ហ្វូងសត្វដំរីព្រៃ បានចល័តពីស្រុកជាំក្សាន្ត ដល់ស្រុកគូលែន ខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖​ អាជ្ញាធរដែនដី និងមន្ត្រីជំនាញ​ នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានរកឃើញ​ និងតាមដានដំណើរហ្វូងសត្វដំរីព្រៃចំនួន ៦ក្បាល ដែលបានបំផ្លាស់ទីចល័តចេញពីចំណុចស្រោង ក្នុងភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ឆ្ពោះមកកាន់តំបន់កញ្ចាំង និងចំណុចក្តុលកោង ក្នុងភូមិសាស្ត្រឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។

ក្រុមការងារអន្តរស្ថាប័នដឹកនាំដោយគណៈអភិបាល ស្រុកគូលែន ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលស្រុក និងមន្ត្រីនៃមន្ទីរបរិស្ថាន​ ខេត្តព្រះវិហារ ប្រចាំស្នាក់ការបរិស្ថាន​ តាកឹង បានប្រើប្រាស់ឧបករណ៍ដ្រូន (Drone) បង្ហោះត្រួតពិនិត្យពីលើអាកាស ដើម្បីស្វែងរកចំណុចលាក់ខ្លួន ឬទីតាំងដែលហ្វូងដំរីកំពុងជ្រកកោន និងរកចំណីនៅក្នុងព្រៃនៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

ក្រុមការងារបានរកឃើញហ្វូងដំរី មានចំនួន៦ក្បាល ក្នុងនោះមានកូនដំរីចំនួន១ក្បាល​ ផងដែរ កំពុងរកចំណីស្នាក់នៅក្នុង គុម្ពព្រៃ និងមែកឈើ។ ជាមួយគ្នានេះគណៈបញ្ជាការកងឯកភាពខេត្តព្រះវិហារ អាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារហ្វូងដំរីព្រៃចល័តចូលក្នុងភូមិសាស្ត្រស្រុកគូលែន ណែនាំឱ្យពលរដ្ឋផ្អាកការធ្វើ ដំណើរ ឬបោះតង់ស្នាក់នៅក្បែរដីព្រៃ និងតំបន់ស្ទឹងសែនជាបណ្តោះអាសន្ន។

ហាមឃាត់ការតបត​ ត្រូវហាមដាច់ខាតការដេញតាម ឬការប្រើប្រាស់ឧបករណ៍ធំៗបាញ់គំរាម ដែលអាចធ្វើឱ្យសត្វដំរីតក់ស្លុត និងងាកមកវាយប្រហារមនុស្សវិញ។

មន្ត្រីជំនាញអភិរក្សបានបញ្ជាក់ថា តំបន់ទាំងនេះគឺជាច្រករបៀង និងជាកន្លែងដែលហ្វូងដំរីធ្លាប់រស់នៅ និងត្រាច់ចររកចំណីជាប្រចាំពីមុន។ បច្ចុប្បន្ន ក្រុមការងារចម្រុះកំពុងបន្តស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈ និងតាមដានយ៉ាងស្អិតរមួតបំផុត ដើម្បីធានាបាននូវសុខសុវត្ថិភាព ទាំងសម្រាប់ប្រជាពលរដ្ឋ និងកិច្ចអភិរក្សសត្វព្រៃនៅក្នុងតំបន់ការពារ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print