ជប៉ុនជាប់ចំណាត់ថ្នាក់ប្រទេសដែលភ្ញៀវទេសចរពេញនិយមបំផុតលំដាប់ទី២ ក្នុងពិភពលោក

ចែករំលែក៖

ប្រទេសជប៉ុនត្រូវបានជ្រើសរើសជាប្រទេសដែលភ្ញៀវទេសចរពេញនិយមបំផុតលំដាប់ទី២ ក្នុងពិភពលោក បន្ទាប់ពីប្រទេសក្រិក នៅក្នុងបញ្ជីប្រទេសល្អបំផុតចំនួន ២០ របស់ទស្សនាវដ្តីអង់គ្លេស Condé Nast Traveller ខណៈវិស័យទេសចរណ៍របស់ប្រទេសនេះកំពុងប្រឈមនឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ និងការផ្លាស់ប្តូរថ្លៃសេវាទិដ្ឋាការ។

 

យោងតាមលទ្ធផលស្ទង់មតិប្រចាំឆ្នាំ Readers’ Choice Awards ប្រទេសជប៉ុនទទួលបានពិន្ទុ ៩៧,០១ ក្នុងចំណោម ១០០ ពិន្ទុ។ ការស្ទង់មតិនេះស្នើឱ្យអ្នកដំណើរវាយតម្លៃប្រទេសនានា ដោយផ្អែកលើកត្តាដូចជា វប្បធម៌ តំបន់ទេសចរណ៍ ម្ហូបអាហារ និងបទពិសោធន៍ទូទៅក្នុងការធ្វើដំណើរ។

 

ទស្សនាវដ្តី Condé Nast Traveller បានសរសេរថា៖ «ការរីកចម្រើនយ៉ាងខ្លាំងនៃវិស័យទេសចរណ៍ កំពុងនាំភ្ញៀវទេសចរកាន់តែច្រើនមកស្វែងយល់ពីវប្បធម៌ម្ហូបអាហារដ៏ល្បីល្បាញ ប្រភពទឹកក្ដៅធម្មជាតិ (onsen) ដ៏ស្រស់ស្រាយ ផ្កាសាគូរ៉ារីកតាមរដូវកាល និងរថភ្លើងល្បឿនលឿនដែលធ្វើដំណើរកាត់ទេសភាពដ៏អស្ចារ្យបំផុតមួយចំនួនក្នុងពិភពលោក»។

 

ទស្សនាវដ្តីនេះបានបន្តថា៖ «ទោះបីជាជប៉ុនជាប្រទេសដែលសម្បូរទៅដោយមរតកវប្បធម៌ និងប្រពៃណីក៏ដោយ ក៏នៅតែមានអ្វីថ្មីៗជាច្រើនដែលអាចស្វែងយល់បានជានិច្ច ចាប់ពីតំបន់ទាក់ទាញបែបអនាគត រហូតដល់បទពិសោធន៍វប្បធម៌ថ្មីៗ»។

 

យោងតាមអង្គការទេសចរណ៍ជាតិជប៉ុន ប្រទេសនេះបានទទួលភ្ញៀវទេសចរបរទេសជាង ២៧ លាននាក់ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៦។ ចំនួននេះបានធ្លាក់ចុះ ២,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការថយចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរមកពីប្រទេសចិន។

 

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនបានដំឡើងថ្លៃសេវាទិដ្ឋាការចូលប្រទេសមួយលើកសម្រាប់ជនបរទេសចំនួន ៥ ដង ពី ៣.០០០ យ៉េន ទៅ ១៥.០០០ យ៉េន។ នេះជាការដំឡើងលើកដំបូងចាប់តាំងពីឆ្នាំ១៩៧៨ មក ដោយសារសម្ពាធអតិផរណា និងការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េន នេះបើយោងតាមសារព័ត៌មាន Kyodo News។

 

ជប៉ុនមានគោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបាន ៦០ លាននាក់នៅត្រឹមឆ្នាំ២០៣០ កើនឡើងពីចំនួន ៤២ លាននាក់ក្នុងឆ្នាំ២០២៥។

...

 

ពានរង្វាន់ Readers’ Choice Awards ដែលត្រូវបានសម្រេចតាមរយៈការបោះឆ្នោតរបស់អ្នកអានជាង ៨០០.០០០ នាក់ គឺជាពានរង្វាន់ដែលមានប្រវត្តិយូរជាងគេក្នុងវិស័យទេសចរណ៍។ ពានរង្វាន់នេះទទួលស្គាល់ភាពលេចធ្លោក្នុងវិស័យសណ្ឋាគារ រមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាជុំវិញពិភពលោក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print