ភ្នំពេញ៖ ម្ចាស់បទវាចាស្រីឡង់សេ នាងយុង នាងយុង ចាន់កណ្ណិកា បានរៀបការជាមួយស្វាមីលោក ចាន់ ចំណាន ជាមន្ត្រីពន្ធធនាគារកាលពីចុងឆ្នាំ២០១៤។ ពេលនេះនាងបានសម្រេចដូចបំណងក្នុងការពរពោះកូនលើកដំបូងសម្រាប់ស្វាមី ហើយគេរំពឹងថា កូនក្នុងផ្ទៃរបស់នាងនឹងជួយឲ្យស្នេហារបស់ពួកគេកាន់តែផ្អែមល្ហែម និងរឹងមាំ។
តារាចម្រៀងរាងតូចច្រឡឹង យ៉ុង ចាន់កណ្ណិកា បានធ្វើឲ្យស្វាមីបណ្តូលចិត្តត្រេកអរខ្លាំងជាមួយនឹងដំណឹងមានផ្ទៃពោះ ព្រោះតែកន្លងមកស្វាមីនាងចង់បានកូនប្រើឆាប់ៗ។ ស្វាមីនាងគឺលោក ចាន់ ចំណាន បានប្រាប់អ្នកសារព័ត៌មានយើងថា ភរិយាលោកពិតជាបានពរពោះកូនដំបូងពិតមែន ដែលកូនក្នុងផ្ទៃទើបមានវ័យ៣ខែប៉ុណ្ណោះ។ លោកបន្តថា គម្រោងទទួលយកកំណើតកូនដំបូងនោះគឺមានយូរហើយ ប៉ុន្តែដោយសារភរិយាលោកមានការមមាញឹកច្រើនក្នុងការច្រៀងទាំងក្នុងនិងក្រៅស្រុកទើបផែនការពង្រីកសមាជិកគ្រួសារត្រូវបានពន្យាពេល ប៉ុន្តែពេលនេះលោក និងភរិយាទទួលបានកូនដូចបំណងហើយ។ លោកមិនទាន់ដឹងច្បាស់នៅឡើយទេថា កូនក្នុងផ្ទៃភរិយាគឺជាកូនប្រុសឬកូនស្រី ប៉ុន្តែលោកពេញចិត្តទាំងអស់មិនថាប្រុសឬស្រីទេគឺសុទ្ធតែជាកូនដែលជាតំណក់ឈាមរួមគ្នារវាងលោកនិងភរិយា។ លោកបញ្ជាក់ដែរថា ភរិយាលោកនៅតែចង់ចូលរួមកម្មវិធីសិល្បៈ ប៉ុន្តែលោកមិនចង់ឲ្យនាងឡើងឆាក និងហត់នឿយខ្លាំងទើបការងារសិល្បៈមួយចំនួនមិនត្រូវបានទទួល។ លោកថា ការងារសិល្បៈរបស់ភរិយានឹងត្រូវផ្អាកមួយរយៈពេលក្រោយពេលនាងពរពោះកូនដំបូងឈានដល់វ័យ៥ទៅ៦ខែហើយនឹងនៅតែបន្តដដែលក្រោយពេលសម្រាលកូនរួច។
គួរបញ្ជាក់ដែរថា អ្នកនាងយ៉ុង ចាន់កណ្ណិកាជាម្ចាស់ជ័យលាភីលេខ២ក្នុងកម្មវិធីប្រឡងចម្រៀង«ពន្លកតារា» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥គ្រាដែលនាងនៅកុមារនៅឡើយ។ នាងទទួលបានឱកាសច្រៀងជាហូរហែជាមួយផលិតកម្មនានា ពិសេសផលិតកម្មលក់បទចម្រៀងខ្មែរទៅបណ្តាប្រទេសដែលមានប្រជាជនខ្មែររស់នៅ។ នាងបានរៀបចំពិធីមង្គលការជាមួយស្វាមីជាមន្ត្រីពន្ធធនាគាកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ក្រោយស្វែងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំ៕
ដោយ៖ វឌ្ឍនា