លោក Elon Musk ដែលជាបុរសមានបំផុតនៅលើពិភពលោក បានកត់ត្រាការខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃសុក្រ ដោយទ្រព្យសម្បត្តិរបស់លោកត្រូវបានបាត់បង់អស់ ២០ ពាន់ដុល្លារអាមេរិក បន្ទាប់ពីបានសម្ពោធរថយន្ត «រថយន្តហោះ» ដំបូងគេរបស់ក្រុមហ៊ុន Tesla។
ទ្រព្យសម្បត្តិរបស់លោក Musk បានធ្លាក់ចុះ ២,១១% ធៀបនឹងថ្ងៃមុន ដោយឈរនៅត្រឹម ៩២៥ ពាន់ដុល្លារអាមេរិក នៅពេលចេញផ្សាយអត្ថបទនេះ យោងតាមទិន្នន័យពេលវេលាជាក់ស្តែង (Real-time data) របស់ទស្សនាវដ្តី Forbes។
ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្លាក់ចុះ ១,៣% កាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) បន្ទាប់ពីបានធ្លាក់ចុះ ៤,៩% ក្នុងកំឡុងពេលប្រាំថ្ងៃកន្លងមក។ គិតមកទល់ពេលនេះក្នុងឆ្នាំនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ១៧%។ ក្រុមហ៊ុនមួយទៀតរបស់លោក Musk គឺ SpaceX ក៏បានឃើញភាគហ៊ុនធ្លាក់ចុះ ២,៣% ផងដែរ ដោយបានខាតបង់ជិត ៨% ចាប់តាំងពីដើមឆ្នាំមក។
ការធ្លាក់ចុះនៃភាគហ៊ុននេះបានកើតឡើងភ្លាមៗ មុនពេលលោក Musk បង្ហាញខ្លួនរថយន្ត Tesla Roadster ដែលលោកបានប្រសិទ្ធនាមថាជា «រថយន្តហោះ»។ រថយន្តស្ព័រដែលមានពីរកៅអី និងប្រតិបត្តិការដោយគ្មានអ្នកបើកបររូបនេះ ត្រូវបានគេឃើញស្ទុះឡើងតាមជម្រាលយ៉ាងចោត និងព្យួរជើងបញ្ច្រាសលើអាកាស មុនពេលបង្វិលខ្លួនលើអាកាស និងចុះចតដោយសារកម្លាំងបាញ់ខ្យល់ (Air jets)។
រថយន្តនេះ អាចបង្កើនល្បឿនពី ០ ដល់ ៦០ ម៉ាយ (៩៦ គីឡូម៉ែត្រ) ក្នុងមួយម៉ោង ក្នុងរយៈពេលកំណត់ត្រាតិចជាងមួយវិនាទី ហើយនឹងត្រូវផលិតក្នុងលក្ខណៈទ្រង់ទ្រាយធំ (Mass production) នៅក្នុងឆ្នាំ ២០២៨។
យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា រថយន្តនេះប្រើប្រាស់ក្បាលបាញ់ខ្យល់ចំនួន ១០ និងអ្វីដែលលោក Musk ពណ៌នាថាជា «ធុងស្ទុកខ្យល់សម្ពាធខ្ពស់ខ្លាំង» ដើម្បីរុញច្រានខ្លួនឯង ទាំងនៅលើអាកាស និងបង្កើនល្បឿនយ៉ាងឆាប់រហ័សនៅពេលនៅលើដី។
លោកបានពណ៌នាអំពីបច្ចេកវិទ្យានេះថាជា «ផលផ្លែដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនរថយន្តល្អបំផុតលើពិភពលោក និងក្រុមហ៊ុនរ៉ុក្កែតល្អបំផុតលើពិភពលោក»។
ការទម្លាយព័ត៌មាននេះ បានផ្តល់ឱ្យ Tesla នូវរថយន្តបង្ហាញគំរូដ៏លេចធ្លោមួយបន្ទាប់ពីខកខានកាលបរិច្ឆេទកំណត់នៃម៉ូដែល Roadster ជាច្រើនឆ្នាំ ប៉ុន្តែវាកើតឡើងនៅពេលដែលក្រុមហ៊ុនកំពុងបង្វែរការផ្តោតអារម្មណ៍របស់ខ្លួនទៅលើបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្ត និងប្រព័ន្ធរ៉ូបូត ហើយកើតឡើងប៉ុន្មានថ្ងៃមុនការចេញផ្សាយលទ្ធផលហិរញ្ញវត្ថុត្រីមាសទីបី ដែលអ្នកវិភាគនិយាយថាមានសារៈសំខាន់ជាងសម្រាប់វិនិយោគិន នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
លោក Gene Munster ដៃគូគ្រប់គ្រងនៅក្រុមហ៊ុន Deepwater Asset Management ដែលជាវិនិយោគិនមួយរូបក្នុងក្រុមហ៊ុន Tesla បានថ្លែងនៅលើបណ្តាញសង្គម X ថា៖ «វាគ្រាន់តែជាការបង្ហាញសមត្ថភាពវិស្វកម្មប៉ុណ្ណោះ ដោយគ្មានតម្លៃពាណិជ្ជកម្មអ្វីឡើយ ក្រៅពីការធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តបុរាណជួបការអៀនខ្មាស»។
លោក Seth Goldstein អ្នកវិភាគនៅក្រុមហ៊ុន Morningstar បានកត់សម្គាល់កាលពីខែមុនថា៖ «បច្ចុប្បន្ន Tesla មិនទាន់មាន Halo car (រថយន្តស្ដង់ដារកំពូល) ឬរថយន្តប្រណីតដែលមានសមត្ថភាពខ្ពស់ដែលរចនាឡើងដើម្បីបង្ហាញពីវិស្វកម្ម និងបច្ចេកវិទ្យាល្អបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តនោះទេ។ Roadster នឹងក្លាយជារថយន្ត Halo car ថ្មីរបស់ Tesla»។
ម៉ូដែល Roadster ដើម ដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០០៨ និងដាក់លក់រហូតដល់ឆ្នាំ ២០១២ គឺជាយានយន្តអគ្គិសនីដំបូងបង្អស់របស់ Tesla ហើយបានប្រើប្រាស់គ្រោងឆ្អឹងរថយន្ត (Chassis) របស់ Lotus Elise។ វាបានជួយផ្លាស់ប្តូរទស្សនៈរបស់ពិភពលោកអំពីអ្វីដែលរថយន្តអគ្គិសនី (EV) អាចធ្វើបាន។
ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនត្រូវបានគេស្គាល់យ៉ាងទូលំទូលាយតាមរយៈរថយន្តប្រភេទ SUV ម៉ូដែល Model Y និង Model X ព្រមទាំងរថយន្ត Sedan ម៉ូដែល Model S និង Model 3៕










