Ronaldo ត្រូវបានពិន័យជាប្រាក់និងមិនឲ្យប្រកួត ៣០ ថ្ងៃ ក្រោយចាកចេញពីជំរំហ្វឹកហាត់ជម្រើសជាតិ

ចែករំលែក៖

Cristiano Ronaldo ត្រូវបានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ផ្អាកពីសកម្មភាពរយៈពេល ៣០ ថ្ងៃ កាលពីថ្ងៃចន្ទ បន្ទាប់ពីរូបគេចាកចេញពីជំរំហ្វឹកហាត់ក្រុមជម្រើសជាតិ ដោយសារមានជម្លោះជាមួយគ្រូបង្វឹក Jorge Jesus ជុំវិញតួនាទីរបស់ខ្លួនក្នុងក្រុម។

ក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធបានប្រកាសថា ខ្លួនបានសម្រេចរក្សាការចោទប្រកាន់លើខ្សែប្រយុទ្ធវ័យ ៤១ ឆ្នាំរូបនេះទាំងស្រុង ព្រមទាំងពិន័យជាប្រាក់ចំនួន ២៥៥ អឺរ៉ូ (ប្រហែល ២៨៥.៨៣ ដុល្លារអាមេរិក)។

Ronaldo បានចាកចេញពីមូលដ្ឋានក្រុមជម្រើសជាតិព័រទុយហ្គាល់នៅទីក្រុង Copenhagen មុនការប្រកួត Nations League ទល់នឹងដាណឺម៉ាក កាលពីដើមខែនេះ។ ការសម្រេចចិត្តនេះបានកើតឡើង បន្ទាប់ពីគេបានចោទប្រកាន់លោក Jesus ថាបានសន្យាជាមួយគេពីរលើក ប៉ុន្តែមិនបានគោរពពាក្យសន្យា ពាក់ព័ន្ធនឹងតួនាទីរបស់គេក្នុងក្រុម ក្រោយពី Ronaldo ត្រូវអង្គុយបម្រុងដោយមិនបានចូលលេងក្នុងការប្រកួតជាមួយន័រវែស។

លោក Jesus បានបដិសេធថា លោកមិនបានព្រមព្រៀងអ្វីជាមួយ Ronaldo នោះទេ ប៉ុន្តែលោកបានបើកឱកាសឱ្យខ្សែប្រយុទ្ធរូបនេះត្រឡប់មកក្រុមវិញ បន្ទាប់ពីព័រទុយហ្គាល់យកឈ្នះន័រវែសក្នុងលទ្ធផល ២-១។

ផ្នែកទទួលបន្ទុកកីឡាមិនអាជីពនៃក្រុមប្រឹក្សាវិន័យ បានសន្និដ្ឋានថា Ronaldo បានប្រព្រឹត្តបទល្មើសដោយចេតនា តាមមាត្រា 160(1) នៃបទបញ្ជាវិន័យរបស់សហព័ន្ធ។ ដំណើរការវិន័យត្រូវបានចាប់ផ្តើមនៅថ្ងៃទី៩ ខែតុលា ពាក់ព័ន្ធនឹងហេតុការណ៍ដែលត្រូវបានរាយការណ៍កាលពីពីរថ្ងៃមុននោះ។

សេចក្ដីថ្លែងការណ៍របស់សហព័ន្ធមិនបានបញ្ជាក់ថា ការព្យួរនេះនឹងគ្របដណ្ដប់លើការប្រកួត ឬសកម្មភាពណាខ្លះនោះទេ។ ក៏មិនទាន់ច្បាស់ដែរថា រយៈពេលដែល Ronaldo បានទទួលទណ្ឌកម្មបណ្ដោះអាសន្នរួចមកហើយ នឹងត្រូវរាប់បញ្ចូលក្នុងការព្យួររយៈពេល ៣០ ថ្ងៃនេះឬអត់។

ក្រោយមក Ronaldo បានសុំទោសចំពោះការមិនបានថ្លែងអំណរគុណ ឬទទួលស្គាល់អ្នកគាំទ្រ បន្ទាប់ពីការប្រកួតជាមួយន័រវែស ព្រមទាំងការចាកចេញពីមិត្តរួមក្រុម។ គេក៏បានបញ្ជាក់ថា ខ្លួននៅតែត្រៀមខ្លួនរួចជាស្រេចសម្រាប់ការជ្រើសរើសចូលក្រុមជម្រើសជាតិ បន្ទាប់ពីទទួលទណ្ឌកម្មណាមួយដែលកើតចេញពីហេតុការណ៍នេះ។

...

ប្រធានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ លោក Pedro Proenca បាននិយាយថា មនុស្សគ្រប់រូបនៅក្នុងសហព័ន្ធចង់ឃើញ Ronaldo ត្រឡប់មកក្រុមជម្រើសជាតិវិញ នៅពេលដែលបញ្ហានេះត្រូវបានដោះស្រាយរួចរាល់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print