តួកគីយ៉េ៖ លោក អ៊ែរដូហ្គាន់ ប្រធានាធិបតីតួកគីយ៉េ បានបង្ហាញក្តីសង្ឃឹមថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នឹងត្រូវបានដោះស្រាយដោយសន្តិវិធី ហើយផ្អែកលើច្បាប់អន្តរជាតិទាំងឡាយ។
លោកប្រធានាធិបតី បានគូសរំលេចបែបនេះ នៅក្នុងសន្និសីទរួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបន្ទាប់ពីជំនួបទ្វេភាគីនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។
លោកប្រធានាធិបតី បានគូសរំលេចយ៉ាងដូច្នេះ «យើងសង្ឃឹមថាជម្លោះព្រំដែនរបស់កម្ពុជាជាមួយប្រទេសថៃ នឹងត្រូវបានដោះស្រាយតាមរយៈការសន្ទនា និងសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ»។
ទន្ទឹមនឹងការចង់ឃើញជម្លោះដោះស្រាយដោយសន្តិវិធីហើយនោះ លោកប្រធានាធិបតីតួកគីយ៉េ ក៏បានប្រកាសបន្តគាំទ្រប្រជាជនដែលរងផលប៉ះពាល់ដោយជម្លោះនេះដែរ។
នៅក្នុងសន្និសីទនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងដែរថា ក្នុងជំនួបទ្វេភាគី សម្តេច និងលោកប្រធានាធិបតី បានលើកពីបញ្ហារបស់អន្តរជាតិ ដែលកំពុងវិវត្តន៍យ៉ាងស្មុគស្មាញនាពេលបច្ចុប្បន្ន។
បើតាមសម្តេចមហាបវរធិបតី បានឱ្យដឹងថា សម្តេច និងលោកប្រធានាធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃពហុភាគីនិយម និងភាពចាំបាច់ក្នុងការបន្តធ្វើការរួមគ្នា តាមរយៈអង្គការសហប្រជាជាតិ អាស៊ាន យន្តការតំបន់ និងអន្តរជាតិផ្សេងទៀត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងការគោរពច្បាប់អន្តរជាតិ និងគោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ៕
ដោយ៖តារា










