រយៈពេល៩ខែមន្រ្តីជំនាញបង្ក្រាបបទល្មើសធនធានធម្មជាតិ ២២៨ករណី រឹបអូសដីជាង៤៤៧ហិកតា មកធ្វើជាដីរដ្ឋវិញ

ចែករំលែក៖

ខេត្តក្រចេះ៖ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៦ មន្ត្រីជំនាញ បានចុះល្បាតចំនួន ១.៤១៥លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២២៨ករណី ខណៈដីទំហំ ៤៤៧,៩៨ហិកតា ត្រូវបានរឹបអូសមកជាដីរដ្ឋ តាមរយៈការអនុវត្តវិធានការច្បាប់ និងសាលក្រមស្ថាពររបស់សាលាដំបូងខេត្ត។

 

យោងតាមលទ្ធផលការងាររបស់មន្រ្តីជំនាញខេត្តក្រចេះ បទល្មើសដែលត្រូវបានបង្ក្រាបរួមមាន ការទន្ទ្រានដីព្រៃចំនួន ១២១ករណី បទល្មើសសត្វព្រៃ ៥៥ករណី បទល្មើសព្រៃឈើ ៣៧ករណី បទល្មើសឡធ្យូងខុសច្បាប់ ៣៦ករណី និងការសាងសង់រោងខុសច្បាប់ ២៧ករណី។

 

ក្នុងចំណោមសំណុំរឿងដែលបានចាត់ការតាមនីតិវិធី មន្ត្រីជំនាញបានកសាង និងបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តក្រចេះចំនួន ៤៧សំណុំរឿង ក្នុងនោះ ៣៩សំណុំរឿងពាក់ព័ន្ធនឹងការទន្ទ្រានដីព្រៃយកជាកម្មសិទ្ធិ និង៨សំណុំរឿងពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ ជាមួយគ្នានេះ ជនសង្ស័យចំនួន៦នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តផងដែរ។

 

ការងារបង្ក្រាប និងការពារធនធានធម្មជាតិនេះ ត្រូវបានអនុវត្តនៅតាមតំបន់ការពារធម្មជាតិទាំង៦ ក្នុងភូមិសាស្ត្រខេត្តក្រចេះ ដែលមានផ្ទៃដីសរុប ២៨៣.១៨០ហិកតា រួមមាន ដែនជម្រកសត្វព្រៃព្រៃឡង់ កែវសីមា លំផាត់ សំបូរ ព្រែកប្រសព្វ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភ-សត្វតោ។

 

មន្រ្តីជំនាញខេត្តក្រចេះបានបញ្ជាក់ពីការបន្តសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងការគ្រប់គ្រងធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព សំដៅរក្សាបរិស្ថាន និងធានានិរន្តរភាពធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print