ខេត្តបាត់ដំបង៖ អំពើហិង្សាក្នុងគ្រួសារមួយបានប្រែក្លាយជាសោកនាដកម្មបង្ហូរឈាម បន្ទាប់ពីបុរសម្នាក់ត្រូវបានរាយការណ៍ថា ស្រវឹងស្រា និងពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន បានប្រើពូថៅដេញកាប់ប្រពន្ធ និងសាច់ញាតិខាងប្រពន្ធ បណ្ដាលឱ្យមានអ្នករងរបួស។
ក្នុងពេលព្យាយាមចូលជួយឃាត់ បុរសជាឪពុកក្មេកត្រូវកូនប្រសារកាប់ចំក្បាល រហូតទ្រាំលែងបានក៏យកចបជីកវាយតបវិញ បណ្ដាលឱ្យកូនប្រសារស្លាប់នៅលើដងផ្លូវ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
តាមរបាយការណ៍បឋមរបស់សមត្ថកិច្ច បុរសសង្ស័យដែលស្លាប់មានឈ្មោះ ហួន វេត អាយុ៤០ឆ្នាំ។ ចំណែក ឯ ឪពុកក្មេកដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ពី កេង អាយុ៧២ឆ្នាំ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ ហួន វេត បានបង្កជម្លោះជាមួយប្រពន្ធ រហូតឈានដល់ការយកពូថៅដេញកាប់ប្រពន្ធ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសរូបនេះត្រូវបានគេអះអាងថា មានបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងស្រវឹងជាប្រចាំ។
នៅពេលឃើញស្ថានភាពគ្រោះថ្នាក់ ម្ដាយក្មេកបានចូលទៅឃាត់ និងព្យាយាមសួរនាំ ប៉ុន្តែបុរសរូបនេះមិនព្រមស្ដាប់ឡើយ ហើយបែរជាងាកទៅដេញកាប់ម្ដាយក្មេកថែមទៀត។
ក្នុងពេលចូលជួយឃាត់ ប្អូនថ្លៃម្នាក់ក៏ត្រូវកាប់ចំដៃឆ្វេង បណ្ដាលឱ្យរងរបួស។
ស្ថានការណ៍កាន់តែធ្ងន់ធ្ងរ នៅពេលលោក ពី កេង ដែលជាឪពុកក្មេក ចូលទៅជួយឃាត់កូនប្រសារ ប៉ុន្តែត្រូវកូនប្រសារប្រើពូថៅកាប់ចំក្បាល បណ្ដាលឱ្យរងរបួសហូរឈាមយ៉ាងខ្លាំង។
ដោយរងការវាយប្រហារ និងព្យាយាមការពារខ្លួន លោកបានទាញចបជីកវាយតបវិញចំក្បាលកូនប្រសារ បណ្ដាលឱ្យដួលស្លាប់នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងឃាត់ខ្លួនលោក ពី កេង នៅកន្លែងកើតហេតុ ខណៈលោកក៏រងរបួសធ្ងន់ដោយសារត្រូវពូថៅកាប់ចំក្បាលផងដែរ។
បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងចាត់ការករណីនេះតាមនីតិវិធី ដើម្បីស៊ើបអង្កេត និងកំណត់ការទទួលខុសត្រូវតាមផ្លូវច្បាប់៕
ដោយ៖ សុរិយា










