អំពើហិង្សាបានផ្ទុះឡើងនៅក្នុងតំបន់ជាច្រើននៃប្រទេសបារាំងនៅថ្ងៃទី 17 ខែតុលា ដែលជាថ្ងៃចុងក្រោយនៃការតវ៉ាប្រឆាំងនឹងគុណភាពអប់រំ និងការកើនឡើងការចំណាយនៃការរស់នៅ។
យោងតាម BBC យ៉ាងហោចណាស់មានមនុស្ស 1,200 នាក់ត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ា ដែលរដ្ឋាភិបាលបារាំងបានពិពណ៌នាថាជា “អំពើហិង្សាកើនឡើង”។ មនុស្សប្រមាណ 550,000 នាក់បានចេញតាមដងផ្លូវដើម្បីបង្ហាញពីការប្រឆាំងរបស់ពួកគេ។
នៅទីក្រុងប៉ារីស ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លារវាងក្រុមបាតុករ និងប៉ូលីសបង្ក្រាបកុបកម្មបានបន្តរហូតដល់ល្ងាចថ្ងៃទី 17 ខែតុលា។ អាជ្ញាធរបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើងទឹកដើម្បីបំបែកហ្វូងមនុស្ស។
អគារជាច្រើនត្រូវបានដុតបំផ្លាញនៅក្នុងរដ្ឋធានី និងតំបន់ផ្សេងៗទៀត។ នៅទីក្រុង Limoges អគ្គីភ័យដ៏ធំមួយនៅសាលាក្រុងបានបណ្តាលឱ្យផ្នែកខ្លះនៃដំបូលដួលរលំ។ ការប្លន់បានកើតឡើងនៅក្នុងទីក្រុងជាច្រើនរបស់ប្រទេសបារាំង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Laurent Nuñez បាននិយាយថា មន្ត្រីអនុវត្តច្បាប់ចំនួន 60 នាក់បានរងរបួស ដែលក្នុងនោះពីរនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសន្លប់។
នៅទីក្រុងប៉ារីស ការតវ៉ាដ៏សំខាន់គឺមានភាពស្ងប់ស្ងាត់នៅពេលរសៀល។ ក្រុមយុវជនមួយក្រុមបានប្រាប់ BBC ថាពួកគេជា “អ្នកសន្តិភាពនិយមដែលគ្រាន់តែចង់ធ្វើការផ្លាស់ប្តូរ ប៉ុន្តែគ្មានអ្វីផ្លាស់ប្តូរទេ”។
ទោះជាយ៉ាងណាក៏ដោយ នៅពេលល្ងាចខិតជិតមកដល់ ក្រុមមួយចំនួនបានចាប់ផ្តើមដុតភ្លើងនៅតាមដងផ្លូវ និងដុតយានយន្ត រួមទាំងទីតាំងល្បីៗនៅកណ្តាលទីក្រុងដូចជា Place de la République។ ហាងនានាត្រូវបានបំផ្លាញ ហើយយ៉ាងហោចណាស់ភោជនីយដ្ឋានមួយត្រូវបានបំផ្លាញដោយអគ្គីភ័យ។ អ្នកយកព័ត៌មាន BBC បានឃើញការប៉ះទង្គិចគ្នារវាងក្រុមបាតុករជាមួយប៉ូលិស។
នៅទីក្រុងលីយ៉ុង អភិបាលក្រុង Grégory Doucet បានហៅការវាយប្រហារដោយដុតបំផ្លាញការិយាល័យទេសចរណ៍របស់ទីក្រុងថាជា “សោកនាដកម្ម”។ ថ្លែងទៅកាន់ BFMTV លោក Doucet បាននិយាយថា “យើងមានការសោកសៅយ៉ាងខ្លាំង ពីព្រោះនេះជាអគារប្រវត្តិសាស្ត្រដ៏ល្បីល្បាញ ជារូបតំណាងរបស់ទីក្រុង”។ ប៉ូលីសមូលដ្ឋានបាននិយាយថា “ក្រុមជ្រុលនិយម” បានរារាំងអ្នកពន្លត់អគ្គីភ័យពីការចូលទៅកាន់កន្លែងកើតហេតុ និងពន្លត់អគ្គីភ័យ៕
រូបថត: BBC










