តួកគីយ៉េ៖ ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសតួកគីយ៉េ បានក្លាយជាចលករមួយថ្មីបន្ថែមទៀត ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងតួកគីយ៉េឱ្យកាន់តែខ្លាំងក្លាថែមទៀត។
តបតាមការអញ្ជើញរបស់ លោក អ៊ែរដូហ្គាន់ ប្រធានាធិបតីតួកគីយ៉េ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចមហាបវរធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅពីសំណាក់លោកប្រធានាធិបតីតួកគីយ៉េ។
ថ្លែងក្នុងសន្និសីទរួមគ្នាក្រោយជំនួបទ្វេភាគី លោក អ៊ែរដូហ្គាន់ បានគូសរំលេចពីភាពល្អប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា និងតួកគីយ៉េ ជាពិសេសក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកប្រធានាធិបតី បានចាត់ទុកកម្ពុជា គឺជាដៃគូដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកប្រធានាធិបតី បានបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់លើទំនាក់ទំនងប្រទេសទាំងពីរ។ លោកប្រធានាធិបតី បានរំលឹកដែរថា ក្នុងដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់តួកគីយ៉េកាលពីឆ្នាំ២០១៨ ប្រទេសទាំងពីរបានព្រមព្រៀងបង្កើនទំហំពាណិជ្ជកម្មឱ្យដល់ ១ពាន់លានដុល្លារ។ លោកប្រធានាធិបតី បញ្ជាក់ថា ភាគីទាំងពីរ នឹងបន្តប្រឹងប្រែង ដើម្បីសម្រេចគោលដៅនេះ។ លោកក៏សង្ឃឹមថាវេទិកាធុរកិច្ចតួកគីយ៉េ និងកម្ពុជា នឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចរបស់យើង។
លោកប្រធានាធិបតី បានឱ្យដឹងដែរថា ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ភាគីទាំងពីរ ក៏បានពិភាក្សាអំពីពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ថាមពល ការអប់រំ និងវប្បធម៌។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទស្សនកិច្ចរបស់សម្តេចនៅតួកគីយ៉េនាពេលនេះ គឺជាការបន្តពង្រឹងមូលដ្ឋានគ្រឹះដ៏សំខាន់ និងជាការបើកទំព័រថ្មីនៃទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលកំពុងបន្តរីកចម្រើនជាលំដាប់។ សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចដែរថា កម្ពុជា និងតួកគីយ៉េ មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការយៈពេលជាងប្រាំមួយទសវត្សរ៍មកហើយ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងផលប្រយោជន៍រួម។
សម្តេចធិបតី បានថ្លែងថា ក្នុងជំនួបជាមួយប្រធានាធិបតីតួកគីយ៉េ បានពិភាក្សាយ៉ាងទូលំទូលាយ អំពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ អាទិភាពសំខាន់រួមគ្នា និងទិសដៅអនាគត នៃកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ កិច្ចពិភាក្សា បានគ្របដណ្តប់លើវិធានការជាក់ស្តែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ និងសន្តិសុខ។
សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកការចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងក្នុងក្របខណ្ឌយោធា នឹងផ្តល់មូលដ្ឋានដ៏សំខាន់សម្រាប់ការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀត រវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ។
សម្តេចធិបតី បានថ្លែងនៅក្នុងជំនួបនេះ សម្តេច និងលោកប្រធានាធិបតី ក៏បានទទួលស្គាល់នូវសក្តានុពលដ៏ធំធេងក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគី ការសម្របសម្រួល ការវិនិយោគ និងការពង្រឹងភាពជាដៃគូរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយធុរជនតួកគីយ៉េ ដោយកម្ពុជា អាចដើរតួនាទីជាមូលដ្ឋានផលិតកម្ម ដែលមានសមត្ថភាពប្រកួតប្រជែង និងជាច្រកទ្វារយុទ្ធសាស្ត្រទៅកាន់ទីផ្សារអាស៊ាន ទីផ្សារក្រោមក្របខណ្ឌ RCEP និងទីផ្សារអាស៊ីដ៏ធូលំទូលាយ។
ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិញ សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយ៉េ (TIKA)។ យើងសង្ឃឹមថា TIKA នឹងបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ជំនាញនៅកម្ពុជាបន្ថែមទៀត។ ចំពោះការតភ្ជាប់រវាងប្រជាជន និងប្រជាជន មេដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាថា ការពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ គឺជាកត្តាចាំបាច់ក្នុងការកសាងចំណងមិត្តភាពដ៏រឹងមាំ យូរអង្វែង និងប្រកបដោយអត្ថន័យ។
សម្តេចធិបតី ស្វាគមន៍មិត្តតួកគីយ៉េទាំងអស់មកឈ្វេងយល់ពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ជាពិសេសបច្ចុប្បន្នប្រទេសទាំងពីរ បានបើកដំណើរការជើងហោះហើរត្រង់រវាងទីក្រុងអ៊ីស្តង់ប៊ុល និងរាជធានីភ្នំពេញ។
ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីតួកគីយ៉េ បានជជែកលើបញ្ហារបស់អន្តរជាតិ។ បើតាមសម្តេចធិបតី បានថ្លែងថា សម្តេច និងលោកប្រធានាធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃពហុភាគីនិយម និងភាពចាំបាច់ក្នុងការបន្តធ្វើការរួមគ្នា តាមរយៈអង្គការសហប្រជាជាតិ អាស៊ាន យន្តការតំបន់ និងអន្តរជាតិផ្សេងទៀត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងការគោរពច្បាប់អន្តរជាតិ និងគោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
សម្តេចធិបតី បានអបអរសាទរតួកគីយ៉េ ដែលបានក្លាយជាដៃគូសន្ទនារបស់អាស៊ាន។ កម្ពុជារង់ចាំការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអាស៊ាន និងតួកគីយ៉េ ដើម្បីរួមចំណែកដល់ការធ្វើសមាហរណកម្មតំបន់ ការតភ្ជាប់ និងវិបុលភាពរួម។
សម្តេចធិបតី មានជំនឿយ៉ាងមុតមាំថា ទស្សនកិច្ចរបស់សម្តេច រួមជាមួយ កិច្ចពិភាក្សាប្រកបដោយផ្លែផ្កា នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-តួកគីយ៉េ ឱ្យកាន់តែស៊ីជម្រៅមានខ្លឹមសារជាក់ស្តែង និងគ្របដណ្តប់លើវិស័យកាន់តែច្រើនបន្ថែមទៀត។ ក្នុងស្មារតីមិត្តភាព និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីលើកម្ពស់ភាពជាដៃគូរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត៕
ដោយ៖តារា










