Getafe ដាក់សំណើផ្លូវការចុះហត្ថលេខាលើ Jadon Sancho ក្នុងនាមកីឡាករគ្មានក្លិប

ចែករំលែក៖

ក្លិប Getafe បានដាក់សំណើជាផ្លូវការដើម្បីចុះហត្ថលេខានាំយកអតីតខ្សែប្រយុទ្ធរបស់ Manchester United គឺ Jadon Sancho មករួមក្រុម។

 

ខ្សែប្រយុទ្ធស្លាបវ័យ ២៦ ឆ្នាំរូបនេះ បច្ចុប្បន្នគ្មានក្លិបលេង បន្ទាប់ពីកិច្ចសន្យារបស់គេបានផុតកំណត់នៅរដូវក្តៅកន្លងទៅ ហើយកំពុងពិចារណាលើជម្រើសជាច្រើនសម្រាប់អនាគតរបស់ខ្លួន។

 

ទោះបីជាការឈានដល់កិច្ចព្រមព្រៀងត្រូវបានគេមើលឃើញថាមានភាពស្មុគស្មាញក៏ដោយ ក៏ក្លិបអេស្ប៉ាញ Getafe ដែលបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ១៤ ក្នុងក្របខណ្ឌ La Liga និងកំពុងចូលរួមប្រកួតក្នុងពានរង្វាន់ Europa Conference League នៅរដូវកាលនេះ មានបំណងចង់សម្រេចកិច្ចព្រមព្រៀងនេះឱ្យបាន។

 

Sancho ដែល Manchester United បានចំណាយប្រាក់ ៧៣ លានផោន ដើម្បីទិញពី Borussia Dortmund កាលពីឆ្នាំ២០២១ ត្រូវបានគេរាយការណ៍ថា ចង់ផ្លាស់ទៅលេងនៅក្រៅប្រទេសអង់គ្លេស ប៉ុន្តែរូបគេនៅតែបើកចំហចំពោះជម្រើសទាំងអស់។

 

នៅដើមសប្តាហ៍នេះ អតីតប្រធានក្រុម Real Madrid គឺ Dani Carvajal ដែលគ្មានក្លិបលេងចាប់តាំងពីកិច្ចសន្យារបស់គេនៅកីឡដ្ឋាន Bernabeu ផុតកំណត់កាលពីខែមិថុនា បានចូលរួមជាមួយ Getafe ក្នុងនាមជាកីឡាករគ្មានតម្លៃផ្ទេរ។

 

ខ្សែការពារស្លាបស្តាំវ័យ ៣៤ ឆ្នាំរបស់ក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ បានឈ្នះពានរង្វាន់ចំនួន ២៧ ជាមួយ Real Madrid រួមទាំងពានរង្វាន់ Champions League ចំនួន ៦ លើក។ គេបានចុះកិច្ចសន្យាជាមួយ Getafe រហូតដល់ខែមិថុនា ឆ្នាំ២០២៧។

 

កាលពីរដូវកាលមុន Sancho បានលេងឱ្យ Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើង ដោយបង្ហាញខ្លួនចំនួន ៣៩ ប្រកួត ខណៈក្រុមរបស់លោក Unai Emery ទទួលបានសិទ្ធិចូលរួមប្រកួត Champions League និងទទួលបានជោគជ័យក្នុងពានរង្វាន់ Europa League។ Sancho ក៏បានចូលលេងជាកីឡាករបម្រុងនៅចុងម៉ោង ក្នុងការប្រកួតផ្តាច់ព្រ័ត្រដែល Aston Villa យកឈ្នះ Freiburg ផងដែរ។ នេះជាការបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបលើកទី៣ របស់គេ ក្នុងរយៈពេលបីរដូវកាល។

 

ក្នុងរយៈពេលប្រាំឆ្នាំនៅ Manchester United Sancho ក៏ធ្លាប់ត្រូវបានដាក់ឱ្យក្លិប Borussia Dortmund និង Chelsea ខ្ចីជើងផងដែរ។

 

ការផ្លាស់ទៅកាន់ Stamford Bridge ក្នុងរដូវកាល ២០២៤-២០២៥ មានលក្ខខណ្ឌតម្រូវឱ្យ Chelsea ទិញផ្តាច់កិច្ចសន្យា។ ទោះជាយ៉ាងណា ក្រោយពី Sancho បង្ហាញខ្លួនចំនួន ៤១ ប្រកួត Chelsea បានបង់ប្រាក់ពិន័យចំនួន ៥ លានផោន ដើម្បីបញ្ជូនរូបគេត្រឡប់ទៅ Manchester United វិញ។

...

 

ខណៈកំពុងស្វែងរកក្លិបថ្មី Sancho បានបង្ហោះវីដេអូហ្វឹកហាត់នៅលើគណនី Instagram របស់ខ្លួនជាបន្តបន្ទាប់។ ក្នុងចំណោមនោះ មានដំណើរទៅកាន់ក្លិប Flixton ដែលលេងនៅក្រៅប្រព័ន្ធលីគអាជីពផងដែរ។ ក្លិបដែលមានមូលដ្ឋាននៅភាគពាយព្យប្រទេសអង់គ្លេសនេះ ត្រូវចេញមកបញ្ជាក់ថា អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះ មិនបានមកសាកល្បងសមត្ថភាពដើម្បីចូលរួមជាមួយក្លិបនោះទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print