ខេត្តព្រះវិហារ៖ ក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ធ្វើការតាមដានយ៉ាងយកចិត្តទុក ដាក់ លើរាល់សកម្មភាពចល័តរបស់ហ្វូងដំរីព្រៃ ដេីម្បីបង្ការគ្រោះថ្នាក់ ជាយថាហេតុ និងកាត់បន្ថយជម្លោះរវាងមនុស្ស និងសត្វព្រៃ បន្ទាប់ពីមានករណីហ្វូងដំរីព្រៃ បានប៉ះពាល់លើរោងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ នាយប់ថ្ងៃទី១៣ ខែតុលា នៅក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា លោកបានពិនិត្យតាមដានសកម្មភាពនេះជាមួយមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានព្រះវិហារ និងបានបញ្ជាក់នៅព្រឹកថ្ងៃទី១៥ ខែតុលា ថា សមត្ថកិច្ចដែលរួមមានមន្រ្តីឧទ្យានុរក្ស និងកម្លាំងបញ្ជាការកងឯកភាពនៃរដ្ឋបាលស្រុកជាំក្សាន្ត រួមនឹងប្រជាពលរដ្ឋក្នុងមូលដ្ឋានក្បែរកន្លែងដំរីធ្វើដំណើរ បាននិងកំពុងតាមដាន ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការពារសត្វដំរីព្រៃដែលជាប្រភេទសត្វកម្រ និងមានវិធានការចំពោះមុខផងដែរ។
អ្នកនាំពាក្យក្រសួងបានឱ្យដឹងថា ក្រុមការងារបានចុះល្បាត និងតាមដានដានជើង ក៏ដូចជាទិសដៅចល័តរបស់ហ្វូងដំរីទាំងនោះ ដើម្បីដឹងច្បាស់ថា ពួកវាកំពុងស្ថិតនៅតំបន់ណា និងដើម្បីទប់ស្កាត់កុំឱ្យពួកវាខិតជិតចូលមកកាន់ទីប្រជុំជន ឬចម្ការរបស់ពលរដ្ឋ។
ក្រុមការងារបានបន្តអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ផ្អាកការចូលព្រៃជ្រៅ ឬការបោះជំរំ/រោងស្នាក់នៅបណ្តោះអាសន្ននៅក្នុងតំបន់ព្រៃដែលជាច្រកចល័តរបស់ដំរី។ លើសពីនេះមន្ត្រីជំនាញបានណែនាំពលរដ្ឋអំពីវិធីសាស្ត្របង្ការការពារកុំឱ្យមានជម្លោះជាមួយដំរី ដូចជា ការប្រើប្រាស់សំឡេង ឬពន្លឺ ជៀសវាងដាច់ខាតនូវការប្រើប្រាស់អាវុធ ឬឧបករណ៍ ដែលអាចបង្ករបួសស្នាម ឬគ្រោះថ្នាក់ដល់ជីវិតសត្វដំរីព្រៃទាំងនោះ។
តាមការបញ្ជាក់ពីមន្ទីរបរិស្ថាន វត្តមានសត្វដំរីព្រៃនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ តែងតែធ្វើការចល័តចុះឡើងរវាងដែនជម្រកសត្វព្រៃនៅតាមបណ្តោយជួរភ្នំដងរ៉ែក ចន្លោះពី១០ទៅ២០ក្បាល។ ជាមួយគ្នានេះក្រុមការងារចម្រុះ កំពុងបន្តស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈ និងតាមដានយ៉ាងដិតដល់បំផុត ដើម្បីធានាបាននូវសុខសុវត្ថិភាព ទាំងសម្រាប់ប្រជាពលរដ្ឋ និងការអភិរក្សសត្វព្រៃនៅក្នុងតំបន់។
ឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋបាលខេត្តព្រះវិហារ បានណែនាំឲ្យអជ្ញាធរមូលដ្ឋានដែលនៅជាប់នឹងដែនអភិរក្ស ជាពិសេសតំបន់ដែលមានវត្តមានដំរីឆ្លងកាត់ និងរកសុី ឲ្យផ្សព្វផ្សាយទូលំទូលាយជូនប្រជាពលរដ្ឋដែលចេញ ចូលប្រមូលអនុផលព្រៃឈើឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងណែនាំឲ្យរៀបចំយន្តការសុវត្តិភាពនៅតាមភូមិឋាន ជាពិសេសរៀបចំប្រព័ន្ធជូនដំណឹងដល់ស្ថាប័នមាន សមត្ថកិច្ចឲ្យបាមទាន់ពេលវេលា។
ដោយឡែក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក គីម រិទ្ធី អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ បាននាំយកជំនួយសប្បុរសធម៌ និងថវិកា ជាអំណោយដ៏ថ្លៃថ្លារបសសម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមគ្រួសារជនរងគ្រោះ និងចូលបុណ្យផងដែរ។
គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ៨:១០ នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ មានករណីសោកសង្រេងមួយបានកើតឡើង ដោយមានហ្វូងដំរីព្រៃប្រមាណ ៥-៦ ក្បាល ចូលមករុះរើរោងស្នាក់នៅបណ្តោះ អាសន្នរបស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់សម្រាប់សម្រាក ដើម្បីរកត្រី នៅចំណុចកញ្ចាំង ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ឧបទ្ទវហេតុនេះបានត្រូវក្រុមការងារបានជួយសង្រ្គោះ និងបាននាំយកជនរងគ្រោះចំនួន២នាក់ ទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្នុងនោះ កុមារាម្នាក់ អាយុ ១១ឆ្នាំ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងស្ត្រីជាម្តាយ អាយុ ៤៩ ឆ្នាំ រងរបួសធ្ងន់ និងកំពុងសម្រាកនៅមន្ទីរពេទ្យ៕
ដោយ៖ សុរិយា










