ខេត្តបន្ទាយមានជ័យ៖ មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន២១ រូប ត្រូវបានប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង កន្លងទៅនេះ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ តំណាងលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធស្នងការនគរបាលខេត្តបន្ទាយមានជ័យបានធ្វើសេចក្តីរាយការណ៍ថា ខេត្តបន្ទាយមានជ័យមានភូមិសាស្ត្រ ខាងលិចជាប់នឹងប្រទេសថៃ មានប្រវែង១៥៣ គីឡូម៉ែត្រ មាន ៩ក្រុង ស្រុក ៦៧ ឃុំសង្កាត់ និង៦៧៣ភូមិ (ភូមិរង់ចាំមានចំនួន៦ភូមិ)។ លោកឧត្តមសេនីយ៍ ស្នងការបានបញ្ជាក់ថា ទាក់ទងនឹងសភាពការព្រំដែន ទាហានថៃនៅតែចិញ្ចឹមចិត្តឈ្លានពាន អធិបតេយ្យភាព បូរណភាពទឹកដី កម្ពុជាយើងដូចជា ការដាក់កុងទីន័រ ចល័តទ័ព ជីកលេណដ្ឋាន ជីកប្រឡាយ រាយបន្លាលួស ឈូសឆាយធ្វើផ្លូវនិងការផ្ទុះអាវុធ។ ក្នុងនោះយើងបានប្រើប្រាស់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងកម្លាំងត្រៀមអន្តរាគមន៍មកពីខេត្តចំនួន ៣ ដោយសហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដីនៃមាតុភូមិកម្ពុជាយើង។
តាមប្រកាសរបស់ក្រសួងមហាផ្ទៃអានដោយលោកឧត្តមសេនីយ៍ទោ ភិធេយ្យ សុភរដ្ឋ នាយការិយាល័យបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន២១ រូប ក្នុងនោះថ្នាក់ស្នងការរងចំនួន ៤ រូប ថ្នាក់មេបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោកចំនួន ៣ រូប ថ្នាក់នាយការិយាល័យចំនួន ៨ រូប ថ្នាក់នាយរងការិយាល័យចំនួន ៥ រូប និងថ្នាក់អធិការនគរបាលស្រុក១ រូប។
មានប្រសាសន៍នាឱកាសនោះ លោក ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យទាំងអស់ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានខិតខំយកអស់កម្លាំងកាយចិត្តក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរគួរជាទីមោទនៈ។
លោកបានមានប្រសាសន៍ទៀតថា ក្នុងនាមកងកម្លាំងនគរបាលជាតិ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការរក្សាឲ្យបានសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានល្អប្រសើរ និងស្មោះត្រង់ចំពោះជាតិសាសនា ព្រះមហាក្សត្រ ព្រមទាំងប្តេជ្ញាការពារដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ជាមួយនោះដែរ គឺត្រូវអនុវត្តឱ្យបានមឹងម៉ាត់ស្របតាមរដ្ឋធម្មនុញ្ញ និងអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ។ ទន្ទឹមនោះរក្សាការពារនូវកិត្តិយស សេចក្តីថ្លៃថ្នូរនិងគុណតម្លៃរបស់យើងជាកងកម្លាំងនគរបាលជាតិ ។
ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ឯក តាន់ សំណាង បានណែនាំនិងផ្ដាំផ្ញើដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទាំងអស់ ៖
១/-ត្រូវអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបោសសំអាតស្គេមអនឡាញ ឱ្យអស់ពីកម្ពុជា ព្រមទាំងបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា ដើម្បីរក្សាសុវត្ថិភាពដល់សហគមន៍និងប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន។
២/- គាំទ្រជានិច្ចចំពោះគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន តាមសន្ធិសញ្ញាច្បាប់អន្តរជាតិនិងដោយសន្តិវិធី។
៣/- បន្តសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងកងយោធពលខេមរភូមិន្ទ ក្នុងការការពារអធិបតេយ្យភាពបូរណភាពទឹកដី។ ៤/- ពង្រឹងរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ។
៥/- ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជានិងវិន័យរបស់នគរបាលជាតិនឹងវាតម្លៃ ប្រកបដោយសុក្រឹត្យភាព តម្លាភាពនូវស្នាដៃ មន្ត្រីនគរបាលដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារបានល្អ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ













