ្នកឡើងសំណូមពរពីបញ្ហាផ្សេងចំនួន៥នាក់ ខណៈជាសំបុត្រមានជាង២០ច្បាប់៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print