រលកនៃការតវ៉ានៅប្រទេសបារាំងបានធ្វើឱ្យការជជែកវែកញែកអំពីអន្តោប្រវេសន៍កាន់តែខ្លាំងឡើង ដោយអ្នកនយោបាយ និងក្រុមស្តាំនិយមមួយចំនួនបានស្តីបន្ទោសជនអន្តោប្រវេសន៍ចំពោះកុបកម្ម។
ខណៈពេលដែលប្រទេសបារាំងនៅតែរងផលប៉ះពាល់ពីការតវ៉ាដែលបានប្រែក្លាយទៅជាកុបកម្មធ្ងន់ធ្ងរកាលពីចុងសប្តាហ៍មុន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថាប្រទេសនេះកំពុង “ឆេះ” ហើយបានស្តីបន្ទោសអន្តោប្រវេសន៍ចំពោះ “ការធ្លាក់ចុះ” របស់ប្រទេស។
រដ្ឋាភិបាលបារាំង នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថានឹងដាក់ពង្រាយទាហានទៅជួយជាកម្លាំងដល់ប៉ូលិស ហើយដាក់ចេញប្រតិបត្តិការពង្រឹងសន្តិសុខទ្រង់ទ្រាយធំមួយដើម្បីទប់ទល់នឹងគម្រោងធ្វើបាតុកម្មនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
តាមនាយករដ្ឋមន្ត្រីបារាំង លោក Sebastien Lecornu ការដាក់ពង្រាយកងកម្លាំងសន្តិសុខនឹងត្រូវធ្វើឡើងក្នុងទ្រង់ទ្រាយធំ ខណៈអាទិភាពចម្បងនោះគឺស្ដារឡើងវិញនូវសណ្ដាប់ធ្នាប់បន្ទាប់ពីផ្ទុះកុបកម្មក្នុងទីក្រុង Paris Marseille និង Lyon រួមទាំងជាច្រើនទៀតកាលពីថ្ងៃទី១៧ ខែតុលាកន្លងទៅ។ ព្រមពេលជាមួយគ្នា រដ្ឋាភិបាលបារាំងក៏បានទទួលស្គាល់ផងដែរពីបរាជ័យក្នុងការឆ្លើយតបទៅនឹងអំពើហិង្សាដែលបានផ្ទុះឡើងក្នុងបាតុកម្មវ៉ាកាលពីចុងសប្ដាហ៍កន្លងទៅ។
រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Laurent Nunez បាននិយាយថាយោធាបារាំងនឹងត្រូវបានដាក់ពង្រាយឱ្យសហការជាមួយប៉ូលិស ខណៈរដ្ឋាភិបាលបារាំងបានសន្យាផ្លាស់ប្ដូរវិធីសាស្ត្រ បន្ទាប់ពីបរាជ័យក្នុងការឆ្លើយតបទៅនឹងអំពើហិង្សាដែលកើតឡើងអំឡុងបាតុកម្មតវ៉ា។ ភាពស្ងប់ស្ងាត់បានកើតមានពេញមួយយប់ថ្ងៃអង្គារ បន្ទាប់ពីការដាក់ចេញបម្រាមគោចរនៅតាមទីតាំងមួយចំនួនដែលរងផលប៉ះពាល់ពីភាពចលាចល។
ក្រៅពីបារាំង បាតុកម្មតវ៉ាក៏បានផ្ទុះឡើងក្នុងប្រទេសអឺរ៉ុបមួយចំនួនទៀតផងដែរ ដូចជានៅអ៉ីតាលី និងអាល់បាល់នីដែលនេះបាននិងកំពុងបង្កការព្រួយបារម្ភពីការផ្ទុះរាលដាលនៃការខឹងសម្បារជុំវិញការឡើងការចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃនៅក្នុងតំបន់អឺរ៉ុប ក្នុងបរិបទដែលប្រទេសអឺរ៉ុបជាច្រើនក្នុងនោះរួមមានទាំងបារាំងកំពុងជួបប្រទះនឹងបញ្ហាកញ្ចប់ថវិកា៕

រូបថត:AFP









