ខេត្តកំពង់ចាម÷នៅក្នុងសកម្មភាព ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ១ករណី នៅចំណុចទំនប់បាទី ភូមិបាទី ឃុំព្រៃចារ នៃភូមិសាស្ត្រស្រុកជើងព្រៃ ខេត្តកំពង់ចាម ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកជើងព្រៃ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃចារ បានរុះរើបំផ្លាញ ចោលនូវឧបករណ៍ខុសច្បាប់ជាច្រើន ។
បើតាម លោក លី ស្រី នាយខណ្ឌជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បញ្ជាក់ថា ក្នុងការចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខាងលើ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។ ក្នុងនោះកម្លាំងជំនាញ បានរុះរើបំផ្លាញ ចោលនូវឧបករណ៍ខុសច្បាប់ រួមមាន៖ ឧបករណ៍ស្បៃមុង ចំនួន ១៥មាត់
របាំងស្បៃមុងប្រវែង ២៥០ម៉ែត្រ និងបង្គោលចម្រឹង ១៥៥ដើម ។
លោកនាយខណ្ឌ ក៏បានអះអាងដែរថា ចំពោះមុខ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទ ឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ជាបន្តទៀត ដើម្បី ថែរក្សា អភិរក្សធនធានមច្ឆាជាតិ ៕










