ថ្ងៃអាទិត្យនេះ ! អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនអំពីព្រឹត្តិការណ៍ថ្មីៗ និងសង្ខេបជូនឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ចំនួន ៥ 

ចែករំលែក៖

ភ្នំពេញ ៖ សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ គឺថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនអំពីព្រឹត្តិការណ៍ថ្មីៗ និងសង្ខេបជូនឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ ដែលមានដូចតទៅ៖

 

ទី១. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញហើយបន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនិងទស្សនកិច្ចការងារនៅក្នុងប្រទេសចំនួន៣គឺ៖ សាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូលលើកទី៧នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។ ក្រៅពីពង្រឹងនិងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំង៣ ក៏ដូចជាបណ្តាប្រទេសផ្សេងទៀត រាជរដ្ឋាភិបាលក៏ស្វះស្វែងរកការទាក់ទាញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។ បញ្ហាព្រំដែនកម្ពុជា-ថៃ ក៏ជារបៀបវារៈដ៏សំខាន់មួយនៅក្នុងក្របខណ្ឌការទូតសកម្មរបស់រាជរដ្ឋាភិបាល។

 

ទី២. សម្តេចធិបតី នាយករដ្ឋមន្ត្រីបានថ្លែងប្រាប់កិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងបាគូ ប្រទេសអាហ្ស៊ែបែហ្សង់ ថា បទពិសោធន៍ថ្មីៗនេះរបស់កម្ពុជាផ្ទាល់ បានពង្រឹងការជឿជាក់របស់យើងថា សន្តិភាពមិនមែនជាអ្វីដែលបានដោយឯកឯងនោះទេ ហើយជម្លោះរវាងរដ្ឋនានាត្រូវតែដោះស្រាយតាមរយៈមធ្យោបាយសន្តិវិធី ការសន្ទនា និងច្បាប់អន្តរជាតិ។ ព្រំដែន និងអធិបតេយ្យភាព មិនត្រូវបានផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុលើទីតាំងជាក់ស្ដែង (fait accomplis) នោះឡើយ។ សម្តេចធិបតីសង្កត់ធ្ងន់ថា បទឈប់បាញ់រវាងកម្ពុជានិងថៃ នៅតែបន្តគោរពបាន ប៉ុន្តែ ស្ថានការណ៍នៅតែមានភាពស្មុគស្មាញ ហើយបញ្ហាស្នូល គឺបូរណភាពទឹកដី និងអធិបតេយ្យភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមពៀងដែលមានជាធរមាន នៅមិនទាន់ដោះស្រាយនៅឡើយ។

 

សម្តេចធិបតីបន្តថា កម្ពុជានៅតែមានក្តីបារម្ភចំពោះស្ថានភាពជាក់ស្ដែងនៅតាមតំបន់ដែលកងទ័ពថៃកំពុងកាន់កាប់ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ ការខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលជាយន្តការគន្លឹះសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងយ៉ាងច្បាស់ក្នុងកិច្ចព្រមព្រៀងកម្ពុជា-ថៃ រួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងសេចក្តីប្រកាសរួម នៅមិនទាន់ត្រូវបានអនុវត្តជាក់ស្ដែងនៅលើទីតាំងនៅឡើយ។ ការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះបានរារាំងប្រជាជនប្រមាណ២ម៉ឺននាក់ ក្នុងការត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។

 

ទោះបីជាស្ថានភាពនេះនៅតែមានភាពស្មុគស្មាញក៏ដោយ ក៏សម្តេចប្រមុខរាជរដ្ឋាភិបាល នៅតែបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ដោយសន្តិវិធីជាមួយថៃ តាមរយៈយន្តការ និងកិច្ចព្រមពៀងទ្វេភាគីដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន។ សម្តេចធិបតីសង្កត់ធ្ងន់ថា៖«យើងជឿជាក់ថា ការសន្ទនា ការកាត់បន្ថយភាពតានតឹង ការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីដោយស្មោះត្រង់ ជាពិសេស ការខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងវិធានការជាក់ស្ដែងដើម្បីកសាងទំនុកចិត្ត គឺជាកត្តាចាំបាច់ក្នុងការបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការដោះស្រាយជម្លោះដោយយុត្តិធម៌ ស្ថិតស្ថិរ និងការចូលរួមជាមួយគ្នាដោយសន្តិវិធី ហើយនេះគឺជាស្មារតីនៃការសន្ទនា ការកសាងទំនុកចិត្ត និងការរួមរស់ជាមួយគ្នាដោយសន្តិវិធី ដែលCICA ខិតខំជំរុញឲ្យមាននៅទូទាំងទ្វីបរបស់យើង»។

 

ទី៣. កិច្ចប្រជុំលើកទី២របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទដែនសមុទ្ររវាងកម្ពុជានិងថៃកំពុងបន្តប្រព្រឹត្តទៅនៅទីក្រុងឡាអេ។ កិច្ចប្រជុំដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់១៨ ខែតុលា ឆ្នាំ២០២៦។ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររបស់កម្ពុជា កំពុងចូលរួមកិច្ចប្រជុំតាមរបៀបវារៈដែលបានគ្រោងទុក។

 

ទី៤. ក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៧ របស់គណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅទីក្រុងហ្សឺណែវ ថ្ងៃទី១៣ និង១៤ ខែតុលា ឆ្នាំ២០២៦ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ប្រាប់អង្គប្រជុំថា ថៃជាអ្នកបាញ់ប្រហារមុនមកលើកម្ពុជា ហើយរហូតមកទល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណ២ម៉ឺននាក់ទៀតនៅតែមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន ដោយសារការបន្តកាន់កាប់តំបន់មួយចំនួននៃទឹកដីកម្ពុជាដោយកងកម្លាំងប្រដាប់អាវុធថៃ។ សកម្មភាពនេះផ្ទុយពីគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

 

ទី៥.

 

នៅឯកិច្ចប្រជុំក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី(CPF) ថ្ងៃទី១៣ ខែតុលា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបានបញ្ជាក់ថា ជំរុំជនភៀសខ្លួនកម្ពុជានៅក្នុងប្រទេសថៃ គឺគ្មានជនភៀសខ្លួនទៀតទេ តាំងពីខែមីនា ឆ្នាំ១៩៩៩ បន្ទាប់ពីក្រុមជនភៀសខ្លួនចុងក្រោយចំនួន ៧០៥ នាក់ បានវិលត្រឡប់មកកម្ពុជាវិញ។ ការបញ្ជាក់បែបនេះ គឺដោយយោងតាមរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (HCR) និងជាការឆ្លើយតបទៅនឹងការបំភ្លៃការពិតប្រវត្តិសាស្ត្ររបស់ភាគីថៃ។

 

សកម្មភាពការងារទាំងអស់នេះ សបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបាននិងកំពុងបំពេញការងារការទូតយ៉ាងសកម្ម គ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយគ្មានចន្លោះប្រហោងឡើយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print